14. ចូរយកតង្វាយម្សៅប្រាំគីឡូក្រាម និងប្រេងពីរលីត្រមកលាយគ្នា ថ្វាយជាតង្វាយដល់ព្រះអម្ចាស់ ជាមួយតង្វាយដុតនោះដែរ។ ត្រូវធ្វើតាមវិន័យដែលមានចែងទុកនេះរហូតតទៅ។
15. រាល់ព្រឹក ត្រូវថ្វាយកូនចៀម តង្វាយម្សៅ និងប្រេង ជាតង្វាយដុត រហូតតរៀងទៅ»។
16. ព្រះជាអម្ចាស់មានព្រះបន្ទូលថា៖ «ប្រសិនបើមេដឹកនាំចែកដីមួយកន្លែង ជាអំណោយដល់កូនរបស់ខ្លួន អំណោយនោះត្រូវចាត់ទុកជាចំណែកមត៌ក ជាកេរអាករ ដែលកូននោះអាចចែកតកូនចៅរបស់ខ្លួន។
17. ក៏ប៉ុន្តែ ប្រសិនបើគាត់យកដីដែលជាមត៌ករបស់ខ្លួន ប្រគល់ជាអំណោយដល់អ្នកបម្រើ ដីនោះនៅជាកម្មសិទ្ធិរបស់អ្នកបម្រើ រហូតដល់ឆ្នាំដែលគេបានរួចទៅជាអ្នកជា បន្ទាប់មក ត្រូវបង្វិលដីនោះមកមេដឹកនាំវិញ ដ្បិតមានតែកូនរបស់គាត់ទេដែលមានសិទ្ធិទទួលដីនោះជាកេរមត៌ក។
18. មេដឹកនាំមិនត្រូវប៉ះពាល់ដីធ្លីរបស់ប្រជាជនទេ គឺមិនត្រូវរឹបអូសយកដីរបស់ពួកគេឡើយ។ មេដឹកនាំត្រូវយកដីរបស់ខ្លួនផ្ទាល់ ចែកជាកេរមត៌កដល់កូនៗរបស់ខ្លួន ដើម្បីកុំឲ្យមាននរណាម្នាក់ ក្នុងចំណោមប្រជាជន បាត់បង់ដីធ្លីរបស់ខ្លួន»។
19. បន្ទាប់មក បុរសនោះនាំខ្ញុំចូលតាមច្រកមួយនៅក្បែរខ្លោងទ្វារ ក្នុងបន្ទប់ដ៏សក្ការៈដែលបម្រុងទុកសម្រាប់ពួកបូជាចារ្យ គឺបន្ទប់ដែលបែរមុខទៅរកទិសខាងជើង។ ខ្ញុំឃើញកន្លែងមួយនៅកៀនខាងក្នុង គឺនៅខាងលិច។
20. លោកមានប្រសាសន៍មកខ្ញុំថា៖ «នេះជាកន្លែងពួកបូជាចារ្យស្ងោរសាច់ ដែលគេយកមកថ្វាយជាយញ្ញបូជាសុំលើកលែងទោស និងយញ្ញបូជារំដោះបាប។ គេក៏ចំអិនតង្វាយម្សៅនៅទីនេះដែរ ដើម្បីចៀសវាងសែងទៅខាងក្រៅ ក្រែងលោប្រជាជនប៉ះពាល់របស់សក្ការៈ»។
21. លោកនាំខ្ញុំចេញទៅទីលានខាងក្រៅ ឲ្យខ្ញុំដើរកាត់ជ្រុងទាំងបួននៃទីលាន។ តាមជ្រុងនីមួយៗនៃទីលាននោះ មានទីធ្លាមួយ។
22. ទីធ្លាទាំងបួនមានទំហំតូចប៉ុនៗគ្នា គឺបណ្ដោយសែសិបហត្ថ និងទទឹងសាមសិបហត្ថ។
23. មានរបងមួយព័ទ្ធជុំវិញទីធ្លាទាំងបួន ហើយមានកន្លែងធ្វើម្ហូប នៅជាប់នឹងរបងដែលព័ទ្ធជុំវិញនោះផង។
24. បុរសនោះមានប្រសាសន៍មកខ្ញុំថា៖ «នេះជាកន្លែងដែលពួកជំនួយការក្នុងព្រះដំណាក់ចំអិនសាច់ ដែលប្រជាជនយកមកថ្វាយជាយញ្ញបូជា»។