6. នៅដើមរជ្ជកាលព្រះចៅអហាស៊ូរុស អ្នកស្រុកនោះបានផ្ញើសារមួយថ្វាយស្ដេច ដើម្បីចោទប្រកាន់អ្នកស្រុកយូដា និងអ្នកក្រុងយេរូសាឡឹម។
7. នៅរជ្ជកាលព្រះចៅអើថាស៊ើកសេស ជាស្ដេចស្រុកពែរ្ស លោកប៊ីសឡាំ លោកមីត្រាដាត លោកតាបេល និងបក្សពួករបស់គេ ក៏បានសរសេរសារថ្វាយព្រះចៅអើថាស៊ើកសេសជាស្ដេចស្រុកពែរ្សដែរ។ សារនោះសរសេរជាអក្សរអារ៉ាម និងភាសាអារ៉ាម។
8. លោកទេសាភិបាលរេហ៊ូម និងលោកស៊ីមសៃ ជាលេខា ក៏បានសរសេរសារថ្វាយព្រះចៅអើថាស៊ើកសេសស្ដីអំពីក្រុងយេរូសាឡឹម។ សារនោះមានសេចក្ដីដូចតទៅ៖
9. «ទូលបង្គំយើងខ្ញុំ រេហ៊ូម ជាទេសាភិបាល និងស៊ីមសៃ ជាលេខា ព្រមទាំងសហការីគ្រប់រូបនៃតំបន់ឌីណា អផារសាថាក់ ថើផែល អផារ៉ាស អើកាវេ បាប៊ីឡូន ស៊ូសាន ដេហាវេ អេឡាំ
10. និងប្រជាជនឯទៀតៗដែលព្រះបាទអស្នាផារ ជាស្ដេចដ៏ប្រសើរឧត្ដម បានកៀរឲ្យមករស់នៅក្នុងក្រុងសាម៉ារី និងតំបន់ដែលនៅប៉ែកខាងលិចទន្លេអឺប្រាត។ ល។»
11. សេចក្ដីនៅក្នុងសារ ដែលពួកគេផ្ញើថ្វាយព្រះចៅអើថាស៊ើកសេស មានដូចតទៅ៖ «ទូលបង្គំយើងខ្ញុំជាប្រជាជនរស់នៅប៉ែកខាងលិចទន្លេអឺប្រាត។ ល។
12. សូមព្រះករុណាជ្រាបថា ជនជាតិយូដាដែលត្រឡប់ពីនគររបស់ព្រះករុណា មកដល់ក្រុងយេរូសាឡឹម ក្នុងចំណោមយើងខ្ញុំ កំពុងតែនាំគ្នាសង់ក្រុងអាក្រក់ និងបះបោរនេះឡើងវិញ។ ពួកគេជួសជុលកំពែងក្រុង ព្រមទាំងកំពុងចាក់គ្រឹះទៀតផង។
13. សូមព្រះករុណាជ្រាបថា ប្រសិនបើពួកគេសង់ក្រុងនេះឡើងវិញ ហើយជួសជុលកំពែងក្រុង ពួកគេមុខជាឈប់បង់ពន្ធដារ សួយសារអាករ និងពន្ធផ្លូវ ធ្វើឲ្យព្រះករុណាខាតបង់រាជទ្រព្យមិនខាន។
14. ដោយយើងខ្ញុំជ្រកក្រោមម្លប់បារមីរបស់ព្រះករុណា យើងខ្ញុំមិនអាចព្រងើយកន្តើយ ទុកឲ្យគេបង្អាប់កិត្តិយសរបស់ព្រះករុណាឡើយ ដូច្នេះ ទើបយើងខ្ញុំផ្ញើដំណឹងទាំងនេះមកថ្វាយព្រះករុណា។
15. សូមព្រះករុណាឲ្យគេស្រាវជ្រាវក្នុងឯកសារ ដែលអយ្យកោរបស់ព្រះករុណាចងក្រងទុក នោះព្រះរាជានឹងឃើញច្បាស់ថា ក្រុងនេះតែងតែបះបោរជានិច្ច ព្រមទាំងបង្កឲ្យមានវិបត្តិដល់ព្រះមហាក្សត្រ និងទេសាភិបាលនានា។ តាំងពីដើមរៀងមក ប្រជាជននៅក្រុងនេះតែងតែបង្កឲ្យមានចលនាបះបោរជានិច្ច។ ហេតុនេះហើយបានជាក្រុងនេះត្រូវគេបំផ្លាញខ្ទេចខ្ទីអស់។