អេសេ‌គាល 8:9-18 Khmer Standard Version (KHSV)

9. ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​មក​ខ្ញុំ​ថា៖ «ចូរ​ចូល​មក​មើល​អំពើ​អាក្រក់​គួរ​ឲ្យ​ស្អប់​ខ្ពើម ដែល​ពួក​គេ​កំពុង​ប្រព្រឹត្ត​នៅ​ទី​នេះ!»។

10. ខ្ញុំ​ក៏​ចូល​ទៅ​មើល ឃើញ​មាន​រូប​សត្វ​លូន​វារ និង​សត្វ​ចង្រៃ​គ្រប់​ប្រភេទ ព្រម​ទាំង​រូប​ព្រះ​ក្លែង‌ក្លាយ​ទាំង​អស់​របស់​ពូជ‌ពង្ស​អ៊ីស្រា‌អែល ឆ្លាក់​លើ​ជញ្ជាំង​ដែល​នៅ​ជុំ‌វិញ។

11. មាន​ព្រឹទ្ធា‌ចារ្យ​នៃ​ពូជ‌ពង្ស​អ៊ីស្រា‌អែល​ចិត‌សិប​នាក់ ឈរ​នៅ​មុខ​រូប​ទាំង​នោះ ម្នាក់ៗ​កាន់​គ្រឿង​ក្រអូប ដែល​ធ្វើ​ឲ្យ​មាន​ផ្សែង​ខ្មួល‌ខ្មាញ់​ហុយ​ឡើង។ លោក​យ៉ាសា‌ណា ជា​កូន​របស់​លោក​សាផាន ស្ថិត​នៅ​កណ្ដាល​ចំណោម​ពួក​គេ។

12. ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​មក​ខ្ញុំ​ថា៖ «កូន​មនុស្ស​អើយ តើ​អ្នក​ឃើញ​អំពើ​ដែល​ព្រឹទ្ធា‌ចារ្យ​របស់​ពូជ‌ពង្ស​អ៊ីស្រា‌អែល​ធ្វើ​នៅ​ទី​ងងឹត​ឬ​ទេ? នៅ​ក្នុង​បន្ទប់ ម្នាក់ៗ​ថ្វាយ‌បង្គំ​រូប​ព្រះ​របស់​ខ្លួន។ ពួក​គេ​ពោល​ថា “ព្រះ‌អម្ចាស់​មើល​យើង​ពុំ​ឃើញ​ទេ! ព្រះ‌អម្ចាស់​បោះ​បង់​ចោល​ស្រុក​នេះ​ហើយ”»។

13. ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​មក​ខ្ញុំ​ថា៖ «អ្នក​នឹង​ឃើញ​អំពើ​គួរ​ស្អប់​ខ្ពើម​បំផុត​ជា​ច្រើន​ទៀត ដែល​ពួក​គេ​កំពុង​ប្រព្រឹត្ត»។

14. ព្រះ‌អង្គ​នាំ​ខ្ញុំ​ទៅ​ទ្វារ​ចូល​ព្រះ‌ដំណាក់​របស់​ព្រះ‌អម្ចាស់ ប៉ែក​ខាង​ជើង។ នៅ​ទី​នោះ ស្រីៗ​អង្គុយ​យំ​ស្រណោះ​ព្រះ​ថាមូស។

15. ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​មក​ខ្ញុំ​ថា៖ «កូន​មនុស្ស​អើយ តើ​អ្នក​ឃើញ​ឬ​ទេ? អ្នក​នឹង​ឃើញ​អំពើ​គួរ​ស្អប់​ខ្ពើម​អាក្រក់​ជាង​នេះ​ទៅ​ទៀត»។

16. បន្ទាប់​មក ព្រះ‌អង្គ​នាំ​ខ្ញុំ​ទៅ​ទី‌លាន​ខាង​ក្នុង​ព្រះ‌ដំណាក់​របស់​ព្រះ‌អម្ចាស់។ នៅ​មាត់​ទ្វារ​ព្រះ‌វិហារ គឺ​នៅ​ចន្លោះ​ច្រក​ចូល និង​អាសនៈ មាន​មនុស្ស​ប្រមាណ​ម្ភៃ​ប្រាំ​នាក់​បែរ​ខ្នង​ដាក់​ទី‌សក្ការៈ​របស់​ព្រះ‌អម្ចាស់ ហើយ​បែរ​មុខ​ទៅ​ទិស​ខាង​កើត នាំ​គ្នា​ក្រាប​ថ្វាយ‌បង្គំ​ព្រះ‌អាទិត្យ។

17. ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​មក​ខ្ញុំ​ថា៖ «កូន​មនុស្ស​អើយ តើ​អ្នក​ឃើញ​ឬ​ទេ? អំពើ​គួរ​ស្អប់​ខ្ពើម​ដែល​ពូជ‌ពង្ស​យូដា​ប្រព្រឹត្ត​នៅ​ទី​នេះ​មិន​ទាន់​គ្រប់​គ្រាន់​ទេ បាន​ជា​ពួក​គេ​ប្រព្រឹត្ត​អំពើ​ឃោរ‌ឃៅ​ពាស‌ពេញ​ស្រុក​ថែម​ទៀត ពួក​គេ​ចេះ​តែ​ធ្វើ​ឲ្យ​យើង​ខឹង។ ពួក​គេ​យក​មែក​ឈើ​ដាក់​ជិត​ច្រមុះ​របស់​ខ្លួន។

18. យើង​នឹង​ប្រព្រឹត្ត​ចំពោះ​ពួក​គេ តាម​កំហឹង​របស់​យើង។ យើង​នឹង​មិន​អាណិត​មេត្តា​ពួក​គេ ហើយ​ក៏​មិន​ត្រា​ប្រណី​ពួក​គេ​ដែរ។ កាល​ណា​ពួក​គេ​ស្រែក​អង្វរ​យើង យើង​នឹង​មិន​ស្ដាប់​ពួក​គេ​ឡើយ»។

អេសេ‌គាល 8