12. រីឯទម្ងន់វិញ ក្នុងមួយស៊ីគ* មានម្ភៃកេរ៉ា* ហើយមួយមីន* មានហុកសិបស៊ីគ។
13. ភោគផលដែលអ្នករាល់គ្នាត្រូវញែកទុកជាតង្វាយនោះ គឺស្រូវមួយភាគហុកសិប ពោតមួយភាគហុកសិប។
14. ចំណែកឯប្រេងវិញ ត្រូវវាល់មួយភាគរយទុកជាតង្វាយ ដោយយកបាថ មកវាល់។ មួយហូមែរ មានដប់បាថ ហើយមួយគរ*ក៏មានដប់បាថ ដែរ។
15. រីឯហ្វូងសត្វនៅតាមវាលស្មៅនៃស្រុកអ៊ីស្រាអែល ក្នុងហ្វូងចៀមដែលមានចំនួនពីររយក្បាល ត្រូវយកមួយក្បាលមកថ្វាយជាតង្វាយដុត*ទាំងមូល ជាយញ្ញបូជាមេត្រីភាព និងធ្វើពិធីរំដោះបាប - នេះជាព្រះបន្ទូលរបស់ព្រះជាអម្ចាស់។
16. ប្រជាជនទាំងមូលនៅក្នុងស្រុកត្រូវប្រមូលតង្វាយទាំងនោះ យកទៅឲ្យមេដឹកនាំស្រុកអ៊ីស្រាអែល។
17. មេដឹកនាំមានភារកិច្ចចាត់ចែងតង្វាយដុតទាំងមូល តង្វាយផ្សេងៗ និងពិធីច្រួចស្រា ព្រមទាំងពិធីបុណ្យផ្សេងៗ បុណ្យចូលខែថ្មី ថ្ងៃសប្ប័ទ និងបុណ្យដ៏សំខាន់ឯទៀតៗដែលកូនចៅអ៊ីស្រាអែលប្រារព្ធធ្វើ។ គេនឹងថ្វាយយញ្ញបូជាលោះបាប តង្វាយម្សៅ តង្វាយដុតទាំងមូល យញ្ញបូជានៃមេត្រីភាព និងធ្វើពិធីរំដោះបាបកូនចៅអ៊ីស្រាអែល»។
18. ព្រះជាអម្ចាស់មានព្រះបន្ទូលថា៖ «នៅថ្ងៃទីមួយនៃខែទីមួយ ត្រូវយកគោស្ទាវឈ្មោលមួយល្អឥតខ្ចោះ មកធ្វើយញ្ញបូជា ដើម្បីជម្រះទីសក្ការៈឲ្យបរិសុទ្ធ។
19. បូជាចារ្យត្រូវយកឈាមរបស់សត្វ ដែលគេបូជារំដោះបាបនោះ លាបនៅលើក្របទ្វារនៃព្រះដំណាក់ លើគែមទាំងបួនជ្រុងរបស់អាសនៈ ព្រមទាំងលើក្របខ្លោងទ្វារខាងក្នុងផង។
20. នៅថ្ងៃទីប្រាំពីរក្នុងខែដដែលក៏ត្រូវធ្វើដូច្នេះដែរ ដើម្បីលោះបាបអ្នកដែលប្រព្រឹត្តអំពើបាប ដោយអចេតនា ឬដោយធ្វេសប្រហែស។ អ្នករាល់គ្នាធ្វើបែបនេះ ដើម្បីជម្រះព្រះដំណាក់ឲ្យបរិសុទ្ធ។
21. នៅថ្ងៃទីដប់បួននៃខែទីមួយ អ្នករាល់គ្នាត្រូវប្រារព្ធធ្វើពិធីបុណ្យចម្លង*។ បុណ្យនេះមានរយៈពេលប្រាំពីរថ្ងៃ ហើយក្នុងអំឡុងពេលនោះ អ្នករាល់គ្នាត្រូវបរិភោគនំបុ័ងឥតមេ។
22. នៅថ្ងៃនោះ មេដឹកនាំត្រូវយកគោបាមួយមកធ្វើជាយញ្ញបូជារំដោះបាបខ្លួនឯងផ្ទាល់ និងបាបរបស់ប្រជាជនទាំងមូល។
23. ក្នុងអំឡុងពេលបុណ្យប្រាំពីរថ្ងៃនោះ មេដឹកនាំត្រូវយកគោបាប្រាំពីរ និងចៀមឈ្មោលប្រាំពីរដ៏ល្អឥតខ្ចោះ មកថ្វាយរៀងរាល់ថ្ងៃ ជាតង្វាយដុតទាំងមូល ហើយរៀងរាល់ថ្ងៃ ត្រូវថ្វាយពពែឈ្មោលមួយជាយញ្ញបូជាលោះបាបផង។