1. នៅឆ្នាំទីប្រាំមួយ ថ្ងៃទីប្រាំ ខែទីប្រាំមួយ ពេលខ្ញុំកំពុងអង្គុយនៅក្នុងផ្ទះ ហើយមានព្រឹទ្ធាចារ្យ*នៃជនជាតិយូដាអង្គុយនៅមុខខ្ញុំ ព្រះជាអម្ចាស់ដាក់ព្រះហស្ដលើខ្ញុំ។
2. ខ្ញុំក្រឡេកមើលទៅ ឃើញមានដូចជាទ្រង់ទ្រាយរបស់មនុស្សម្នាក់។ ពីត្រង់កន្លែងដែលមានរាងដូចចង្កេះចុះទៅក្រោម មានសណ្ឋានដូចភ្លើង ហើយត្រឹមចង្កេះឡើងទៅលើ មានសណ្ឋានដូចជាពន្លឺដ៏ត្រចះត្រចង់។
3. ពេលនោះ មានដូចជាទ្រង់ទ្រាយដៃ លូកមកចាប់ទាញសក់ខ្ញុំ។ ព្រះវិញ្ញាណលើកខ្ញុំពីដីឡើងទៅលើមេឃ ឲ្យខ្ញុំឃើញនិមិត្តហេតុអស្ចារ្យមកពីព្រះជាម្ចាស់ គឺនាំខ្ញុំទៅក្រុងយេរូសាឡឹម ត្រង់មាត់ទ្វារខាងក្នុង នាទិសខាងជើងកន្លែងមានរូបព្រះក្លែងក្លាយ ដែលបណ្ដាលឲ្យព្រះជាម្ចាស់ប្រច័ណ្ឌ។
4. សិរីរុងរឿងរបស់ព្រះនៃជនជាតិអ៊ីស្រាអែលសណ្ឋិតនៅទីនោះ មានទ្រង់ទ្រាយដូចខ្ញុំបានឃើញនៅតាមជ្រលងភ្នំដែរ។
5. ព្រះអង្គមានព្រះបន្ទូលមកខ្ញុំថា៖ «កូនមនុស្សអើយ ចូរក្រឡេកមើលទៅទិសខាងជើងទៅ!»។ ខ្ញុំក៏ក្រឡេកមើលទៅទិសខាងជើង ឃើញរូបដែលបណ្ដាលឲ្យព្រះជាម្ចាស់ប្រច័ណ្ឌនោះ ស្ថិតនៅខាងជើងមាត់ទ្វារចូលទីអាសនៈ។
6. ព្រះអង្គមានព្រះបន្ទូលមកខ្ញុំទៀតថា៖ «កូនមនុស្សអើយ តើអ្នកឃើញអំពើដែលពួកគេកំពុងប្រព្រឹត្តឬទេ? ពូជពង្សអ៊ីស្រាអែលនាំគ្នាប្រព្រឹត្តអំពើគួរស្អប់ខ្ពើម ធ្វើឲ្យយើងចាកចេញឆ្ងាយពីទីសក្ការៈ*របស់យើង។ ប៉ុន្តែ អ្នកនឹងឃើញអំពើគួរស្អប់ខ្ពើមបំផុតជាច្រើនទៀត»។
7. ពេលនោះ ព្រះអង្គនាំខ្ញុំឆ្ពោះទៅមាត់ទ្វារចូលលានព្រះវិហារ។ ខ្ញុំក្រឡេកមើលទៅឃើញមានរន្ធមួយនៅក្នុងជញ្ជាំង។
8. ព្រះអង្គមានព្រះបន្ទូលមកខ្ញុំថា៖ «កូនមនុស្សអើយ ចូរចោះជញ្ជាំងទៅ!»។ ខ្ញុំក៏ចោះជញ្ជាំង ធ្វើប្រឡោះមួយ។