អែសរ៉ា 8:21-33 Khmer Standard Version (KHSV)

21. នៅ​ក្បែរ​ព្រែក​អាហា‌វ៉ា​នោះ ខ្ញុំ​បាន​ប្រកាស​ឲ្យ​ធ្វើ​ពិធី​តម​អាហារ ដើម្បី​ដាក់​ខ្លួន​នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​របស់​ព្រះ​នៃ​យើង សូម​ព្រះ‌អង្គ​ប្រោស​ប្រទាន​ឲ្យ​យើង និង​កូន​ចៅ​របស់​យើង ធ្វើ​ដំណើរ​ប្រកប​ដោយ​សុខ‌សាន្ត ហើយ​ឲ្យ​ទ្រព្យ‌សម្បត្តិ​របស់​យើង​បាន​គង់‌វង្ស​ផង។

22. ខ្ញុំ​នឹក​ខ្មាស​មិន​ហ៊ាន​ទូល​សូម​ព្រះ‌រាជា​ប្រទាន​កង‌ទ័ព​សេះ សម្រាប់​ការពារ​ពួក​យើង នៅ​តាម​ផ្លូវ ក្រែង​លោ​មាន​ខ្មាំង​មក​យាយី​នោះ​ឡើយ ដ្បិត​ពួក​យើង​បាន​ទូល​ព្រះ‌រាជា​ថា ព្រះ​នៃ​យើង​សម្តែង​ព្រះ‌ចេស្ដា និង​ព្រះ‌ហឫទ័យ​សប្បុរស​ការពារ​អស់​អ្នក​ដែល​ស្វែង​រក​ព្រះ‌អង្គ តែ​ទ្រង់​ពិរោធ​ដាក់​ទោស​អស់​អ្នក​ដែល​បោះ​បង់​ចោល​ព្រះ‌អង្គ។

23. ហេតុ​នេះ​ហើយ​បាន​ជា​ពួក​យើង​តម​អាហារ និង​អង្វរ​រក​ព្រះ​នៃ​យើង ហើយ​ព្រះ‌អង្គ​ទ្រង់​ព្រះ‌សណ្ដាប់​ពួក​យើង។

24. បន្ទាប់​មក ខ្ញុំ​ញែក​បូជា‌ចារ្យ​ដប់‌ពីរ​រូប​ពី​ចំណោម​មេ​ដឹក​នាំ​របស់​ក្រុម​បូជា‌ចារ្យ គឺ​មាន​លោក​សេរេ‌ប៊ីយ៉ា និង​លោក​ហាសាប‌យ៉ា ព្រម​ទាំង​បង‌ប្អូន​របស់​ពួក​លោក​ដប់​រូប​ទៀត។

25. ខ្ញុំ​បាន​ថ្លឹង​ប្រាក់ មាស និង​វត្ថុ​ផ្សេងៗ មួយ​ចំណែក​ជូន​អស់​លោក​ទាំង​នោះ គឺ​ចំណែក​ញែក​ចេញ​ពី​តង្វាយ​ដែល​ព្រះ‌រាជា ទី​ប្រឹក្សា មន្ត្រី​របស់​ស្ដេច និង​ជន‌ជាតិ​អ៊ីស្រា‌អែល នៅ​ក្នុង​ស្រុក​បាន​ថ្វាយ​សម្រាប់​ព្រះ‌ដំណាក់​របស់​ព្រះ​នៃ​យើង។

26. ខ្ញុំ​បាន​ប្រគល់​ប្រាក់​ជូន​លោក​ទាំង​នោះ​ចំនួន​ម្ភៃ​តោន វត្ថុ​ធ្វើ​អំពី​ប្រាក់​ចំនួន​បី​តោន មាស​បី​តោន

27. ពែង​មាស​ចំនួន​ម្ភៃ ដែល​មាន​តម្លៃ​ជា​មាស​មួយ​ពាន់​តម្លឹង ព្រម​ទាំង​ផើង​ពីរ​ធ្វើ​ពី​លង្ហិន​ដ៏​រលើប ដែល​មាន​តម្លៃ​ដូច​មាស​ដែរ។

