9. ក្នុងអំឡុងពេលបីថ្ងៃ ប្រុសៗទាំងអស់ក្នុងកុលសម្ព័ន្ធយូដា និងបេនយ៉ាមីន មកជួបជុំគ្នានៅក្រុងយេរូសាឡឹម។ នៅថ្ងៃទីម្ភៃ ក្នុងខែទីប្រាំបួន ប្រជាជនទាំងមូលអង្គុយនៅត្រង់ទីធ្លា ខាងមុខព្រះដំណាក់របស់ព្រះជាម្ចាស់។ ពួកគេញាប់ញ័រជាខ្លាំង ព្រោះតែព្រឹត្តិការណ៍នេះ និងព្រោះតែមានភ្លៀងផង។
10. លោកបូជាចារ្យអែសរ៉ាក្រោកឈរឡើង ពោលទៅកាន់ពួកគេថា៖ «អ្នករាល់គ្នាបានក្បត់ព្រះជាម្ចាស់ ដោយរៀបការជាមួយស្ត្រីសាសន៍ដទៃ ធ្វើឲ្យជនជាតិអ៊ីស្រាអែលរឹតតែមានទោស។
11. ឥឡូវនេះ ចូរលន់តួបាបនៅចំពោះព្រះភ័ក្ត្រព្រះអម្ចាស់ ជាព្រះនៃបុព្វបុរសរបស់អ្នករាល់គ្នា ហើយប្រព្រឹត្តតាមព្រះហឫទ័យព្រះអង្គ។ ចូរញែកខ្លួនចេញពីជាតិសាសន៍ដែលរស់នៅក្នុងស្រុក ព្រមទាំងញែកខ្លួនចេញពីប្រពន្ធរបស់អ្នករាល់គ្នា ដែលជាសាសន៍ដទៃផង»។
12. សហគមន៍ទាំងមូលឆ្លើយតប ដោយបន្លឺសំឡេងយ៉ាងខ្លាំងៗថា៖ «ពិតមែនហើយ យើងខ្ញុំនឹងធ្វើតាមពាក្យរបស់លោក!
13. ប៉ុន្តែ យើងខ្ញុំមានគ្នាច្រើន ហើយជារដូវភ្លៀងផង ដូច្នេះ យើងខ្ញុំមិនអាចនៅខាងក្រៅបានទេ។ មួយវិញទៀត កិច្ចការនេះពុំអាចសម្រេចក្នុងរយៈពេលមួយថ្ងៃ ឬពីរថ្ងៃឡើយ ដ្បិតមានគ្នាច្រើនក្នុងចំណោមពួកយើងបានប្រព្រឹត្តអំពើបាបនេះ។
14. សូមឲ្យមេដឹកនាំរបស់យើងខ្ញុំស្ថិតនៅទីនេះ ក្នុងនាមសហគមន៍ទាំងមូល។ រីឯអស់អ្នកដែលរស់នៅតាមទីក្រុងរបស់យើង ហើយរៀបការជាមួយស្ត្រីសាសន៍ដទៃនោះ ត្រូវមកបង្ហាញខ្លួនចំពោះមុខមេដឹកនាំនៅថ្ងៃដែលព្រឹទ្ធាចារ្យ និងអ្នកគ្រប់គ្រងក្រុងនីមួយៗ បានកំណត់ទុក។ យើងខ្ញុំនឹងធ្វើបែបនេះ រហូតទាល់តែព្រះពិរោធរបស់ព្រះនៃយើងខ្ញុំបានស្ងប់»។
15. មានតែលោកយ៉ូណាថាន ជាកូនរបស់លោកអេសាអែល និងលោកយ៉ាហាសយ៉ា ជាកូនរបស់លោកធឹកវ៉ាប៉ុណ្ណោះ ដែលជំទាស់នឹងការសម្រេចនេះ ដោយមានការគាំទ្រពីសំណាក់លោកមស៊ូឡាម និងលោកសាប់ថាយ ពីក្រុមលេវី។
16. ប្រជាជនដែលជាប់ជាឈ្លើយ ហើយវិលមកវិញ យល់ស្របទាំងអស់គ្នា។ លោកបូជាចារ្យអែសរ៉ាបានជ្រើសរើសមេក្រុមគ្រួសារក្នុងអំបូរនីមួយៗ តាមឈ្មោះរបស់ពួកគេរៀងៗខ្លួន។ អ្នកទាំងនោះចូលរួមពិនិត្យមើលសំណុំរឿងនេះ នៅថ្ងៃទីមួយ ក្នុងខែទីដប់។
17. នៅថ្ងៃទីមួយ ក្នុងខែទីមួយ គេបង្ហើយការពិនិត្យមើលសំណុំរឿងរបស់អស់អ្នក ដែលរៀបការនឹងស្ត្រីសាសន៍ដទៃនោះ។
18. ក្នុងចំណោមក្រុមបូជាចារ្យ ដែលបានរៀបការជាមួយស្ត្រីសាសន៍ដទៃមាន: កូនចៅលោកយេសួរ កូនចៅលោកយ៉ូសាដាក និងកូនចៅរបស់បងប្អូនគាត់ គឺលោកម៉ាសេយ៉ា លោកអេលាស៊ើរ លោកយ៉ារីប និងលោកកេដាលា។
19. ពួកគេបានសន្យាថានឹងលែងលះប្រពន្ធរបស់ខ្លួន ហើយថ្វាយចៀមឈ្មោលមួយជាយញ្ញបូជារំដោះបាប។
20. បន្ទាប់មក មានកូនចៅលោកអ៊ីមមើរ គឺលោកហាណានី និងលោកសេបាឌា
21. កូនចៅលោកហារីម គឺលោកម៉ាសេយ៉ា លោកអេលីយ៉ា លោកសេម៉ាយ៉ា លោកយេហ៊ីអែល និងលោកអ៊ូស៊ីយ៉ា
22. កូនចៅលោកប៉ាសហ៊ើរ គឺលោកអេលីយ៉ូណៃ លោកម៉ាសេយ៉ា លោកអ៊ីស្មាអែល លោកនេថានេល លោកយ៉ូសាបាដ និងលោកអេឡាសារ។
23. ក្នុងចំណោមក្រុមលេវីមានលោកយ៉ូសាបាដ លោកស៊ីម៉ៃ លោកកេឡាយ៉ា ហៅកេលីថា លោកពេថាហ៊ីយ៉ា និងលោកអេលាស៊ើរ។
24. ក្នុងចំណោមក្រុមចម្រៀងមានលោក អេលី-យ៉ាស៊ីប។ ក្នុងចំណោមក្រុមយាមទ្វារមានលោកសាលូម លោកថេលែម និងលោកអ៊ូរី។
25. ក្នុងចំណោមជនជាតិអ៊ីស្រាអែល: កូនចៅលោកប៉ារ៉ូសមានលោករ៉ាម៉ា លោកយីសយ៉ា លោកម៉ាល់គា លោកមីយ៉ាមីម លោកអេឡាសារ លោកម៉ាល់គា និងលោកបេណាយ៉ា។
26. កូនចៅលោកអេឡាំមានលោកម៉ាថានា លោកសាការី លោកយេហ៊ីអែល លោកអាប់ឌី លោកយេរេម៉ុត និងលោកអេលីយ៉ា។
27. កូនចៅលោកសាធូមានលោកអេលីយ៉ូណៃ លោកអេលីយ៉ាស៊ីប លោកម៉ាថានា លោកយេរេម៉ុត លោកសាបាដ និងអស៊ីសា។