6. នៅថ្ងៃបុណ្យចូលខែថ្មី មេដឹកនាំត្រូវថ្វាយគោស្ទាវឈ្មោលមួយក្បាល កូនចៀមប្រាំមួយក្បាល និងចៀមឈ្មោលមួយក្បាលដែលសុទ្ធតែល្អឥតខ្ចោះ។
7. ត្រូវយកម្សៅមួយថាំងមកថ្វាយជាមួយគោ នោះមួយថាំងទៀតថ្វាយជាមួយចៀមឈ្មោល ហើយប្រសិនបើធ្វើបាន ត្រូវថ្វាយម្សៅមួយថាំងទៀតជាមួយកូនចៀម ដោយលាយប្រេងប្រាំមួយលីត្រផង។
8. មេដឹកនាំចូលតាមច្រកបន្ទប់ល្វែងនៃខ្លោងទ្វារ រួចចេញទៅវិញតាមច្រកដដែល។
9. ពេលប្រជាជននាំគ្នាមកថ្វាយបង្គំព្រះអម្ចាស់ក្នុងពិធីបុណ្យដ៏សំខាន់ៗ អ្នកណាចូលតាមខ្លោងទ្វារខាងជើង ដើម្បីមកថ្វាយបង្គំ ត្រូវចេញទៅវិញតាមខ្លោងទ្វារខាងត្បូង។ អ្នកណាចូលតាមខ្លោងទ្វារខាងត្បូង ត្រូវចេញទៅវិញ តាមខ្លោងទ្វារខាងជើង។ មិនត្រូវចេញតាមខ្លោងទ្វារដែលខ្លួនបានចូលមកនោះឡើយ គឺត្រូវចេញតាមខ្លោងទ្វារដែលនៅទល់មុខ។
10. ពេលប្រជាជនចូល មេដឹកនាំក៏ចូលមកជាមួយ ហើយពេលពួកគេចេញទៅវិញ គាត់ក៏ត្រូវចេញទៅវិញជាមួយដែរ។
11. នៅថ្ងៃបុណ្យធម្មតា ឬក្នុងឱកាសពិធីបុណ្យសំខាន់ៗ ត្រូវថ្វាយតង្វាយម្សៅមួយថាំងជាមួយគោបា មួយថាំងទៀតជាមួយចៀមឈ្មោល ហើយប្រសិនបើធ្វើបាន ត្រូវថ្វាយម្សៅមួយថាំងទៀតជាមួយកូនចៀម ដោយលាយប្រេងប្រាំមួយលីត្រផង។
12. ប្រសិនបើមេដឹកនាំស្ម័គ្រចិត្តយកតង្វាយដុត ឬយញ្ញបូជាមេត្រីភាពពិសេស មកថ្វាយព្រះអម្ចាស់ គេត្រូវបើកទ្វារខាងកើតឲ្យគាត់ចូល។ គាត់ថ្វាយតង្វាយដុត និងយញ្ញបូជាមេត្រីភាពដូចគាត់ធ្លាប់ថ្វាយនៅថ្ងៃសប្ប័ទដែរ។ បន្ទាប់មក គាត់ចេញទៅវិញ រួចគេត្រូវបិទទ្វារពីក្រោយគាត់។
13. រៀងរាល់ថ្ងៃ អ្នកត្រូវថ្វាយកូនចៀមដ៏ល្អឥតខ្ចោះមួយក្បាលអាយុមួយខួប ជាតង្វាយដុតដល់ព្រះអម្ចាស់។ អ្នកត្រូវថ្វាយកូនចៀមនេះរៀងរាល់ព្រឹក។
14. ចូរយកតង្វាយម្សៅប្រាំគីឡូក្រាម និងប្រេងពីរលីត្រមកលាយគ្នា ថ្វាយជាតង្វាយដល់ព្រះអម្ចាស់ ជាមួយតង្វាយដុតនោះដែរ។ ត្រូវធ្វើតាមវិន័យដែលមានចែងទុកនេះរហូតតទៅ។
15. រាល់ព្រឹក ត្រូវថ្វាយកូនចៀម តង្វាយម្សៅ និងប្រេង ជាតង្វាយដុត រហូតតរៀងទៅ»។