9. យើងខ្ញុំបានសួរពួកព្រឹទ្ធាចារ្យថា “តើនរណាអនុញ្ញាតឲ្យអ្នករាល់គ្នាសង់ដំណាក់នេះ ព្រមទាំងជួសជុលជញ្ជាំងឡើងវិញ?”។
10. យើងខ្ញុំក៏បានសួរឈ្មោះពួកគេដែរ ដើម្បីស្រង់ឈ្មោះអស់អ្នកដែលដឹកនាំកិច្ចការនោះ យកមកថ្វាយព្រះករុណា។
11. ពួកគេឆ្លើយមកយើងខ្ញុំថា “ពួកយើងជាអ្នកបម្រើរបស់ព្រះនៃស្ថានបរមសុខ* និងផែនដី ពួកយើងសង់ព្រះដំណាក់នេះឡើងវិញ គឺព្រះដំណាក់ដែលស្ដេចមួយអង្គដ៏ប្រសើរឧត្ដមនៃជនជាតិអ៊ីស្រាអែល បានសង់ តាំងពីយូរលង់ណាស់មកហើយ។
12. ប៉ុន្តែ ដូនតារបស់ពួកយើងបានធ្វើឲ្យព្រះនៃស្ថានបរមសុខ ទ្រង់ព្រះពិរោធ ហើយព្រះអង្គក៏ប្រគល់ពួកគេទៅក្នុងកណ្ដាប់ដៃរបស់ព្រះចៅនេប៊ូក្នេសា ជាជនជាតិខាល់ដេ និងជាស្ដេចស្រុកបាប៊ីឡូន។ ព្រះចៅនេប៊ូក្នេសាបានបំផ្លាញព្រះដំណាក់នេះ ហើយកៀរប្រជាជនទៅស្រុកបាប៊ីឡូន។
13. ប៉ុន្តែ នៅឆ្នាំទីមួយនៃរជ្ជកាលព្រះចៅស៊ីរូស ជាស្ដេចស្រុកបាប៊ីឡូន ស្ដេចបានបញ្ជាឲ្យសង់ព្រះដំណាក់របស់ព្រះជាម្ចាស់ឡើងវិញ។