15. យើងក៏ចាត់លោកឲ្យនាំយកមាសប្រាក់ ដែលយើង និងទីប្រឹក្សាទាំងប្រាំពីររូប សម្រេចថ្វាយចំពោះព្រះនៃជនជាតិអ៊ីស្រាអែល ដែលគង់នៅក្រុងយេរូសាឡឹម។
16. លោកក៏ត្រូវនាំយកប្រាក់ និងមាសទាំងប៉ុន្មាន ដែលលោករៃបានក្នុងអាណាខេត្តបាប៊ីឡូនទាំងមូល ព្រមទាំងតង្វាយដែលប្រជាជន និងបូជាចារ្យស្ម័គ្រចិត្តថ្វាយ សម្រាប់ព្រះដំណាក់នៃព្រះរបស់ពួកគេ នៅក្រុងយេរូសាឡឹមដែរ។
17. លោកត្រូវលៃលកយកប្រាក់ទាំងនោះ ទិញគោបា ចៀមឈ្មោល និងកូនចៀម ព្រមទាំងតង្វាយម្សៅ និងស្រាទំពាំងបាយជូរដែលត្រូវច្រួចជាមួយ។ លោកត្រូវថ្វាយតង្វាយទាំងនោះ នៅលើអាសនៈរបស់ព្រះដំណាក់នៃព្រះរបស់ពួកលោក នៅក្រុងយេរូសាឡឹម។
18. ប្រសិនបើមានមាសប្រាក់នៅសល់ លោក និងបងប្អូនរបស់លោក អាចយកទៅប្រើការតាមតែលោកយល់ឃើញថាល្អត្រឹមត្រូវ ស្របតាមព្រះហឫទ័យនៃព្រះរបស់អស់លោក។
19. ចំពោះគ្រឿងបរិក្ខារសម្រាប់ប្រើប្រាស់ក្នុងព្រះដំណាក់នៃព្រះរបស់លោក ដែលគេបានប្រគល់ដល់លោកនោះ ចូរយកទៅដាក់ក្នុងព្រះវិហាររបស់ព្រះជាម្ចាស់ នៅក្រុងយេរូសាឡឹម។
20. ប្រសិនបើលោកត្រូវការចំណាយអ្វីផ្សេងទៀត សម្រាប់ព្រះវិហារនៃព្រះរបស់លោក ចូរបើកពីឃ្លាំងរាជទ្រព្យទៅចំណាយចុះ។
21. យើង ព្រះចៅអើថាស៊ើកសេស ចេញបញ្ជាដល់អ្នកកាន់ឃ្លាំងរាជទ្រព្យទាំងអស់ នៅតំបន់ប៉ែកខាងលិចទន្លេអឺប្រាតថា បើលោកបូជាចារ្យអែសរ៉ា ជាបណ្ឌិតខាងក្រឹត្យវិន័យរបស់ព្រះនៃស្ថានបរមសុខ សុំអ្វី ត្រូវប្រគល់ជូនលោកកុំបីអាក់ខានឡើយ។
22. ពួកគេនឹងប្រគល់ជូនលោករហូតដល់ប្រាក់បីតោន ស្រូវសាមសិបតោន ស្រាទំពាំងបាយជូរបួនពាន់លីត្រ ប្រេងអូលីវបួនពាន់លីត្រ ព្រមទាំងអំបិលតាមសេចក្ដីត្រូវការ។
23. អ្វីៗដែលព្រះជាម្ចាស់នៃស្ថានបរមសុខបង្គាប់ ស្ដីអំពីព្រះដំណាក់របស់ព្រះអង្គ ត្រូវតែធ្វើតាមយ៉ាងរួសរាន់ ដើម្បីកុំឲ្យព្រះជាម្ចាស់ទ្រង់ព្រះពិរោធទាស់នឹងនគរ ឬរាជវង្សរបស់យើង។
24. មួយវិញទៀត យើងសុំប្រាប់អស់លោកឲ្យដឹងថា អស់លោកគ្មានសិទ្ធិទារពន្ធដារ សួយសារអាករ និងពន្ធផ្លូវ ពីក្រុមបូជាចារ្យ ក្រុមលេវី ក្រុមអ្នកចម្រៀង ក្រុមឆ្មាំទ្វារ ក្រុមអ្នកបម្រើព្រះវិហារ ឬអ្នកបំពេញការងារផ្សេងទៀត ក្នុងព្រះដំណាក់របស់ព្រះជាម្ចាស់ឡើយ។
25. ចំពោះលោកអែសរ៉ាវិញ យោងតាមគម្ពីរដែលបង្ហាញអំពីព្រះប្រាជ្ញាញាណនៃព្រះរបស់លោក គឺគម្ពីរដែលលោកកាន់នោះ ចូរតែងតាំងចៅក្រម និងអ្នកគ្រប់គ្រង ដើម្បីកាត់ក្ដីឲ្យប្រជាជន ដែលរស់នៅតំបន់ប៉ែកខាងលិចទន្លេអឺប្រាត គឺអស់អ្នកដែលស្គាល់ក្រឹត្យវិន័យនៃព្រះរបស់លោកហើយ។ លោកក៏ត្រូវតែបង្ហាត់បង្រៀនអស់អ្នកដែលមិនស្គាល់ក្រឹត្យវិន័យដែរ។
26. អ្នកណាមិនគោរពតាមក្រឹត្យវិន័យនៃព្រះរបស់លោក ហើយមិនគោរពតាមច្បាប់របស់ស្ដេចឲ្យបានម៉ត់ចត់ទេ អ្នកនោះនឹងត្រូវទទួលទោស សមតាមការដែលខ្លួនប្រព្រឹត្ត គឺទទួលទោសដល់ស្លាប់ ឬត្រូវនិរទេស ឬត្រូវរឹបអូសយកទ្រព្យសម្បត្តិ ឬត្រូវជាប់ពន្ធនាគារ»។
27. លោកអែសរ៉ាបន្លឺសំឡេងថា៖ «សូមលើកតម្កើងព្រះអម្ចាស់ ជាព្រះនៃបុព្វបុរសរបស់យើង ដែលព្រះអង្គជំរុញព្រះហឫទ័យព្រះរាជា ឲ្យមានបំណងលើកកិត្តិយសព្រះដំណាក់នៃព្រះអម្ចាស់ នៅក្រុងយេរូសាឡឹម។
28. ព្រះអម្ចាស់សម្តែងព្រះហឫទ័យមេត្តាករុណាដល់ខ្ញុំ នៅចំពោះព្រះភ័ក្ត្រព្រះមហាក្សត្រ ចំពោះអស់លោកដែលជាទីប្រឹក្សា ព្រមទាំងនាម៉ឺនសព្វមុខមន្ត្រីរបស់ព្រះរាជាទៀតផង។ ព្រះអម្ចាស់ ជាព្រះរបស់ខ្ញុំ បានដាក់ព្រះហស្ដលើខ្ញុំ ធ្វើឲ្យខ្ញុំមានកម្លាំង ហើយប្រមូលអស់លោក ដែលជាមេដឹកនាំរបស់អ៊ីស្រាអែលឲ្យចេញដំណើរទៅជាមួយខ្ញុំ»។