3. ពេលនោះ មានដូចជាទ្រង់ទ្រាយដៃ លូកមកចាប់ទាញសក់ខ្ញុំ។ ព្រះវិញ្ញាណលើកខ្ញុំពីដីឡើងទៅលើមេឃ ឲ្យខ្ញុំឃើញនិមិត្តហេតុអស្ចារ្យមកពីព្រះជាម្ចាស់ គឺនាំខ្ញុំទៅក្រុងយេរូសាឡឹម ត្រង់មាត់ទ្វារខាងក្នុង នាទិសខាងជើងកន្លែងមានរូបព្រះក្លែងក្លាយ ដែលបណ្ដាលឲ្យព្រះជាម្ចាស់ប្រច័ណ្ឌ។
4. សិរីរុងរឿងរបស់ព្រះនៃជនជាតិអ៊ីស្រាអែលសណ្ឋិតនៅទីនោះ មានទ្រង់ទ្រាយដូចខ្ញុំបានឃើញនៅតាមជ្រលងភ្នំដែរ។
5. ព្រះអង្គមានព្រះបន្ទូលមកខ្ញុំថា៖ «កូនមនុស្សអើយ ចូរក្រឡេកមើលទៅទិសខាងជើងទៅ!»។ ខ្ញុំក៏ក្រឡេកមើលទៅទិសខាងជើង ឃើញរូបដែលបណ្ដាលឲ្យព្រះជាម្ចាស់ប្រច័ណ្ឌនោះ ស្ថិតនៅខាងជើងមាត់ទ្វារចូលទីអាសនៈ។
6. ព្រះអង្គមានព្រះបន្ទូលមកខ្ញុំទៀតថា៖ «កូនមនុស្សអើយ តើអ្នកឃើញអំពើដែលពួកគេកំពុងប្រព្រឹត្តឬទេ? ពូជពង្សអ៊ីស្រាអែលនាំគ្នាប្រព្រឹត្តអំពើគួរស្អប់ខ្ពើម ធ្វើឲ្យយើងចាកចេញឆ្ងាយពីទីសក្ការៈ*របស់យើង។ ប៉ុន្តែ អ្នកនឹងឃើញអំពើគួរស្អប់ខ្ពើមបំផុតជាច្រើនទៀត»។
7. ពេលនោះ ព្រះអង្គនាំខ្ញុំឆ្ពោះទៅមាត់ទ្វារចូលលានព្រះវិហារ។ ខ្ញុំក្រឡេកមើលទៅឃើញមានរន្ធមួយនៅក្នុងជញ្ជាំង។
8. ព្រះអង្គមានព្រះបន្ទូលមកខ្ញុំថា៖ «កូនមនុស្សអើយ ចូរចោះជញ្ជាំងទៅ!»។ ខ្ញុំក៏ចោះជញ្ជាំង ធ្វើប្រឡោះមួយ។
9. ព្រះអង្គមានព្រះបន្ទូលមកខ្ញុំថា៖ «ចូរចូលមកមើលអំពើអាក្រក់គួរឲ្យស្អប់ខ្ពើម ដែលពួកគេកំពុងប្រព្រឹត្តនៅទីនេះ!»។
10. ខ្ញុំក៏ចូលទៅមើល ឃើញមានរូបសត្វលូនវារ និងសត្វចង្រៃគ្រប់ប្រភេទ ព្រមទាំងរូបព្រះក្លែងក្លាយទាំងអស់របស់ពូជពង្សអ៊ីស្រាអែល ឆ្លាក់លើជញ្ជាំងដែលនៅជុំវិញ។
11. មានព្រឹទ្ធាចារ្យនៃពូជពង្សអ៊ីស្រាអែលចិតសិបនាក់ ឈរនៅមុខរូបទាំងនោះ ម្នាក់ៗកាន់គ្រឿងក្រអូប ដែលធ្វើឲ្យមានផ្សែងខ្មួលខ្មាញ់ហុយឡើង។ លោកយ៉ាសាណា ជាកូនរបស់លោកសាផាន ស្ថិតនៅកណ្ដាលចំណោមពួកគេ។