1. តទៅនេះជាឈ្មោះកុលសម្ព័ន្ធ និងចំណែកមត៌ករបស់គេ។ ទឹកដីរបស់កុលសម្ព័ន្ធដាន់ស្ថិតនៅចុងខាងជើងបំផុត គឺនៅតាមបណ្ដោយផ្លូវពីហេតឡូនទៅហាម៉ាត់ ហាសា-អេណាន ព្រំប្រទល់ដាម៉ាស គឺទៅដល់ខាងជើងហាម៉ាត់ លាតសន្ធឹងចាប់ពីទិសខាងកើត ទៅទិសខាងលិច។
2. ទឹកដីរបស់កុលសម្ព័ន្ធអេស៊ើរស្ថិតនៅជាប់នឹងទឹកដីដាន់ ចាប់ពីខាងកើតទៅខាងលិច។
3. ទឹកដីរបស់កុលសម្ព័ន្ធណែបថាលីនៅជាប់នឹងទឹកដីអេស៊ើរ ចាប់ពីខាងកើតទៅខាងលិច។
4. ទឹកដីរបស់កុលសម្ព័ន្ធម៉ាណាសេនៅជាប់នឹងទឹកដីណែបថាលី ចាប់ពីខាងកើតទៅខាងលិច។
5. ទឹកដីរបស់កុលសម្ព័ន្ធអេប្រាអ៊ីមនៅជាប់នឹងទឹកដីម៉ាណាសេ ចាប់ពីខាងកើតទៅខាងលិច។
6. ទឹកដីរបស់កុលសម្ព័ន្ធរូបេននៅជាប់នឹងទឹកដីអេប្រាអ៊ីម ចាប់ពីខាងកើតទៅខាងលិច។
7. ទឹកដីរបស់កុលសម្ព័ន្ធយូដានៅជាប់នឹងទឹកដីរូបេន ចាប់ពីខាងកើតទៅខាងលិច។
8. នៅជាប់នឹងទឹកដីរបស់កុលសម្ព័ន្ធយូដា ចាប់ពីខាងកើតទៅខាងលិច ត្រូវញែកដីមួយចំណែកដែលមានទទឹងពីរម៉ឺនប្រាំពាន់ហត្ថ ហើយមានបណ្ដោយស្មើនឹងចំណែកទឹកដីរបស់កុលសម្ព័ន្ធនីមួយៗ ដែលរាប់ពីខាងកើតទៅខាងលិច។ ទីសក្ការៈត្រូវនៅចំកណ្ដាលដីនោះ។
9. ដីដែលអ្នករាល់គ្នាញែកថ្វាយព្រះអម្ចាស់ ត្រូវមានបណ្ដោយពីរម៉ឺនប្រាំពាន់ហត្ថ ទទឹងមួយម៉ឺនហត្ថ។
10. ដីដ៏សក្ការៈនេះត្រូវចែកឲ្យពួកបូជាចារ្យទុកជាកម្មសិទ្ធិ គឺខាងជើងមានប្រវែងពីរម៉ឺនប្រាំពាន់ហត្ថ ខាងលិចមានប្រវែងមួយម៉ឺនហត្ថ ខាងកើតមានប្រវែងមួយម៉ឺនហត្ថ ខាងត្បូងមានប្រវែងពីរម៉ឺនប្រាំពាន់ហត្ថ។ ទីសក្ការៈរបស់ព្រះអម្ចាស់ត្រូវនៅចំកណ្ដាល។
11. ដីនេះត្រូវបានជាកម្មសិទ្ធិកូនចៅរបស់លោកសាដុក ដែលបានទទួលមុខងារជាបូជាចារ្យ។ អ្នកទាំងនោះប្ដូរផ្ដាច់បម្រើយើង គឺនៅគ្រាដែល ជនជាតិអ៊ីស្រាអែលវង្វេងឆ្ងាយពីយើងបូជាចារ្យទាំងនោះពុំបានវង្វេងដូចពួកលេវីទេ។
12. ដូច្នេះ ពួកគេត្រូវទទួលដីដ៏សក្ការៈបំផុតនេះ ជាដីញែកថ្វាយព្រះអម្ចាស់ នៅជាប់នឹងដីរបស់ពួកលេវី។
13. ពួកលេវីនឹងទទួលដី ដែលនៅតាមបណ្ដោយព្រំប្រទល់ដីរបស់ពួកបូជាចារ្យ គឺបណ្ដោយពីរម៉ឺនប្រាំពាន់ហត្ថ ទទឹងមួយម៉ឺនហត្ថដូចទំហំដីរបស់បូជាចារ្យដែរ។
14. ពួកគេមិនអាចលក់ដូរ ឬបង្វិលដីទាំងនេះទេ ព្រោះជាចំណែកល្អជាងគេដែលបានញែកថ្វាយព្រះអម្ចាស់។