1. បុរសនោះនាំខ្ញុំឆ្ពោះទៅកាន់ទ្វារព្រះដំណាក់វិញ។ នៅទីនោះ ខ្ញុំឃើញទឹកផុសចេញពីក្រោមមាត់ទ្វារ ហូរទៅទិសខាងកើត ព្រោះព្រះដំណាក់បែរមុខទៅខាងកើត។ ទឹកហូរចុះទៅខាងស្ដាំព្រះដំណាក់ កាត់តាមខាងត្បូងអាសនៈ។
2. បុរសនោះនាំខ្ញុំចេញពីទីលានតាមខ្លោងទ្វារខាងជើង ហើយនាំខ្ញុំដើរវាងព្រះដំណាក់ រហូតដល់ខាងក្រៅទ្វារខាងកើត។ នៅទីនោះ ទឹកក៏ហូរចេញពីខាងស្ដាំមកដែរ។
3. កាលបុរសនោះចេញទៅខាងកើត ទាំងកាន់ខ្សែរង្វាស់លោកវាស់មួយពាន់ហត្ថ រួចឲ្យខ្ញុំដើរលុយទឹក ទឹកឡើងដល់ត្រឹមភ្នែកគោល។
4. លោកវាស់មួយពាន់ហត្ថទៀត ហើយឲ្យខ្ញុំដើរលុយទឹកទឹកឡើងដល់ត្រឹមក្បាលជង្គង់។ លោកវាស់មួយពាន់ហត្ថសាជាថ្មីទៀត រួចឲ្យខ្ញុំលុយទឹក លើកនេះទឹកឡើងដល់ត្រឹមចង្កេះ។
5. លោកវាស់ថែមមួយពាន់ហត្ថទៀត ពេលនោះ ទឹកហូរខ្លាំងដូចទឹកស្ទឹង ខ្ញុំលុយលែងកើតត្រូវតែហែល ព្រោះទឹកឡើងខ្លាំងពេកហើយជ្រៅផង។
6. លោកប្រាប់ខ្ញុំថា៖ «កូនមនុស្សអើយ! តើអ្នកឃើញឬទេ?» លោកក៏នាំខ្ញុំទៅមាត់ស្ទឹងវិញ។
7. កាលខ្ញុំមកដល់មាត់ស្ទឹង ឃើញមានដើមឈើជាច្រើនដុះទាំងសងខាង។
8. លោកប្រាប់ខ្ញុំថា៖ «ទឹកនេះហូរទៅស្រុកខាងកើត ចុះទៅដល់តំបន់ទន្លេយ័រដាន់ រួចហូរចាក់ទៅសមុទ្រធ្វើឲ្យទឹកសមុទ្រប្រែជាទឹកសាប។
9. ស្ទឹងនេះហូរកាត់កន្លែងណា កន្លែងនោះមានសត្វគ្រប់ប្រភេទរស់នៅរវើករវ័ណ្ឌ ហើយមានត្រីដ៏ច្រើនឥតគណនា ដ្បិតទឹកនេះហូរចូលសមុទ្រ ធ្វើឲ្យទឹកសមុទ្រនោះប្រែទៅជាទឹកសាប។ ទឹកនេះហូរទៅកន្លែងណា ជីវិតនឹងកើតមាននៅកន្លែងនោះ។
10. ពេលនោះ មានអ្នកនេសាទរាយអួនរបស់ខ្លួនចាប់ពីអេន-កេឌី រហូតដល់អេន-អេកលែម។ ត្រីនៅក្នុងនោះ មានពូជច្រើនប្រភេទ ដូចពូជត្រីនៅក្នុងមហាសាគរ។
11. រីឯទឹកនៅតាមព្រៃល្បប់ និងព្រៃរនាមជាប់នឹងសមុទ្រនោះ នៅតែប្រៃដដែល ព្រោះជាកន្លែងបម្រុងទុកសម្រាប់ធ្វើអំបិល។
12. នៅតាមមាត់ស្ទឹងទាំងសងខាង មានដើមឈើស៊ីផ្លែគ្រប់មុខដុះ ស្លឹកវាមិនចេះស្រពោនឡើយ ហើយផ្លែក៏មិនចេះអស់ដែរ។ រៀងរាល់ខែ ដើមឈើទាំងនោះផ្ដល់ផ្លែថ្មីមិនដាច់ ដ្បិតវាទទួលទឹកដែលហូរចេញពីទីសក្ការៈមក។ គេបេះផ្លែឈើនេះធ្វើជាអាហារ ហើយយកស្លឹកវាធ្វើជាថ្នាំសង្កូវសម្រាប់កែរោគផង»។
13. ព្រះជាអម្ចាស់មានព្រះបន្ទូលថា៖ «អ្នករាល់គ្នាត្រូវបែងចែកទឹកដីឲ្យកុលសម្ព័ន្ធទាំងដប់ពីរនៃជនជាតិអ៊ីស្រាអែល ដូចតទៅ: កូនចៅយ៉ូសែបទទួលពីរចំណែក។
14. ក្រៅពីនោះ អ្នករាល់គ្នាត្រូវបែងចែកឲ្យស្មើ គឺស្របតាមពាក្យដែលយើងបានសន្យាយ៉ាងឱឡារិកថា នឹងប្រគល់ឲ្យដូនតារបស់អ្នករាល់គ្នា។ ដូច្នេះ ទឹកដីនេះត្រូវបានជាកេរមត៌ករបស់អ្នករាល់គ្នា។
15. ព្រំស្រុករបស់អ្នករាល់គ្នាមានដូចតទៅ: ខាងជើងត្រូវគិតពីសមុទ្រមេឌីទែរ៉ាណេ ផ្លូវទៅហេតឡូនរហូតដល់ច្រកចូលសេដាត