19. បូជាចារ្យត្រូវយកឈាមរបស់សត្វ ដែលគេបូជារំដោះបាបនោះ លាបនៅលើក្របទ្វារនៃព្រះដំណាក់ លើគែមទាំងបួនជ្រុងរបស់អាសនៈ ព្រមទាំងលើក្របខ្លោងទ្វារខាងក្នុងផង។
20. នៅថ្ងៃទីប្រាំពីរក្នុងខែដដែលក៏ត្រូវធ្វើដូច្នេះដែរ ដើម្បីលោះបាបអ្នកដែលប្រព្រឹត្តអំពើបាប ដោយអចេតនា ឬដោយធ្វេសប្រហែស។ អ្នករាល់គ្នាធ្វើបែបនេះ ដើម្បីជម្រះព្រះដំណាក់ឲ្យបរិសុទ្ធ។
21. នៅថ្ងៃទីដប់បួននៃខែទីមួយ អ្នករាល់គ្នាត្រូវប្រារព្ធធ្វើពិធីបុណ្យចម្លង*។ បុណ្យនេះមានរយៈពេលប្រាំពីរថ្ងៃ ហើយក្នុងអំឡុងពេលនោះ អ្នករាល់គ្នាត្រូវបរិភោគនំបុ័ងឥតមេ។
22. នៅថ្ងៃនោះ មេដឹកនាំត្រូវយកគោបាមួយមកធ្វើជាយញ្ញបូជារំដោះបាបខ្លួនឯងផ្ទាល់ និងបាបរបស់ប្រជាជនទាំងមូល។
23. ក្នុងអំឡុងពេលបុណ្យប្រាំពីរថ្ងៃនោះ មេដឹកនាំត្រូវយកគោបាប្រាំពីរ និងចៀមឈ្មោលប្រាំពីរដ៏ល្អឥតខ្ចោះ មកថ្វាយរៀងរាល់ថ្ងៃ ជាតង្វាយដុតទាំងមូល ហើយរៀងរាល់ថ្ងៃ ត្រូវថ្វាយពពែឈ្មោលមួយជាយញ្ញបូជាលោះបាបផង។
24. សម្រាប់គោមួយ ត្រូវយកតង្វាយម្សៅមួយថាំងមកថ្វាយជាមួយ រីឯចៀមឈ្មោលមួយក៏ត្រូវយកតង្វាយម្សៅមួយថាំងមកថ្វាយជាមួយដែរ ហើយម្សៅមួយថាំងត្រូវលាយប្រេងប្រាំមួយលីត្រ។
25. នៅថ្ងៃទីដប់ប្រាំ ក្នុងខែទីប្រាំពីរ នៅពេលបុណ្យ ត្រូវថ្វាយយញ្ញបូជាលោះបាប ក្នុងអំឡុងពេលប្រាំពីរថ្ងៃ ព្រមទាំងតង្វាយដុត និងតង្វាយម្សៅលាយជាមួយប្រេងដូចមុនដែរ»។