12. សូមឲ្យព្រះជាម្ចាស់ដែលតាំងព្រះនាមរបស់ព្រះអង្គនៅទីនោះ ទម្លាក់ស្ដេច ឬប្រជាជនណាដែលបំពានលើសេចក្ដីសម្រេចរបស់យើង ដោយមានបំណងបំផ្លាញព្រះដំណាក់របស់ព្រះអង្គ នៅក្រុងយេរូសាឡឹម។យើងដារីយូសចេញបញ្ជានេះ ដូច្នេះ ត្រូវតែអនុវត្តតាមជាកំហិត»។
13. លោកថាថ្នាយ ជាទេសាភិបាលនៅតំបន់ប៉ែកខាងលិចទន្លេអឺប្រាត និងលោកសេថា-បូសណាយ ព្រមទាំងពួកសហការី នាំគ្នាអនុវត្តតាមរាជបញ្ជារបស់ព្រះចៅដារីយូសយ៉ាងម៉ត់ចត់បំផុត។
14. ពួកព្រឹទ្ធាចារ្យនៃជនជាតិយូដាបន្តការសាងសង់ព្រះវិហារដោយជោគជ័យ ស្របតាមសេចក្ដីដែលព្យាការីហាកាយ និងព្យាការីសាការី ជាកូនរបស់លោកអ៊ីដោ បានថ្លែង។ ពួកគេបង្ហើយការសាងសង់ព្រះវិហារ ស្របតាមបញ្ជារបស់ព្រះនៃអ៊ីស្រាអែល និងស្របតាមរាជក្រឹត្យរបស់ព្រះចៅស៊ីរូស ព្រះចៅដារីយូស និងព្រះចៅអើថាស៊ើកសេស ជាស្ដេចស្រុកពែរ្ស។
15. គេបានសង់ព្រះដំណាក់ចប់សព្វគ្រប់ នៅថ្ងៃទីបី ខែផល្គុន ក្នុងឆ្នាំទីប្រាំមួយនៃរជ្ជកាលព្រះបាទដារីយូស។
16. ជនជាតិអ៊ីស្រាអែល ក្រុមបូជាចារ្យ ក្រុមលេវី និងប្រជាជននៅសេសសល់ ដែលត្រូវគេកៀរទៅជាឈ្លើយ ហើយវិលត្រឡប់មកវិញនោះ នាំគ្នាប្រារព្ធពិធីបុណ្យឆ្លងព្រះដំណាក់របស់ព្រះជាម្ចាស់ ដោយអំណរ។
17. ក្នុងឱកាសពិធីបុណ្យឆ្លងព្រះដំណាក់របស់ព្រះជាម្ចាស់នេះ ពួកគេយកគោបាមួយរយក្បាល ចៀមឈ្មោលពីររយក្បាល និងកូនចៀមចំនួនបួនរយក្បាល មកថ្វាយជាយញ្ញបូជារំដោះបាប សម្រាប់ប្រជាជនអ៊ីស្រាអែលទាំងមូល។ គេក៏បានថ្វាយពពែឈ្មោលដប់ពីរក្បាល តាមចំនួនកុលសម្ព័ន្ធរបស់ជនជាតិអ៊ីស្រាអែលដែរ។
18. គេបានតែងតាំងក្រុមបូជាចារ្យតាមឋានៈរបស់ពួកគេ ព្រមទាំងតែងតាំងពួកលេវីជាក្រុមៗ តាមមុខងារ ដែលពួកគេបំពេញថ្វាយព្រះជាម្ចាស់នៅក្រុងយេរូសាឡឹម ដូចមានចែងទុកក្នុងគម្ពីររបស់លោកម៉ូសេ។
19. អស់អ្នកដែលគេកៀរទៅជាឈ្លើយ ហើយវិលត្រឡប់មកវិញនោះ នាំគ្នាប្រារព្ធពិធីបុណ្យចម្លង នៅថ្ងៃទីដប់បួន ក្នុងខែទីមួយ។
20. ក្រុមបូជាចារ្យ និងក្រុមលេវី នាំគ្នាធ្វើពិធីជម្រះកាយឲ្យបានបរិសុទ្ធ ហើយពួកគេក៏បានបរិសុទ្ធទាំងអស់គ្នា។ ពួកគេអារ-កកូនចៀមនៃពិធីបុណ្យចម្លង សម្រាប់ប្រជាជនទាំងអស់ដែលជាប់ជាឈ្លើយ ហើយវិលត្រឡប់មកវិញ សម្រាប់ក្រុមបូជាចារ្យ ជាបងប្អូន និងសម្រាប់ខ្លួនឯងផ្ទាល់។
21. ជនជាតិអ៊ីស្រាអែលដែលជាប់ជាឈ្លើយ ហើយវិលត្រឡប់មកវិញ នាំគ្នាបរិភោគអាហារនៃបុណ្យចម្លងរួមជាមួយអស់អ្នក ដែលផ្ដាច់ខ្លួនចេញពីភាពសៅហ្មង*របស់សាសន៍ដទៃដែលរស់នៅក្នុងស្រុក ហើយវិលមករកព្រះអម្ចាស់ ជាព្រះរបស់អ៊ីស្រាអែលវិញ។