16. ដូច្នេះ ខ្ញុំបានចាត់អស់លោកដែលជាមេដឹកនាំ គឺមានលោក អេលាស៊ើរ លោកអើរាល លោកសេម៉ាយ៉ា លោកអែលណាថាន លោកយ៉ារីប លោកអែលណាថាន លោកណាថាន លោកសាការី និងលោកមស៊ូឡាម ព្រមទាំងលោកយ៉ូយ៉ារីប និងលោកអែលណាថាន អ្នកបង្រៀនវិន័យ
17. ខ្ញុំបានបង្គាប់លោកទាំងនោះឲ្យទៅជួបលោកអ៊ីដោ ដែលជាមេដឹកនាំនៅតំបន់កាសិភា។ ខ្ញុំក៏បានប្រាប់ពួកគេអំពីរបៀបដែលត្រូវនិយាយជាមួយលោកអ៊ីដោ និងបងប្អូនលោក ជាក្រុមអ្នកបម្រើព្រះវិហារដែលរស់នៅតំបន់កាសិភា ដើម្បីឲ្យពួកគេនាំមនុស្សមកបម្រើការងារក្នុងព្រះដំណាក់នៃព្រះរបស់យើង។
18. ដោយព្រះដ៏សប្បុរសបានដាក់ព្រះហស្ដលើយើង ពួកគេនាំលោកសេរេប៊ីយ៉ាមកឲ្យពួកយើង។ គាត់ជាបុរសម្នាក់ដែលមានសុភនិច្ឆ័យ ជាពូជពង្សរបស់លោកម៉ាសលី ដែលត្រូវជាកូនរបស់លោកលេវី ជាកូនរបស់លោកអ៊ីស្រាអែល។ គាត់នាំកូនប្រុស និងបងប្អូនរបស់គាត់មកជាមួយដែរ ដែលមានចំនួន ១៨នាក់។
19. បន្ទាប់មក មានលោកហាសាបយ៉ា និងលោកយេសាយ៉ាពីអំបូរម៉្រារី ព្រមទាំងបងប្អូន និងកូនៗរបស់ពួកគេ ដែលមានចំនួន ២០ នាក់។
20. បន្ទាប់មកទៀត មានក្រុមបម្រើព្រះវិហារចំនួន ២២០នាក់ ដែលមានឈ្មោះក្នុងបញ្ជី។ ពួកគេជាកូនចៅរបស់អស់អ្នកដែលព្រះបាទដាវីឌ និងមេដឹកនាំ តែងតាំងឲ្យជួយធ្វើការក្រុមលេវី។
21. នៅក្បែរព្រែកអាហាវ៉ានោះ ខ្ញុំបានប្រកាសឲ្យធ្វើពិធីតមអាហារ ដើម្បីដាក់ខ្លួននៅចំពោះព្រះភ័ក្ត្ររបស់ព្រះនៃយើង សូមព្រះអង្គប្រោសប្រទានឲ្យយើង និងកូនចៅរបស់យើង ធ្វើដំណើរប្រកបដោយសុខសាន្ត ហើយឲ្យទ្រព្យសម្បត្តិរបស់យើងបានគង់វង្សផង។
22. ខ្ញុំនឹកខ្មាសមិនហ៊ានទូលសូមព្រះរាជាប្រទានកងទ័ពសេះ សម្រាប់ការពារពួកយើង នៅតាមផ្លូវ ក្រែងលោមានខ្មាំងមកយាយីនោះឡើយ ដ្បិតពួកយើងបានទូលព្រះរាជាថា ព្រះនៃយើងសម្តែងព្រះចេស្ដា និងព្រះហឫទ័យសប្បុរសការពារអស់អ្នកដែលស្វែងរកព្រះអង្គ តែទ្រង់ពិរោធដាក់ទោសអស់អ្នកដែលបោះបង់ចោលព្រះអង្គ។
23. ហេតុនេះហើយបានជាពួកយើងតមអាហារ និងអង្វររកព្រះនៃយើង ហើយព្រះអង្គទ្រង់ព្រះសណ្ដាប់ពួកយើង។
24. បន្ទាប់មក ខ្ញុំញែកបូជាចារ្យដប់ពីររូបពីចំណោមមេដឹកនាំរបស់ក្រុមបូជាចារ្យ គឺមានលោកសេរេប៊ីយ៉ា និងលោកហាសាបយ៉ា ព្រមទាំងបងប្អូនរបស់ពួកលោកដប់រូបទៀត។
25. ខ្ញុំបានថ្លឹងប្រាក់ មាស និងវត្ថុផ្សេងៗ មួយចំណែកជូនអស់លោកទាំងនោះ គឺចំណែកញែកចេញពីតង្វាយដែលព្រះរាជា ទីប្រឹក្សា មន្ត្រីរបស់ស្ដេច និងជនជាតិអ៊ីស្រាអែល នៅក្នុងស្រុកបានថ្វាយសម្រាប់ព្រះដំណាក់របស់ព្រះនៃយើង។
26. ខ្ញុំបានប្រគល់ប្រាក់ជូនលោកទាំងនោះចំនួនម្ភៃតោន វត្ថុធ្វើអំពីប្រាក់ចំនួនបីតោន មាសបីតោន
27. ពែងមាសចំនួនម្ភៃ ដែលមានតម្លៃជាមាសមួយពាន់តម្លឹង ព្រមទាំងផើងពីរធ្វើពីលង្ហិនដ៏រលើប ដែលមានតម្លៃដូចមាសដែរ។