20. សរុបមក ដីដែលត្រូវញែកទុកថ្វាយព្រះអម្ចាស់ មានប្រវែងពីរម៉ឺនប្រាំពាន់ហត្ថបួនជ្រុង។ ត្រូវទុកដីសក្ការៈនោះមួយភាគបួន ជាកម្មសិទ្ធិរបស់ទីក្រុង។
21. ដីដែលនៅសល់ ត្រូវបានជាកម្មសិទ្ធិរបស់មេដឹកនាំ គឺដីដែលនៅសងខាងដីសក្ការៈ និងដីរបស់ទីក្រុងមានបណ្ដោយពីរម៉ឺនប្រាំពាន់ហត្ថ ហើយទទឹងគិតចាប់ពីព្រំប្រទល់ខាងកើត និងព្រំប្រទល់ខាងលិច។ ដីសក្ការៈ និងទីសក្ការៈក្នុងព្រះដំណាក់ស្ថិតនៅចំកណ្ដាល។
22. ដីរបស់មេដឹកនាំមានដីរបស់ពួកលេវី និងដីរបស់ទីក្រុងនៅចំពាក់កណ្ដាល ដីនោះស្ថិតនៅចន្លោះដីរបស់កុលសម្ព័ន្ធយូដា និងកុលសម្ព័ន្ធបេនយ៉ាមីន។
23. កុលសម្ព័ន្ធឯទៀតៗដែលត្រូវទទួលដីជាចំណែកមត៌កនោះ គឺកុលសម្ព័ន្ធបេនយ៉ាមីន ចាប់ពីខាងកើតទៅខាងលិច។
24. ទឹកដីរបស់កុលសម្ព័ន្ធស៊ីម្មាននៅជាប់នឹងទឹកដីបេនយ៉ាមីន ចាប់ពីខាងកើតទៅខាងលិច។
25. ទឹកដីរបស់កុលសម្ព័ន្ធអ៊ីសាខារនៅជាប់នឹងទឹកដីស៊ីម្មាន ចាប់ពីខាងកើតទៅខាងលិច។
26. ទឹកដីរបស់កុលសម្ព័ន្ធសាប់យូឡូននៅជាប់នឹងទឹកដីអ៊ីសាខារ ចាប់ពីខាងកើតទៅខាងលិច។
27. ទឹកដីរបស់កុលសម្ព័ន្ធកាដនៅជាប់នឹងទឹកដីសាប់យូឡូន ចាប់ពីខាងកើតទៅខាងលិច។
28. ទឹកដីរបស់កុលសម្ព័ន្ធកាដ ជាព្រំដែនខាងត្បូងរបស់ស្រុក លាតសន្ធឹងចាប់ពីតាម៉ាររហូតដល់មេរីបានៅវាលរហោស្ថានកាដេស និងរហូតដល់ទឹកអូរ ដែលហូរចាក់ទៅក្នុងសមុទ្រមេឌីទែរ៉ាណេ។
29. នេះហើយជាទឹកដីដែលអ្នករាល់គ្នាត្រូវបែងចែក ដល់កុលសម្ព័ន្ធនានានៃជនជាតិអ៊ីស្រាអែល ដោយចាប់ឆ្នោតយកជាចំណែកមត៌ករបស់ពួកគេ -នេះជាព្រះបន្ទូលរបស់ព្រះជាអម្ចាស់។
30. រីឯច្រកចូលទីក្រុងមានដូចតទៅ: កំពែងខាងជើងមានបណ្ដោយបួនពាន់ប្រាំរយហត្ថ។
31. នៅកំពែងនេះមានទ្វារក្រុងបី ដាក់ឈ្មោះតាមកុលសម្ព័ន្ធនៃជនជាតិអ៊ីស្រាអែល គឺទ្វាររូបេន ទ្វារយូដា និងទ្វារលេវី។
32. កំពែងខាងកើតមានបណ្ដោយបួនពាន់ប្រាំរយហត្ថ មានទ្វារក្រុងបី គឺទ្វារយ៉ូសែប ទ្វារបេនយ៉ាមីន និងទ្វារដាន់។
33. កំពែងខាងត្បូងមានបណ្ដោយបួនពាន់ប្រាំរយហត្ថ មានទ្វារក្រុងបី គឺទ្វារស៊ីម្មាន ទ្វារអ៊ីសាខារ និងទ្វារសាប់យូឡូន។