1. «ពេលណាអ្នករាល់គ្នាចាប់ឆ្នោតបែងចែកទឹកដីជាមត៌ក ត្រូវញែកដីមួយចំណែកទុកជាដីសក្ការៈ ថ្វាយព្រះអម្ចាស់។ ដីនោះមានបណ្ដោយពីរម៉ឺនប្រាំពាន់ហត្ថ និងទទឹងមួយម៉ឺនហត្ថ ត្រូវចាត់ទុកថាជាកន្លែងដ៏វិសុទ្ធ។
2. ក្នុងបរិវេណដីនោះ ត្រូវមានកន្លែងសម្រាប់ទីសក្ការៈ ដែលមានទំហំប្រាំរយហត្ថបួនជ្រុង និងទីធ្លាព័ទ្ធជុំវិញដែលមានទទឹងប្រាំរយហត្ថ។
3. នៅលើផ្ទៃដីដែលមានបណ្ដោយពីរម៉ឺនប្រាំពាន់ហត្ថ និងទទឹងមួយម៉ឺនហត្ថនេះ អ្នកត្រូវវាស់កន្លែងមួយទុកជាទីសក្ការៈដ៏វិសុទ្ធបំផុត។
4. ដីនោះជាកន្លែងដ៏សក្ការៈនៅក្នុងស្រុក ជាកម្មសិទ្ធិរបស់ពួកបូជាចារ្យ ដែលបម្រើព្រះអម្ចាស់នៅក្នុងទីសក្ការៈ។ ពួកបូជាចារ្យនឹងសង់ផ្ទះនៅលើដីនោះ ហើយទីសក្ការៈក៏ស្ថិតនៅលើដីនោះដែរ។
5. ត្រូវទុកដីដែលមានបណ្ដោយពីរម៉ឺនប្រាំពាន់ហត្ថ និងទទឹងមួយម៉ឺនហត្ថទៀត សម្រាប់ឲ្យពួកលេវីដែលធ្វើការនៅក្នុងព្រះដំណាក់ សង់ក្រុងរស់នៅ។
6. ត្រូវវាស់ដីមួយចំណែកទៀត នៅទន្ទឹមគ្នានឹងដីសក្ការៈដែលមានទទឹងប្រាំពាន់ហត្ថ បណ្ដោយពីរម៉ឺនប្រាំពាន់ហត្ថ ទុកសម្រាប់ឲ្យកូនចៅអ៊ីស្រាអែលសង់ក្រុងរស់នៅ។
7. ត្រូវទុកដីដែលនៅសងខាងដីសក្ការៈ និងដីក្រុង គឺដីដែលនៅទន្ទឹមដីសក្ការៈ និងដីក្រុង ទាំងខាងលិច ទាំងខាងកើត ឲ្យមេដឹកនាំ។ ដីរបស់មេដឹកនាំមានទំហំស្មើនឹងចំណែកដីរបស់កុលសម្ព័ន្ធនីមួយៗ។