6. ព្រះអង្គមានព្រះបន្ទូលមកខ្ញុំទៀតថា៖ «កូនមនុស្សអើយ តើអ្នកឃើញអំពើដែលពួកគេកំពុងប្រព្រឹត្តឬទេ? ពូជពង្សអ៊ីស្រាអែលនាំគ្នាប្រព្រឹត្តអំពើគួរស្អប់ខ្ពើម ធ្វើឲ្យយើងចាកចេញឆ្ងាយពីទីសក្ការៈ*របស់យើង។ ប៉ុន្តែ អ្នកនឹងឃើញអំពើគួរស្អប់ខ្ពើមបំផុតជាច្រើនទៀត»។
7. ពេលនោះ ព្រះអង្គនាំខ្ញុំឆ្ពោះទៅមាត់ទ្វារចូលលានព្រះវិហារ។ ខ្ញុំក្រឡេកមើលទៅឃើញមានរន្ធមួយនៅក្នុងជញ្ជាំង។
8. ព្រះអង្គមានព្រះបន្ទូលមកខ្ញុំថា៖ «កូនមនុស្សអើយ ចូរចោះជញ្ជាំងទៅ!»។ ខ្ញុំក៏ចោះជញ្ជាំង ធ្វើប្រឡោះមួយ។
9. ព្រះអង្គមានព្រះបន្ទូលមកខ្ញុំថា៖ «ចូរចូលមកមើលអំពើអាក្រក់គួរឲ្យស្អប់ខ្ពើម ដែលពួកគេកំពុងប្រព្រឹត្តនៅទីនេះ!»។
10. ខ្ញុំក៏ចូលទៅមើល ឃើញមានរូបសត្វលូនវារ និងសត្វចង្រៃគ្រប់ប្រភេទ ព្រមទាំងរូបព្រះក្លែងក្លាយទាំងអស់របស់ពូជពង្សអ៊ីស្រាអែល ឆ្លាក់លើជញ្ជាំងដែលនៅជុំវិញ។
11. មានព្រឹទ្ធាចារ្យនៃពូជពង្សអ៊ីស្រាអែលចិតសិបនាក់ ឈរនៅមុខរូបទាំងនោះ ម្នាក់ៗកាន់គ្រឿងក្រអូប ដែលធ្វើឲ្យមានផ្សែងខ្មួលខ្មាញ់ហុយឡើង។ លោកយ៉ាសាណា ជាកូនរបស់លោកសាផាន ស្ថិតនៅកណ្ដាលចំណោមពួកគេ។
12. ព្រះអង្គមានព្រះបន្ទូលមកខ្ញុំថា៖ «កូនមនុស្សអើយ តើអ្នកឃើញអំពើដែលព្រឹទ្ធាចារ្យរបស់ពូជពង្សអ៊ីស្រាអែលធ្វើនៅទីងងឹតឬទេ? នៅក្នុងបន្ទប់ ម្នាក់ៗថ្វាយបង្គំរូបព្រះរបស់ខ្លួន។ ពួកគេពោលថា “ព្រះអម្ចាស់មើលយើងពុំឃើញទេ! ព្រះអម្ចាស់បោះបង់ចោលស្រុកនេះហើយ”»។
13. ព្រះអង្គមានព្រះបន្ទូលមកខ្ញុំថា៖ «អ្នកនឹងឃើញអំពើគួរស្អប់ខ្ពើមបំផុតជាច្រើនទៀត ដែលពួកគេកំពុងប្រព្រឹត្ត»។
14. ព្រះអង្គនាំខ្ញុំទៅទ្វារចូលព្រះដំណាក់របស់ព្រះអម្ចាស់ ប៉ែកខាងជើង។ នៅទីនោះ ស្រីៗអង្គុយយំស្រណោះព្រះថាមូស។
15. ព្រះអង្គមានព្រះបន្ទូលមកខ្ញុំថា៖ «កូនមនុស្សអើយ តើអ្នកឃើញឬទេ? អ្នកនឹងឃើញអំពើគួរស្អប់ខ្ពើមអាក្រក់ជាងនេះទៅទៀត»។
16. បន្ទាប់មក ព្រះអង្គនាំខ្ញុំទៅទីលានខាងក្នុងព្រះដំណាក់របស់ព្រះអម្ចាស់។ នៅមាត់ទ្វារព្រះវិហារ គឺនៅចន្លោះច្រកចូល និងអាសនៈ មានមនុស្សប្រមាណម្ភៃប្រាំនាក់បែរខ្នងដាក់ទីសក្ការៈរបស់ព្រះអម្ចាស់ ហើយបែរមុខទៅទិសខាងកើត នាំគ្នាក្រាបថ្វាយបង្គំព្រះអាទិត្យ។
17. ព្រះអង្គមានព្រះបន្ទូលមកខ្ញុំថា៖ «កូនមនុស្សអើយ តើអ្នកឃើញឬទេ? អំពើគួរស្អប់ខ្ពើមដែលពូជពង្សយូដាប្រព្រឹត្តនៅទីនេះមិនទាន់គ្រប់គ្រាន់ទេ បានជាពួកគេប្រព្រឹត្តអំពើឃោរឃៅពាសពេញស្រុកថែមទៀត ពួកគេចេះតែធ្វើឲ្យយើងខឹង។ ពួកគេយកមែកឈើដាក់ជិតច្រមុះរបស់ខ្លួន។
18. យើងនឹងប្រព្រឹត្តចំពោះពួកគេ តាមកំហឹងរបស់យើង។ យើងនឹងមិនអាណិតមេត្តាពួកគេ ហើយក៏មិនត្រាប្រណីពួកគេដែរ។ កាលណាពួកគេស្រែកអង្វរយើង យើងនឹងមិនស្ដាប់ពួកគេឡើយ»។