9. ក្នុងអំបូរយ៉ូអាប់មានលោកអូបាឌា ជាកូនរបស់លោកយេហ៊ីអែល ហើយមានមនុស្សប្រុស ២១៨នាក់នៅជាមួយលោក។
10. ក្នុងអំបូរបានីមានលោកសឡូមីត ជាកូនរបស់យ៉ូសិភា ហើយមានមនុស្សប្រុស ១៦០ នាក់នៅជាមួយលោក។
11. ក្នុងអំបូរបេបៃមានលោកសាការី ជាកូនរបស់លោកបេបៃ ហើយមានមនុស្សប្រុស២៨នាក់ នៅជាមួយលោក។
12. ក្នុងអំបូរអាសកាដមានលោកយ៉ូហាណាន ជាកូនរបស់លោកហាកាថាន ហើយមានមនុស្ស ១១០ នាក់នៅជាមួយលោក។
13. ក្នុងអំបូរអដូនីកាំមានលោកអេលីផាលេត លោកយីអែល និងលោកសេម៉ាយ៉ាដែលក្មេងជាងគេ ហើយមានមនុស្សប្រុស ៦០ នាក់នៅជាមួយ។
14. ក្នុងអំបូរប៊ីកវ៉ាយមានលោកអ៊ូថាយ និងលោកសាប៊ូឌ ហើយមានមនុស្សប្រុស ៧០ នាក់នៅជាមួយលោក»។
15. «ខ្ញុំបានប្រមូលបណ្ដាជនទាំងនោះ នៅជិតព្រែកដែលហូរឆ្ពោះទៅស្រុកអាហាវ៉ា ហើយយើងបោះជំរំនៅទីនោះអស់រយៈពេលបីថ្ងៃ។ ខ្ញុំសង្កេតឃើញថា មានតែប្រជាជន និងក្រុមបូជាចារ្យ គឺពុំឃើញមានក្រុមលេវីទេ។
16. ដូច្នេះ ខ្ញុំបានចាត់អស់លោកដែលជាមេដឹកនាំ គឺមានលោក អេលាស៊ើរ លោកអើរាល លោកសេម៉ាយ៉ា លោកអែលណាថាន លោកយ៉ារីប លោកអែលណាថាន លោកណាថាន លោកសាការី និងលោកមស៊ូឡាម ព្រមទាំងលោកយ៉ូយ៉ារីប និងលោកអែលណាថាន អ្នកបង្រៀនវិន័យ
17. ខ្ញុំបានបង្គាប់លោកទាំងនោះឲ្យទៅជួបលោកអ៊ីដោ ដែលជាមេដឹកនាំនៅតំបន់កាសិភា។ ខ្ញុំក៏បានប្រាប់ពួកគេអំពីរបៀបដែលត្រូវនិយាយជាមួយលោកអ៊ីដោ និងបងប្អូនលោក ជាក្រុមអ្នកបម្រើព្រះវិហារដែលរស់នៅតំបន់កាសិភា ដើម្បីឲ្យពួកគេនាំមនុស្សមកបម្រើការងារក្នុងព្រះដំណាក់នៃព្រះរបស់យើង។
18. ដោយព្រះដ៏សប្បុរសបានដាក់ព្រះហស្ដលើយើង ពួកគេនាំលោកសេរេប៊ីយ៉ាមកឲ្យពួកយើង។ គាត់ជាបុរសម្នាក់ដែលមានសុភនិច្ឆ័យ ជាពូជពង្សរបស់លោកម៉ាសលី ដែលត្រូវជាកូនរបស់លោកលេវី ជាកូនរបស់លោកអ៊ីស្រាអែល។ គាត់នាំកូនប្រុស និងបងប្អូនរបស់គាត់មកជាមួយដែរ ដែលមានចំនួន ១៨នាក់។
19. បន្ទាប់មក មានលោកហាសាបយ៉ា និងលោកយេសាយ៉ាពីអំបូរម៉្រារី ព្រមទាំងបងប្អូន និងកូនៗរបស់ពួកគេ ដែលមានចំនួន ២០ នាក់។
20. បន្ទាប់មកទៀត មានក្រុមបម្រើព្រះវិហារចំនួន ២២០នាក់ ដែលមានឈ្មោះក្នុងបញ្ជី។ ពួកគេជាកូនចៅរបស់អស់អ្នកដែលព្រះបាទដាវីឌ និងមេដឹកនាំ តែងតាំងឲ្យជួយធ្វើការក្រុមលេវី។
21. នៅក្បែរព្រែកអាហាវ៉ានោះ ខ្ញុំបានប្រកាសឲ្យធ្វើពិធីតមអាហារ ដើម្បីដាក់ខ្លួននៅចំពោះព្រះភ័ក្ត្ររបស់ព្រះនៃយើង សូមព្រះអង្គប្រោសប្រទានឲ្យយើង និងកូនចៅរបស់យើង ធ្វើដំណើរប្រកបដោយសុខសាន្ត ហើយឲ្យទ្រព្យសម្បត្តិរបស់យើងបានគង់វង្សផង។
22. ខ្ញុំនឹកខ្មាសមិនហ៊ានទូលសូមព្រះរាជាប្រទានកងទ័ពសេះ សម្រាប់ការពារពួកយើង នៅតាមផ្លូវ ក្រែងលោមានខ្មាំងមកយាយីនោះឡើយ ដ្បិតពួកយើងបានទូលព្រះរាជាថា ព្រះនៃយើងសម្តែងព្រះចេស្ដា និងព្រះហឫទ័យសប្បុរសការពារអស់អ្នកដែលស្វែងរកព្រះអង្គ តែទ្រង់ពិរោធដាក់ទោសអស់អ្នកដែលបោះបង់ចោលព្រះអង្គ។