2. ទឹកដីរបស់កុលសម្ព័ន្ធអេស៊ើរស្ថិតនៅជាប់នឹងទឹកដីដាន់ ចាប់ពីខាងកើតទៅខាងលិច។
3. ទឹកដីរបស់កុលសម្ព័ន្ធណែបថាលីនៅជាប់នឹងទឹកដីអេស៊ើរ ចាប់ពីខាងកើតទៅខាងលិច។
4. ទឹកដីរបស់កុលសម្ព័ន្ធម៉ាណាសេនៅជាប់នឹងទឹកដីណែបថាលី ចាប់ពីខាងកើតទៅខាងលិច។
5. ទឹកដីរបស់កុលសម្ព័ន្ធអេប្រាអ៊ីមនៅជាប់នឹងទឹកដីម៉ាណាសេ ចាប់ពីខាងកើតទៅខាងលិច។
6. ទឹកដីរបស់កុលសម្ព័ន្ធរូបេននៅជាប់នឹងទឹកដីអេប្រាអ៊ីម ចាប់ពីខាងកើតទៅខាងលិច។
7. ទឹកដីរបស់កុលសម្ព័ន្ធយូដានៅជាប់នឹងទឹកដីរូបេន ចាប់ពីខាងកើតទៅខាងលិច។
8. នៅជាប់នឹងទឹកដីរបស់កុលសម្ព័ន្ធយូដា ចាប់ពីខាងកើតទៅខាងលិច ត្រូវញែកដីមួយចំណែកដែលមានទទឹងពីរម៉ឺនប្រាំពាន់ហត្ថ ហើយមានបណ្ដោយស្មើនឹងចំណែកទឹកដីរបស់កុលសម្ព័ន្ធនីមួយៗ ដែលរាប់ពីខាងកើតទៅខាងលិច។ ទីសក្ការៈត្រូវនៅចំកណ្ដាលដីនោះ។
9. ដីដែលអ្នករាល់គ្នាញែកថ្វាយព្រះអម្ចាស់ ត្រូវមានបណ្ដោយពីរម៉ឺនប្រាំពាន់ហត្ថ ទទឹងមួយម៉ឺនហត្ថ។
10. ដីដ៏សក្ការៈនេះត្រូវចែកឲ្យពួកបូជាចារ្យទុកជាកម្មសិទ្ធិ គឺខាងជើងមានប្រវែងពីរម៉ឺនប្រាំពាន់ហត្ថ ខាងលិចមានប្រវែងមួយម៉ឺនហត្ថ ខាងកើតមានប្រវែងមួយម៉ឺនហត្ថ ខាងត្បូងមានប្រវែងពីរម៉ឺនប្រាំពាន់ហត្ថ។ ទីសក្ការៈរបស់ព្រះអម្ចាស់ត្រូវនៅចំកណ្ដាល។
11. ដីនេះត្រូវបានជាកម្មសិទ្ធិកូនចៅរបស់លោកសាដុក ដែលបានទទួលមុខងារជាបូជាចារ្យ។ អ្នកទាំងនោះប្ដូរផ្ដាច់បម្រើយើង គឺនៅគ្រាដែល ជនជាតិអ៊ីស្រាអែលវង្វេងឆ្ងាយពីយើងបូជាចារ្យទាំងនោះពុំបានវង្វេងដូចពួកលេវីទេ។