1. លុះដល់ខែទីប្រាំពីរ ជនជាតិអ៊ីស្រាអែល ដែលរស់នៅតាមក្រុងរបស់ខ្លួន បានមកជួបជុំគ្នានៅក្រុងយេរូសាឡឹម ដោយមានចិត្តគំនិតតែមួយ។
2. លោកយេសួរ ជាកូនរបស់យ៉ូសាដាក និងបូជាចារ្យឯទៀតៗ ដែលជាបងប្អូនលោកមកជាមួយផង ព្រមទាំងលោកសូរ៉ូបាបិល ជាកូនរបស់លោកសាលធាល និងបងប្អូនរបស់លោក នាំគ្នាសង់អាសនៈរបស់ព្រះនៃអ៊ីស្រាអែល ដើម្បីថ្វាយតង្វាយដុតទាំងមូល ដូចមានចែងទុកក្នុងក្រឹត្យវិន័យរបស់លោកម៉ូសេ ជាអ្នកជំនិតរបស់ព្រះជាម្ចាស់។
3. ពួកគេនាំគ្នាសង់អាសនៈនេះនៅលើគ្រឹះចាស់ ព្រោះពួកគេភ័យខ្លាចចំពោះប្រជាជនដែលរស់នៅក្នុងស្រុក ហើយថ្វាយតង្វាយដុតទាំងមូលចំពោះព្រះអម្ចាស់ នៅលើអាសនៈនោះ ទាំងព្រឹក ទាំងល្ងាច។