57. កូនចៅរបស់លោកសេផាធា កូនចៅរបស់លោកហាធីល កូនចៅរបស់លោកផូកេរេត ពីសេបែម និងកូនចៅរបស់លោកអាំម៉ូន។
58. សរុបទាំងអស់ក្រុមអ្នកបម្រើព្រះវិហារ និងកូនចៅពួកអ្នកបម្រើព្រះបាទសាឡូម៉ូនមាន ៣៩២នាក់។
59. រីឯអស់អ្នកដែលមកពីធេល-មែឡា ធេល-ហារេសា កេរូប-អដាន និងអ៊ីមមើរ ហើយពុំស្គាល់ញាតិសន្ដាន និងដូនតារបស់ខ្លួន ដើម្បីបញ្ជាក់ថា គេពិតជាជនជាតិអ៊ីស្រាអែលមែននោះគឺ
60. កូនចៅរបស់លោកដេឡាយ៉ា កូនចៅរបស់លោកថូប៊ីយ៉ា និងកូនចៅរបស់លោកនេកូដា ដែលមានចំនួន ៦៥២នាក់។
61. ក្នុងចំណោមក្រុមបូជាចារ្យ មានកូនចៅរបស់លោកហាបាយ៉ា កូនចៅរបស់លោកហាកូស កូនចៅរបស់លោកបាស៊ីឡាយ ដែលបានរៀបការជាមួយកូនស្រីរបស់លោកបាស៊ីឡាយជាអ្នកស្រុកកាឡាដ ហើយដាក់ឈ្មោះខ្លួនដូចឪពុកក្មេក។
62. អ្នកទាំងនោះរកនាមត្រកូលពូជពង្សរបស់ខ្លួនពុំឃើញទេ ដូច្នេះ គេចាត់ទុកអ្នកទាំងនោះមិនបរិសុទ្ធ* ដែលពុំអាចបំពេញមុខងារជាបូជាចារ្យបានឡើយ។
63. លោកទេសាភិបាលហាមពួកគេបរិភោគអាហារដ៏សក្ការៈបំផុត រហូតទាល់តែបូជាចារ្យណាម្នាក់សាកសួរយូរីម និងធូមីម*ជាមុនសិន។
64. សហគមន៍ទាំងមូលមានចំនួន៤២ ៣៦០ នាក់
65. ដោយឥតរាប់បញ្ចូលអ្នកបម្រើប្រុសស្រីរបស់ពួកគេដែលមានចំនួន៧ ៣៣៧នាក់ទេ។ ក្នុងចំណោមពួកគេមានអ្នកចម្រៀងប្រុសស្រី២០០ នាក់។
66. មានសេះទាំងអស់ ៧៣៦ក្បាល លាកាត់ ២៤៥ក្បាល
67. អូដ្ឋ៤៣៥ក្បាល និងលា ៦ ៧២០ក្បាល។
68. ពេលមកដល់ព្រះដំណាក់របស់ព្រះអម្ចាស់នៅក្រុងយេរូសាឡឹម មានមេដឹកនាំក្រុមគ្រួសារមួយចំនួនធំបានថ្វាយតង្វាយស្ម័គ្រចិត្ត សម្រាប់ការសាងសង់ព្រះដំណាក់របស់ព្រះជាម្ចាស់ នៅកន្លែងដើមឡើងវិញ។
69. ពួកគេថ្វាយសម្រាប់ការសង់ព្រះវិហារ តាមសមត្ថភាពរបស់ខ្លួន គឺមានមាសចំនួនប្រាំមួយម៉ឺនមួយពាន់តម្លឹង និងប្រាក់ប្រាំពាន់ណែន ព្រមទាំងសម្លៀកបំពាក់បូជាចារ្យចំនួនមួយរយសាមសិបសម្រាប់។
70. ក្រុមបូជាចារ្យ ក្រុមលេវី ប្រជាជន ក្រុមចម្រៀង ក្រុមយាមទ្វារ ក្រុមអ្នកបម្រើព្រះវិហារ និងជនជាតិអ៊ីស្រាអែលទាំងមូល នាំគ្នាទៅរស់នៅតាមក្រុងរបស់គេរៀងៗខ្លួនវិញ។