24. បន្ទាប់មក ខ្ញុំញែកបូជាចារ្យដប់ពីររូបពីចំណោមមេដឹកនាំរបស់ក្រុមបូជាចារ្យ គឺមានលោកសេរេប៊ីយ៉ា និងលោកហាសាបយ៉ា ព្រមទាំងបងប្អូនរបស់ពួកលោកដប់រូបទៀត។
25. ខ្ញុំបានថ្លឹងប្រាក់ មាស និងវត្ថុផ្សេងៗ មួយចំណែកជូនអស់លោកទាំងនោះ គឺចំណែកញែកចេញពីតង្វាយដែលព្រះរាជា ទីប្រឹក្សា មន្ត្រីរបស់ស្ដេច និងជនជាតិអ៊ីស្រាអែល នៅក្នុងស្រុកបានថ្វាយសម្រាប់ព្រះដំណាក់របស់ព្រះនៃយើង។
26. ខ្ញុំបានប្រគល់ប្រាក់ជូនលោកទាំងនោះចំនួនម្ភៃតោន វត្ថុធ្វើអំពីប្រាក់ចំនួនបីតោន មាសបីតោន
27. ពែងមាសចំនួនម្ភៃ ដែលមានតម្លៃជាមាសមួយពាន់តម្លឹង ព្រមទាំងផើងពីរធ្វើពីលង្ហិនដ៏រលើប ដែលមានតម្លៃដូចមាសដែរ។
28. បន្ទាប់មក ខ្ញុំពោលទៅកាន់បូជាចារ្យទាំងនោះថា: “អស់លោកបានញែកខ្លួនជាសក្ការៈថ្វាយព្រះអម្ចាស់ រីឯវត្ថុទាំងនេះក៏សក្ការៈដែរ។ ប្រាក់ និងមាសនេះសុទ្ធសឹងជាតង្វាយស្ម័គ្រចិត្ត ដែលគេថ្វាយចំពោះព្រះអម្ចាស់ ជាព្រះរបស់បុព្វបុរសនៃអស់លោក។
29. សូមយកចិត្តទុកដាក់ថែរក្សាវត្ថុទាំងនេះ រហូតដល់ក្រុងយេរូសាឡឹម។ នៅទីនោះ អស់លោកត្រូវថ្លឹងវត្ថុទាំងនេះ នៅចំពោះមុខមេដឹកនាំក្រុមបូជាចារ្យ និងក្រុមលេវី ព្រមទាំងមេដឹកនាំក្រុមគ្រួសារនៃជនជាតិអ៊ីស្រាអែល នៅក្នុងបន្ទប់នៃព្រះដំណាក់របស់ព្រះអម្ចាស់”។
30. ក្រុមបូជាចារ្យ និងក្រុមលេវី ទទួលយកមាស ប្រាក់ និងវត្ថុទាំងអស់ដែលគេបានថ្លឹង ដើម្បីនាំទៅក្រុងយេរូសាឡឹម ដាក់ក្នុងព្រះដំណាក់នៃព្រះរបស់យើង»។
31. «នៅថ្ងៃទីដប់ពីរ ក្នុងខែទីមួយ ពួកយើងបានចាកចេញពីព្រែកអាហាវ៉ា ឆ្ពោះទៅក្រុងយេរូសាឡឹម។ នៅតាមផ្លូវ ព្រះនៃយើងបានដាក់ព្រះហស្ដការពារយើង មិនឲ្យមានខ្មាំងសត្រូវមកយាយី ឬត្រូវចោរប្លន់ឡើយ។
32. ពេលទៅដល់ក្រុងយេរូសាឡឹម យើងនាំគ្នាសម្រាកចំនួនបីថ្ងៃ។
33. នៅថ្ងៃទីបួន យើងបានថ្លឹងប្រាក់ មាស និងវត្ថុទាំងអស់ នៅក្នុងព្រះដំណាក់របស់ព្រះនៃយើង រួចប្រគល់ជូនលោកបូជាចារ្យម្រេម៉ូត ជាកូនលោកអ៊ូរីយ៉ា។ នៅជាមួយលោក មានលោកអេឡាសារ ជាកូនរបស់លោកភីនេហាស ព្រមទាំងមានលោកយ៉ូសាបាដ ជាកូនរបស់លោកយេសួរ និងលោកណូអាឌា ជាកូនរបស់លោកប៊ីនុយ ដែលជាក្រុមលេវី។
34. គេបានរាប់ចំនួន និងថ្លឹងវត្ថុទាំងនោះ ព្រមទាំងកត់ត្រាទម្ងន់សរុប ទុកជាលាយលក្ខណ៍អក្សរផង។