3. យើងខ្ញុំសូមចងសម្ពន្ធមេត្រីជាមួយព្រះនៃយើងថា យើងខ្ញុំនឹងបោះបង់ប្រពន្ធសាសន៍ដទៃ ព្រមទាំងកូនដែលកើតពីស្ត្រីទាំងនោះទៀតផង។ យើងខ្ញុំសុខចិត្តធ្វើតាមសំណូមពររបស់លោកម្ចាស់ និងអស់អ្នកដែលគោរពកោតខ្លាច ចំពោះបទបញ្ជារបស់ព្រះនៃយើង។ សូមឲ្យបានសម្រេចតាមក្រឹត្យវិន័យចុះ។
4. សូមលោកក្រោកឡើង ហើយបំពេញកិច្ចការរបស់លោកចុះ យើងខ្ញុំគាំទ្រលោក។ សូមលោកមានចិត្តក្លាហានឡើង រួចសម្រេចកិច្ចការនេះទៅ»។
5. លោកអែសរ៉ាក្រោកឡើង បង្គាប់មេដឹកនាំ ក្រុមបូជាចារ្យ និងក្រុមលេវី ព្រមទាំងមេដឹកនាំជនជាតិអ៊ីស្រាអែលទាំងមូល ឲ្យស្បថ ហើយធ្វើតាមសំណើរបស់លោកសេកានា។ ពួកគេក៏នាំគ្នាស្បថ។
6. បន្ទាប់មក លោកអែសរ៉ាចាកចេញពីមុខព្រះដំណាក់របស់ព្រះជាម្ចាស់ ហើយចូលទៅក្នុងបន្ទប់របស់លោកយ៉ូហាណាន ដែលជាកូនលោកអេលីយ៉ាស៊ីប។ នៅទីនោះ លោកមិនព្រមពិសាអាហារ ឬទឹកឡើយ ដ្បិតលោកនៅតែសោកសង្រេង ដោយសារកំហុសដ៏ធ្ងន់របស់ប្រជាជនដែលជាប់ជាឈ្លើយ ហើយវិលមកវិញ។
7. បន្ទាប់មកទៀត គេចេញប្រកាសពាសពេញក្រុងយេរូសាឡឹម និងស្រុកយូដា បង្គាប់ឲ្យអស់អ្នកដែលជាប់ជាឈ្លើយ ហើយវិលមកវិញនោះ ជួបជុំគ្នានៅក្រុងយេរូសាឡឹម។
8. អ្នកណាមិនព្រមមក ក្នុងរយៈពេលបីថ្ងៃ តាមសេចក្ដីសម្រេចរបស់មេដឹកនាំ និងព្រឹទ្ធាចារ្យ គេនឹងរឹបអូសទ្រព្យសម្បត្តិរបស់អ្នកនោះ ហើយបណ្ដេញគាត់ចេញពីសហគមន៍អ៊ីស្រាអែល។
9. ក្នុងអំឡុងពេលបីថ្ងៃ ប្រុសៗទាំងអស់ក្នុងកុលសម្ព័ន្ធយូដា និងបេនយ៉ាមីន មកជួបជុំគ្នានៅក្រុងយេរូសាឡឹម។ នៅថ្ងៃទីម្ភៃ ក្នុងខែទីប្រាំបួន ប្រជាជនទាំងមូលអង្គុយនៅត្រង់ទីធ្លា ខាងមុខព្រះដំណាក់របស់ព្រះជាម្ចាស់។ ពួកគេញាប់ញ័រជាខ្លាំង ព្រោះតែព្រឹត្តិការណ៍នេះ និងព្រោះតែមានភ្លៀងផង។
10. លោកបូជាចារ្យអែសរ៉ាក្រោកឈរឡើង ពោលទៅកាន់ពួកគេថា៖ «អ្នករាល់គ្នាបានក្បត់ព្រះជាម្ចាស់ ដោយរៀបការជាមួយស្ត្រីសាសន៍ដទៃ ធ្វើឲ្យជនជាតិអ៊ីស្រាអែលរឹតតែមានទោស។
11. ឥឡូវនេះ ចូរលន់តួបាបនៅចំពោះព្រះភ័ក្ត្រព្រះអម្ចាស់ ជាព្រះនៃបុព្វបុរសរបស់អ្នករាល់គ្នា ហើយប្រព្រឹត្តតាមព្រះហឫទ័យព្រះអង្គ។ ចូរញែកខ្លួនចេញពីជាតិសាសន៍ដែលរស់នៅក្នុងស្រុក ព្រមទាំងញែកខ្លួនចេញពីប្រពន្ធរបស់អ្នករាល់គ្នា ដែលជាសាសន៍ដទៃផង»។
12. សហគមន៍ទាំងមូលឆ្លើយតប ដោយបន្លឺសំឡេងយ៉ាងខ្លាំងៗថា៖ «ពិតមែនហើយ យើងខ្ញុំនឹងធ្វើតាមពាក្យរបស់លោក!
13. ប៉ុន្តែ យើងខ្ញុំមានគ្នាច្រើន ហើយជារដូវភ្លៀងផង ដូច្នេះ យើងខ្ញុំមិនអាចនៅខាងក្រៅបានទេ។ មួយវិញទៀត កិច្ចការនេះពុំអាចសម្រេចក្នុងរយៈពេលមួយថ្ងៃ ឬពីរថ្ងៃឡើយ ដ្បិតមានគ្នាច្រើនក្នុងចំណោមពួកយើងបានប្រព្រឹត្តអំពើបាបនេះ។
14. សូមឲ្យមេដឹកនាំរបស់យើងខ្ញុំស្ថិតនៅទីនេះ ក្នុងនាមសហគមន៍ទាំងមូល។ រីឯអស់អ្នកដែលរស់នៅតាមទីក្រុងរបស់យើង ហើយរៀបការជាមួយស្ត្រីសាសន៍ដទៃនោះ ត្រូវមកបង្ហាញខ្លួនចំពោះមុខមេដឹកនាំនៅថ្ងៃដែលព្រឹទ្ធាចារ្យ និងអ្នកគ្រប់គ្រងក្រុងនីមួយៗ បានកំណត់ទុក។ យើងខ្ញុំនឹងធ្វើបែបនេះ រហូតទាល់តែព្រះពិរោធរបស់ព្រះនៃយើងខ្ញុំបានស្ងប់»។