1. ក្រោយមក ក្នុងរជ្ជកាលព្រះចៅអើថាស៊ើកសេសជាស្ដេចស្រុកពែរ្ស មានបូជាចារ្យមួយរូប ឈ្មោះអែសរ៉ា ជាកូនរបស់លោកសេរ៉ាយ៉ា ដែលត្រូវជាកូនរបស់លោកអសារា ជាកូនរបស់លោកហ៊ីលគីយ៉ា
2. ជាកូនរបស់លោកសាលូម ជាកូនរបស់លោកសាដុក ជាកូនរបស់លោកអហ៊ីទូប
3. ជាកូនរបស់លោកអម៉ារា ជាកូនរបស់លោកអសារា ជាកូនរបស់លោកមេរ៉ាយ៉ូត
4. ជាកូនរបស់លោកសេរ៉ាហ៊ា ជាកូនរបស់លោកអ៊ូស៊ី ជាកូនរបស់លោកប៊ូកគី
5. ជាកូនរបស់លោកអប៊ីសួរ ជាកូនរបស់លោកភីនេហាស ជាកូនរបស់អេឡាសារ ជាកូនរបស់មហាបូជាចារ្យអើរ៉ុន។
6. លោកអែសរ៉ាមកពីស្រុកបាប៊ីឡូន លោកជាបណ្ឌិតខាងវិន័យ ហើយស្គាល់ក្រឹត្យវិន័យរបស់លោកម៉ូសេយ៉ាងជ្រៅជ្រះ គឺក្រឹត្យវិន័យដែលព្រះអម្ចាស់ ជាព្រះនៃជនជាតិអ៊ីស្រាអែល ប្រទានឲ្យ។ ព្រះអម្ចាស់ ជាព្រះរបស់លោក បានដាក់ព្រះហស្ដលើលោកហេតុនេះហើយ ទើបព្រះរាជាប្រទានអ្វីៗទាំងអស់ តាមសំណូមពររបស់លោក។
7. នៅឆ្នាំទីប្រាំពីរនៃរជ្ជកាលព្រះចៅអើថាស៊ើកសេស ប្រជាជនអ៊ីស្រាអែលមួយចំនួនព្រមទាំងក្រុមបូជាចារ្យ ក្រុមលេវី ក្រុមចម្រៀង ក្រុមឆ្មាំទ្វារ និងក្រុមអ្នកបម្រើព្រះវិហារ នាំគ្នាវិលមកក្រុងយេរូសាឡឹមវិញ។
8. នៅគ្រានោះ លោកអែសរ៉ាបានមកដល់ក្រុងយេរូសាឡឹម នៅខែទីប្រាំ ក្នុងឆ្នាំទីប្រាំពីរនៃរជ្ជកាលព្រះចៅអើថាស៊ើកសេស។
9. លោកកំណត់ពេលចេញដំណើរពីក្រុងបាប៊ីឡូន នៅថ្ងៃទីមួយ ក្នុងខែទីមួយ ហើយមកដល់ក្រុងយេរូសាឡឹម នៅថ្ងៃទីមួយ ក្នុងខែទីប្រាំ ដ្បិតព្រះដ៏សប្បុរសរបស់លោកបានដាក់ព្រះហស្ដលើលោក។