1. ពេលលោកអែសរ៉ាក្រាបនៅមុខព្រះដំណាក់ព្រះជាម្ចាស់ លោកទូលអង្វរ និងលន់តួបាប ទាំងសម្រក់ទឹកភ្នែក ជនជាតិអ៊ីស្រាអែលជាច្រើន ទាំងប្រុស ទាំងស្រី និងក្មេង នាំគ្នាមកជុំវិញលោក ហើយយំសោកយ៉ាងខ្លាំង។
2. ពេលនោះ លោកសេកានា ជាកូនរបស់លោកយេហ៊ីអែល និងជាពូជពង្សរបស់លោកអេឡាំ ជម្រាបលោកអែសរ៉ាថា៖ «យើងខ្ញុំបានក្បត់ព្រះជាម្ចាស់ ដោយរៀបការជាមួយស្ត្រីសាសន៍ដទៃ ជាប្រជាជនរស់នៅក្នុងស្រុកនេះ។ ប៉ុន្តែ ទោះបីយ៉ាងនេះក្ដី ក៏ជនជាតិអ៊ីស្រាអែលនៅតែមានសង្ឃឹម។
3. យើងខ្ញុំសូមចងសម្ពន្ធមេត្រីជាមួយព្រះនៃយើងថា យើងខ្ញុំនឹងបោះបង់ប្រពន្ធសាសន៍ដទៃ ព្រមទាំងកូនដែលកើតពីស្ត្រីទាំងនោះទៀតផង។ យើងខ្ញុំសុខចិត្តធ្វើតាមសំណូមពររបស់លោកម្ចាស់ និងអស់អ្នកដែលគោរពកោតខ្លាច ចំពោះបទបញ្ជារបស់ព្រះនៃយើង។ សូមឲ្យបានសម្រេចតាមក្រឹត្យវិន័យចុះ។
4. សូមលោកក្រោកឡើង ហើយបំពេញកិច្ចការរបស់លោកចុះ យើងខ្ញុំគាំទ្រលោក។ សូមលោកមានចិត្តក្លាហានឡើង រួចសម្រេចកិច្ចការនេះទៅ»។
5. លោកអែសរ៉ាក្រោកឡើង បង្គាប់មេដឹកនាំ ក្រុមបូជាចារ្យ និងក្រុមលេវី ព្រមទាំងមេដឹកនាំជនជាតិអ៊ីស្រាអែលទាំងមូល ឲ្យស្បថ ហើយធ្វើតាមសំណើរបស់លោកសេកានា។ ពួកគេក៏នាំគ្នាស្បថ។
6. បន្ទាប់មក លោកអែសរ៉ាចាកចេញពីមុខព្រះដំណាក់របស់ព្រះជាម្ចាស់ ហើយចូលទៅក្នុងបន្ទប់របស់លោកយ៉ូហាណាន ដែលជាកូនលោកអេលីយ៉ាស៊ីប។ នៅទីនោះ លោកមិនព្រមពិសាអាហារ ឬទឹកឡើយ ដ្បិតលោកនៅតែសោកសង្រេង ដោយសារកំហុសដ៏ធ្ងន់របស់ប្រជាជនដែលជាប់ជាឈ្លើយ ហើយវិលមកវិញ។
7. បន្ទាប់មកទៀត គេចេញប្រកាសពាសពេញក្រុងយេរូសាឡឹម និងស្រុកយូដា បង្គាប់ឲ្យអស់អ្នកដែលជាប់ជាឈ្លើយ ហើយវិលមកវិញនោះ ជួបជុំគ្នានៅក្រុងយេរូសាឡឹម។