អេសេ‌គាល 45:17-21 Khmer Standard Version (KHSV)

17. មេ​ដឹក​នាំ​មាន​ភារ‌កិច្ច​ចាត់​ចែង​តង្វាយ​ដុត​ទាំង​មូល តង្វាយ​ផ្សេងៗ និង​ពិធី​ច្រួច‌ស្រា ព្រម​ទាំង​ពិធី​បុណ្យ​ផ្សេងៗ បុណ្យ​ចូល​ខែ​ថ្មី ថ្ងៃ​សប្ប័ទ និង​បុណ្យ​ដ៏​សំខាន់​ឯ​ទៀតៗ​ដែល​កូន​ចៅ​អ៊ីស្រា‌អែល​ប្រារព្ធ​ធ្វើ។ គេ​នឹង​ថ្វាយ​យញ្ញ‌បូជា​លោះ​បាប តង្វាយ​ម្សៅ តង្វាយ​ដុត​ទាំង​មូល យញ្ញ‌បូជា​នៃ​មេត្រី‌ភាព និង​ធ្វើ​ពិធី​រំដោះ​បាប​កូន​ចៅ​អ៊ីស្រា‌អែល»។

18. ព្រះ‌ជា‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថា៖ «នៅ​ថ្ងៃ​ទី​មួយ​នៃ​ខែ​ទី​មួយ ត្រូវ​យក​គោ​ស្ទាវ​ឈ្មោល​មួយ​ល្អ​ឥត​ខ្ចោះ មក​ធ្វើ​យញ្ញ‌បូជា ដើម្បី​ជម្រះ​ទី‌សក្ការៈ​ឲ្យ​បរិសុទ្ធ។

19. បូជា‌ចារ្យ​ត្រូវ​យក​ឈាម​របស់​សត្វ ដែល​គេ​បូជា​រំដោះ​បាប​នោះ លាប​នៅ​លើ​ក្រប​ទ្វារ​នៃ​ព្រះ‌ដំណាក់ លើ​គែម​ទាំង​បួន​ជ្រុង​របស់​អាសនៈ ព្រម​ទាំង​លើ​ក្រប​ខ្លោង​ទ្វារ​ខាង​ក្នុង​ផង។

20. នៅ​ថ្ងៃ​ទី​ប្រាំ‌ពីរ​ក្នុង​ខែ​ដដែល​ក៏​ត្រូវ​ធ្វើ​ដូច្នេះ​ដែរ ដើម្បី​លោះ​បាប​អ្នក​ដែល​ប្រព្រឹត្ត​អំពើ​បាប ដោយ​អចេតនា ឬ​ដោយ​ធ្វេស‌ប្រហែស។ អ្នក​រាល់​គ្នា​ធ្វើ​បែប​នេះ ដើម្បី​ជម្រះ​ព្រះ‌ដំណាក់​ឲ្យ​បរិសុទ្ធ។

21. នៅ​ថ្ងៃ​ទី​ដប់‌បួន​នៃ​ខែ​ទី​មួយ អ្នក​រាល់​គ្នា​ត្រូវ​ប្រារព្ធ​ធ្វើ​ពិធី​បុណ្យ​ចម្លង*។ បុណ្យ​នេះ​មាន​រយៈ​ពេល​ប្រាំ‌ពីរ​ថ្ងៃ ហើយ​ក្នុង​អំឡុង​ពេល​នោះ អ្នក​រាល់​គ្នា​ត្រូវ​បរិភោគ​នំបុ័ង​ឥត​មេ។

អេសេ‌គាល 45