22. ពួកគេនឹងប្រគល់ជូនលោករហូតដល់ប្រាក់បីតោន ស្រូវសាមសិបតោន ស្រាទំពាំងបាយជូរបួនពាន់លីត្រ ប្រេងអូលីវបួនពាន់លីត្រ ព្រមទាំងអំបិលតាមសេចក្ដីត្រូវការ។
23. អ្វីៗដែលព្រះជាម្ចាស់នៃស្ថានបរមសុខបង្គាប់ ស្ដីអំពីព្រះដំណាក់របស់ព្រះអង្គ ត្រូវតែធ្វើតាមយ៉ាងរួសរាន់ ដើម្បីកុំឲ្យព្រះជាម្ចាស់ទ្រង់ព្រះពិរោធទាស់នឹងនគរ ឬរាជវង្សរបស់យើង។
24. មួយវិញទៀត យើងសុំប្រាប់អស់លោកឲ្យដឹងថា អស់លោកគ្មានសិទ្ធិទារពន្ធដារ សួយសារអាករ និងពន្ធផ្លូវ ពីក្រុមបូជាចារ្យ ក្រុមលេវី ក្រុមអ្នកចម្រៀង ក្រុមឆ្មាំទ្វារ ក្រុមអ្នកបម្រើព្រះវិហារ ឬអ្នកបំពេញការងារផ្សេងទៀត ក្នុងព្រះដំណាក់របស់ព្រះជាម្ចាស់ឡើយ។
25. ចំពោះលោកអែសរ៉ាវិញ យោងតាមគម្ពីរដែលបង្ហាញអំពីព្រះប្រាជ្ញាញាណនៃព្រះរបស់លោក គឺគម្ពីរដែលលោកកាន់នោះ ចូរតែងតាំងចៅក្រម និងអ្នកគ្រប់គ្រង ដើម្បីកាត់ក្ដីឲ្យប្រជាជន ដែលរស់នៅតំបន់ប៉ែកខាងលិចទន្លេអឺប្រាត គឺអស់អ្នកដែលស្គាល់ក្រឹត្យវិន័យនៃព្រះរបស់លោកហើយ។ លោកក៏ត្រូវតែបង្ហាត់បង្រៀនអស់អ្នកដែលមិនស្គាល់ក្រឹត្យវិន័យដែរ។
26. អ្នកណាមិនគោរពតាមក្រឹត្យវិន័យនៃព្រះរបស់លោក ហើយមិនគោរពតាមច្បាប់របស់ស្ដេចឲ្យបានម៉ត់ចត់ទេ អ្នកនោះនឹងត្រូវទទួលទោស សមតាមការដែលខ្លួនប្រព្រឹត្ត គឺទទួលទោសដល់ស្លាប់ ឬត្រូវនិរទេស ឬត្រូវរឹបអូសយកទ្រព្យសម្បត្តិ ឬត្រូវជាប់ពន្ធនាគារ»។
27. លោកអែសរ៉ាបន្លឺសំឡេងថា៖ «សូមលើកតម្កើងព្រះអម្ចាស់ ជាព្រះនៃបុព្វបុរសរបស់យើង ដែលព្រះអង្គជំរុញព្រះហឫទ័យព្រះរាជា ឲ្យមានបំណងលើកកិត្តិយសព្រះដំណាក់នៃព្រះអម្ចាស់ នៅក្រុងយេរូសាឡឹម។
28. ព្រះអម្ចាស់សម្តែងព្រះហឫទ័យមេត្តាករុណាដល់ខ្ញុំ នៅចំពោះព្រះភ័ក្ត្រព្រះមហាក្សត្រ ចំពោះអស់លោកដែលជាទីប្រឹក្សា ព្រមទាំងនាម៉ឺនសព្វមុខមន្ត្រីរបស់ព្រះរាជាទៀតផង។ ព្រះអម្ចាស់ ជាព្រះរបស់ខ្ញុំ បានដាក់ព្រះហស្ដលើខ្ញុំ ធ្វើឲ្យខ្ញុំមានកម្លាំង ហើយប្រមូលអស់លោក ដែលជាមេដឹកនាំរបស់អ៊ីស្រាអែលឲ្យចេញដំណើរទៅជាមួយខ្ញុំ»។