1. ព្រះអម្ចាស់មានព្រះបន្ទូលមកខ្ញុំ ដូចតទៅ៖
2. «កូនមនុស្សអើយ យើងជាព្រះជាអម្ចាស់ យើងប្រាប់ឲ្យអ្នកដឹងថា ស្រុកអ៊ីស្រាអែលត្រូវវិនាសហើយ មហន្តរាយកំពុងតែចូលមកតាមទិសទាំងបួន!
3. អ៊ីស្រាអែលអើយ ចុងបញ្ចប់របស់អ្នកមកដល់ហើយ យើងនឹងជះកំហឹងទៅលើអ្នក យើងនឹងវិនិច្ឆ័យទោសអ្នក តាមអំពើដែលអ្នកប្រព្រឹត្ត យើងនឹងដាក់ទោសអ្នក ព្រោះតែព្រះដ៏គួរស្អប់ខ្ពើមទាំងប៉ុន្មានរបស់អ្នក។
4. យើងនឹងមិនអាណិតមេត្តាអ្នក ហើយយើងក៏មិនត្រាប្រណីអ្នកដែរ យើងនឹងដាក់ទោសអ្នក ព្រោះតែអំពើអាក្រក់ដែលអ្នកប្រព្រឹត្ត និងការគោរពព្រះដ៏គួរស្អប់ខ្ពើមក្នុងចំណោមអ្នក។ ពេលនោះ អ្នករាល់គ្នានឹងទទួលស្គាល់ថា យើងនេះហើយជាព្រះអម្ចាស់»។
5. ព្រះជាអម្ចាស់មានព្រះបន្ទូលថា៖ «ទុក្ខវេទនាមកដល់ហើយ! គឺទុក្ខវេទនាខុសប្លែកពីធម្មតា!
6. ចុងបញ្ចប់កំពុងតែមក ចុងបញ្ចប់មកដល់ហើយ ចុងបញ្ចប់មកប្រឆាំងនឹងអ្នកយ៉ាងឆាប់ៗ ចុងបញ្ចប់មកដល់ហើយ!
7. អ្នកស្រុកអើយ ពេលដែលអ្នកត្រូវវិនាសមកដល់ហើយ ពេលកំណត់ក៏មកដល់ដែរ។ ថ្ងៃនោះមកដល់ហើយ គឺថ្ងៃដែលលែងមានសម្រែកអរសប្បាយនៅតាមភ្នំ ផ្ទុយទៅវិញ មានតែសម្រែកស្លន់ស្លោ។
8. ឥឡូវនេះ យើងត្រៀមខ្លួនជះកំហឹងលើអ្នក ឥតបង្អង់ឡើយ។ យើងនឹងធ្វើទោសអ្នកតាមកំហឹងរបស់យើង រហូតដល់ចប់ចុងចប់ដើម ព្រោះតែអំពើអាក្រក់ដែលអ្នកប្រព្រឹត្ត។ យើងនឹងវិនិច្ឆ័យទោសអ្នក ព្រោះតែព្រះដ៏គួរស្អប់ខ្ពើមទាំងប៉ុន្មានរបស់អ្នក។
9. យើងនឹងមិនអាណិតមេត្តាអ្នក ហើយយើងក៏មិនត្រាប្រណីអ្នកដែរ យើងនឹងដាក់ទោសអ្នក ស្របតាមអំពើអាក្រក់ដែលអ្នកប្រព្រឹត្ត ដោយគោរពព្រះដ៏គួរស្អប់ខ្ពើមទាំងប៉ុន្មាន។ ពេលនោះ អ្នករាល់គ្នានឹងទទួលស្គាល់ថា យើងនេះហើយជាព្រះអម្ចាស់ដែលបានវាយអ្នក»។
10. នុ៎ះន៏ថ្ងៃកំណត់! ថ្ងៃកំណត់មកដល់ហើយ! ពេលដែលត្រូវវិនាសមកដល់ហើយ អំពើឃោរឃៅកាន់តែរីកចម្រើន មនុស្សព្រហើនកើនដល់កម្រិត!