17. លោកត្រូវលៃលកយកប្រាក់ទាំងនោះ ទិញគោបា ចៀមឈ្មោល និងកូនចៀម ព្រមទាំងតង្វាយម្សៅ និងស្រាទំពាំងបាយជូរដែលត្រូវច្រួចជាមួយ។ លោកត្រូវថ្វាយតង្វាយទាំងនោះ នៅលើអាសនៈរបស់ព្រះដំណាក់នៃព្រះរបស់ពួកលោក នៅក្រុងយេរូសាឡឹម។
18. ប្រសិនបើមានមាសប្រាក់នៅសល់ លោក និងបងប្អូនរបស់លោក អាចយកទៅប្រើការតាមតែលោកយល់ឃើញថាល្អត្រឹមត្រូវ ស្របតាមព្រះហឫទ័យនៃព្រះរបស់អស់លោក។
19. ចំពោះគ្រឿងបរិក្ខារសម្រាប់ប្រើប្រាស់ក្នុងព្រះដំណាក់នៃព្រះរបស់លោក ដែលគេបានប្រគល់ដល់លោកនោះ ចូរយកទៅដាក់ក្នុងព្រះវិហាររបស់ព្រះជាម្ចាស់ នៅក្រុងយេរូសាឡឹម។
20. ប្រសិនបើលោកត្រូវការចំណាយអ្វីផ្សេងទៀត សម្រាប់ព្រះវិហារនៃព្រះរបស់លោក ចូរបើកពីឃ្លាំងរាជទ្រព្យទៅចំណាយចុះ។
21. យើង ព្រះចៅអើថាស៊ើកសេស ចេញបញ្ជាដល់អ្នកកាន់ឃ្លាំងរាជទ្រព្យទាំងអស់ នៅតំបន់ប៉ែកខាងលិចទន្លេអឺប្រាតថា បើលោកបូជាចារ្យអែសរ៉ា ជាបណ្ឌិតខាងក្រឹត្យវិន័យរបស់ព្រះនៃស្ថានបរមសុខ សុំអ្វី ត្រូវប្រគល់ជូនលោកកុំបីអាក់ខានឡើយ។
22. ពួកគេនឹងប្រគល់ជូនលោករហូតដល់ប្រាក់បីតោន ស្រូវសាមសិបតោន ស្រាទំពាំងបាយជូរបួនពាន់លីត្រ ប្រេងអូលីវបួនពាន់លីត្រ ព្រមទាំងអំបិលតាមសេចក្ដីត្រូវការ។
23. អ្វីៗដែលព្រះជាម្ចាស់នៃស្ថានបរមសុខបង្គាប់ ស្ដីអំពីព្រះដំណាក់របស់ព្រះអង្គ ត្រូវតែធ្វើតាមយ៉ាងរួសរាន់ ដើម្បីកុំឲ្យព្រះជាម្ចាស់ទ្រង់ព្រះពិរោធទាស់នឹងនគរ ឬរាជវង្សរបស់យើង។
24. មួយវិញទៀត យើងសុំប្រាប់អស់លោកឲ្យដឹងថា អស់លោកគ្មានសិទ្ធិទារពន្ធដារ សួយសារអាករ និងពន្ធផ្លូវ ពីក្រុមបូជាចារ្យ ក្រុមលេវី ក្រុមអ្នកចម្រៀង ក្រុមឆ្មាំទ្វារ ក្រុមអ្នកបម្រើព្រះវិហារ ឬអ្នកបំពេញការងារផ្សេងទៀត ក្នុងព្រះដំណាក់របស់ព្រះជាម្ចាស់ឡើយ។