28. បន្ទាប់​មក ខ្ញុំ​ពោល​ទៅ​កាន់​បូជា‌ចារ្យ​ទាំង​នោះ​ថា: “អស់​លោក​បាន​ញែក​ខ្លួន​ជា​សក្ការៈ​ថ្វាយ​ព្រះ‌អម្ចាស់ រីឯ​វត្ថុ​ទាំង​នេះ​ក៏​សក្ការៈ​ដែរ។ ប្រាក់ និង​មាស​នេះ​សុទ្ធ‌សឹង​ជា​តង្វាយ​ស្ម័គ្រ​ចិត្ត ដែល​គេ​ថ្វាយ​ចំពោះ​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​បុព្វបុរស​នៃ​អស់​លោក។

29. សូម​យក​ចិត្ត​ទុក​ដាក់​ថែ‌រក្សា​វត្ថុ​ទាំង​នេះ រហូត​ដល់​ក្រុង​យេរូ‌សាឡឹម។ នៅ​ទី​នោះ អស់​លោក​ត្រូវ​ថ្លឹង​វត្ថុ​ទាំង​នេះ នៅ​ចំពោះ​មុខ​មេ​ដឹក​នាំ​ក្រុម​បូជា‌ចារ្យ និង​ក្រុម​លេវី ព្រម​ទាំង​មេ​ដឹក​នាំ​ក្រុម​គ្រួសារ​នៃ​ជន‌ជាតិ​អ៊ីស្រា‌អែល នៅ​ក្នុង​បន្ទប់​នៃ​ព្រះ‌ដំណាក់​របស់​ព្រះ‌អម្ចាស់”។

30. ក្រុម​បូជា‌ចារ្យ និង​ក្រុម​លេវី ទទួល​យក​មាស ប្រាក់ និង​វត្ថុ​ទាំង​អស់​ដែល​គេ​បាន​ថ្លឹង ដើម្បី​នាំ​ទៅ​ក្រុង​យេរូ‌សាឡឹម ដាក់​ក្នុង​ព្រះ‌ដំណាក់​នៃ​ព្រះ​របស់​យើង»។

31. «នៅ​ថ្ងៃ​ទី​ដប់‌ពីរ ក្នុង​ខែ​ទី​មួយ ពួក​យើង​បាន​ចាក​ចេញ​ពី​ព្រែក​អាហា‌វ៉ា ឆ្ពោះ​ទៅ​ក្រុង​យេរូ‌សាឡឹម។ នៅ​តាម​ផ្លូវ ព្រះ​នៃ​យើង​បាន​ដាក់​ព្រះ‌ហស្ដ​ការពារ​យើង មិន​ឲ្យ​មាន​ខ្មាំង​សត្រូវ​មក​យាយី ឬ​ត្រូវ​ចោរ​ប្លន់​ឡើយ។

32. ពេល​ទៅ​ដល់​ក្រុង​យេរូ‌សាឡឹម យើង​នាំ​គ្នា​សម្រាក​ចំនួន​បី​ថ្ងៃ។

33. នៅ​ថ្ងៃ​ទី​បួន យើង​បាន​ថ្លឹង​ប្រាក់ មាស និង​វត្ថុ​ទាំង​អស់ នៅ​ក្នុង​ព្រះ‌ដំណាក់​របស់​ព្រះ​នៃ​យើង រួច​ប្រគល់​ជូន​លោក​បូជា‌ចារ្យ​ម្រេ‌ម៉ូត ជា​កូន​លោក​អ៊ូរី‌យ៉ា។ នៅ​ជា​មួយ​លោក មាន​លោក​អេ‌ឡា‌សារ ជា​កូន​របស់​លោក​ភីនេ‌ហាស ព្រម​ទាំង​មាន​លោក​យ៉ូសា‌បាដ ជា​កូន​របស់​លោក​យេសួរ និង​លោក​ណូអា‌ឌា ជា​កូន​របស់​លោក​ប៊ីនុយ ដែល​ជា​ក្រុម​លេវី។

អែសរ៉ា 8