6. ចុងបញ្ចប់កំពុងតែមក ចុងបញ្ចប់មកដល់ហើយ ចុងបញ្ចប់មកប្រឆាំងនឹងអ្នកយ៉ាងឆាប់ៗ ចុងបញ្ចប់មកដល់ហើយ!
7. អ្នកស្រុកអើយ ពេលដែលអ្នកត្រូវវិនាសមកដល់ហើយ ពេលកំណត់ក៏មកដល់ដែរ។ ថ្ងៃនោះមកដល់ហើយ គឺថ្ងៃដែលលែងមានសម្រែកអរសប្បាយនៅតាមភ្នំ ផ្ទុយទៅវិញ មានតែសម្រែកស្លន់ស្លោ។
8. ឥឡូវនេះ យើងត្រៀមខ្លួនជះកំហឹងលើអ្នក ឥតបង្អង់ឡើយ។ យើងនឹងធ្វើទោសអ្នកតាមកំហឹងរបស់យើង រហូតដល់ចប់ចុងចប់ដើម ព្រោះតែអំពើអាក្រក់ដែលអ្នកប្រព្រឹត្ត។ យើងនឹងវិនិច្ឆ័យទោសអ្នក ព្រោះតែព្រះដ៏គួរស្អប់ខ្ពើមទាំងប៉ុន្មានរបស់អ្នក។
9. យើងនឹងមិនអាណិតមេត្តាអ្នក ហើយយើងក៏មិនត្រាប្រណីអ្នកដែរ យើងនឹងដាក់ទោសអ្នក ស្របតាមអំពើអាក្រក់ដែលអ្នកប្រព្រឹត្ត ដោយគោរពព្រះដ៏គួរស្អប់ខ្ពើមទាំងប៉ុន្មាន។ ពេលនោះ អ្នករាល់គ្នានឹងទទួលស្គាល់ថា យើងនេះហើយជាព្រះអម្ចាស់ដែលបានវាយអ្នក»។
10. នុ៎ះន៏ថ្ងៃកំណត់! ថ្ងៃកំណត់មកដល់ហើយ! ពេលដែលត្រូវវិនាសមកដល់ហើយ អំពើឃោរឃៅកាន់តែរីកចម្រើន មនុស្សព្រហើនកើនដល់កម្រិត!
11. អំពើហិង្សាក៏កើនឡើង ធ្វើឲ្យអំពើអាក្រក់រឹតតែឃោរឃៅ។ ពួកគេគ្មាននៅសល់អ្វីទៀតទេ គឺបាត់បង់ទ្រព្យសម្បត្តិ បាត់បង់កិត្តិយស និងភាពថ្លៃថ្នូរ។
12. ពេលកំណត់មកដល់ហើយ ថ្ងៃកំណត់ក៏មកដល់ដែរ! អ្នកទិញមិនត្រូវអរសប្បាយ អ្នកលក់មិនត្រូវសោកសង្រេង ដ្បិតមហន្តរាយនឹងកើតមានដល់ប្រជាជនទាំងអស់!
13. អ្នកលក់ពុំអាចប្រមូលយកអ្វីៗដែលខ្លួនលក់នោះបានមកវិញទេ ទោះបីគេនៅមានជីវិតក៏ដោយ។ ពាក្យដែលយើងប្រកាសដាក់ទោសប្រជាជនទាំងនោះ នឹងសម្រេចជារូបរាង។ ដោយសារកំហុសដែលម្នាក់ៗប្រព្រឹត្ត ពួកគេមិនអាចរក្សាជីវិតរបស់ខ្លួនបានឡើយ។
14. សំឡេងត្រែលាន់ឮឡើង គ្រប់ៗគ្នាប្រុងប្រៀបខ្លួនជាស្រេច ប៉ុន្តែ គ្មាននរណាម្នាក់ចេញទៅច្បាំងទេ ដ្បិតមហន្តរាយនឹងកើតមានដល់ប្រជាជនទាំងអស់!
15. ខាងក្រៅ មានសង្គ្រាម ខាងក្នុងផ្ទះ មានជំងឺរាតត្បាត និងទុរ្ភិក្ស អ្នកនៅតាមស្រែចម្ការនឹងស្លាប់ដោយមុខដាវ រីឯអ្នកនៅក្នុងក្រុងនឹងត្រូវវិនាសដោយទុរ្ភិក្ស និងជំងឺរាតត្បាត។
16. អ្នកដែលគេចខ្លួនរួច នាំគ្នារត់ទៅរស់នៅតាមភ្នំ ដូចព្រាបរស់នៅតាមជ្រលងភ្នំ។ ពួកគេទាំងអស់គ្នាស្រែកថ្ងូរ ព្រោះតែកំហុសដែលម្នាក់ៗបានប្រព្រឹត្ត។
17. ពួកគេអស់កម្លាំង ទន់ដៃទន់ជើង។