1. ព្រះជាអម្ចាស់មានព្រះបន្ទូលដូចតទៅ៖ «ត្រូវបិទខ្លោងទ្វារទីធ្លាខាងក្នុង គឺខ្លោងទ្វារខាងកើតចំនួនប្រាំមួយថ្ងៃ ដែលប្រជាជនធ្វើការ តែត្រូវបើកទ្វារនោះនៅថ្ងៃសប្ប័ទ និងថ្ងៃបុណ្យចូលខែថ្មី។
2. មេដឹកនាំត្រូវចូលមកតាមច្រកបន្ទប់ល្វែងនៃខ្លោងទ្វារខាងក្រៅ ហើយឈប់នៅចំមាត់ទ្វារ។ គាត់ប្រគល់សត្វឲ្យពួកបូជាចារ្យ ដើម្បីថ្វាយតង្វាយដុត និងយញ្ញបូជានៃមេត្រីភាព។ មេដឹកនាំត្រូវក្រាបថ្វាយបង្គំ នៅត្រង់ខ្លោងទ្វារ រួចចេញទៅវិញ។ ត្រូវទុកខ្លោងទ្វារចំហរហូតដល់ល្ងាច។
3. នៅថ្ងៃសប្ប័ទ និងថ្ងៃបុណ្យចូលខែថ្មីប្រជាជនត្រូវនាំគ្នាក្រាបថ្វាយបង្គំព្រះអម្ចាស់ នៅមុខខ្លោងទ្វារនេះ។
4. មេដឹកនាំត្រូវយកកូនចៀមដ៏ល្អឥតខ្ចោះប្រាំមួយក្បាល និងចៀមឈ្មោលដ៏ល្អឥតខ្ចោះមួយក្បាល មកថ្វាយព្រះអម្ចាស់ ជាតង្វាយដុតទាំងមូល។
5. ត្រូវថ្វាយម្សៅមួយថាំងជាមួយចៀមឈ្មោលនោះ ហើយប្រសិនបើធ្វើបាន ត្រូវថ្វាយម្សៅមួយថាំងជាមួយកូនចៀមដោយលាយប្រេងប្រាំមួយលីត្រផង។
6. នៅថ្ងៃបុណ្យចូលខែថ្មី មេដឹកនាំត្រូវថ្វាយគោស្ទាវឈ្មោលមួយក្បាល កូនចៀមប្រាំមួយក្បាល និងចៀមឈ្មោលមួយក្បាលដែលសុទ្ធតែល្អឥតខ្ចោះ។
7. ត្រូវយកម្សៅមួយថាំងមកថ្វាយជាមួយគោ នោះមួយថាំងទៀតថ្វាយជាមួយចៀមឈ្មោល ហើយប្រសិនបើធ្វើបាន ត្រូវថ្វាយម្សៅមួយថាំងទៀតជាមួយកូនចៀម ដោយលាយប្រេងប្រាំមួយលីត្រផង។
8. មេដឹកនាំចូលតាមច្រកបន្ទប់ល្វែងនៃខ្លោងទ្វារ រួចចេញទៅវិញតាមច្រកដដែល។
9. ពេលប្រជាជននាំគ្នាមកថ្វាយបង្គំព្រះអម្ចាស់ក្នុងពិធីបុណ្យដ៏សំខាន់ៗ អ្នកណាចូលតាមខ្លោងទ្វារខាងជើង ដើម្បីមកថ្វាយបង្គំ ត្រូវចេញទៅវិញតាមខ្លោងទ្វារខាងត្បូង។ អ្នកណាចូលតាមខ្លោងទ្វារខាងត្បូង ត្រូវចេញទៅវិញ តាមខ្លោងទ្វារខាងជើង។ មិនត្រូវចេញតាមខ្លោងទ្វារដែលខ្លួនបានចូលមកនោះឡើយ គឺត្រូវចេញតាមខ្លោងទ្វារដែលនៅទល់មុខ។