1. នៅឆ្នាំទីប្រាំមួយ ថ្ងៃទីប្រាំ ខែទីប្រាំមួយ ពេលខ្ញុំកំពុងអង្គុយនៅក្នុងផ្ទះ ហើយមានព្រឹទ្ធាចារ្យ*នៃជនជាតិយូដាអង្គុយនៅមុខខ្ញុំ ព្រះជាអម្ចាស់ដាក់ព្រះហស្ដលើខ្ញុំ។
2. ខ្ញុំក្រឡេកមើលទៅ ឃើញមានដូចជាទ្រង់ទ្រាយរបស់មនុស្សម្នាក់។ ពីត្រង់កន្លែងដែលមានរាងដូចចង្កេះចុះទៅក្រោម មានសណ្ឋានដូចភ្លើង ហើយត្រឹមចង្កេះឡើងទៅលើ មានសណ្ឋានដូចជាពន្លឺដ៏ត្រចះត្រចង់។
3. ពេលនោះ មានដូចជាទ្រង់ទ្រាយដៃ លូកមកចាប់ទាញសក់ខ្ញុំ។ ព្រះវិញ្ញាណលើកខ្ញុំពីដីឡើងទៅលើមេឃ ឲ្យខ្ញុំឃើញនិមិត្តហេតុអស្ចារ្យមកពីព្រះជាម្ចាស់ គឺនាំខ្ញុំទៅក្រុងយេរូសាឡឹម ត្រង់មាត់ទ្វារខាងក្នុង នាទិសខាងជើងកន្លែងមានរូបព្រះក្លែងក្លាយ ដែលបណ្ដាលឲ្យព្រះជាម្ចាស់ប្រច័ណ្ឌ។
4. សិរីរុងរឿងរបស់ព្រះនៃជនជាតិអ៊ីស្រាអែលសណ្ឋិតនៅទីនោះ មានទ្រង់ទ្រាយដូចខ្ញុំបានឃើញនៅតាមជ្រលងភ្នំដែរ។
5. ព្រះអង្គមានព្រះបន្ទូលមកខ្ញុំថា៖ «កូនមនុស្សអើយ ចូរក្រឡេកមើលទៅទិសខាងជើងទៅ!»។ ខ្ញុំក៏ក្រឡេកមើលទៅទិសខាងជើង ឃើញរូបដែលបណ្ដាលឲ្យព្រះជាម្ចាស់ប្រច័ណ្ឌនោះ ស្ថិតនៅខាងជើងមាត់ទ្វារចូលទីអាសនៈ។