1. «ពេលណាអ្នករាល់គ្នាចាប់ឆ្នោតបែងចែកទឹកដីជាមត៌ក ត្រូវញែកដីមួយចំណែកទុកជាដីសក្ការៈ ថ្វាយព្រះអម្ចាស់។ ដីនោះមានបណ្ដោយពីរម៉ឺនប្រាំពាន់ហត្ថ និងទទឹងមួយម៉ឺនហត្ថ ត្រូវចាត់ទុកថាជាកន្លែងដ៏វិសុទ្ធ។
2. ក្នុងបរិវេណដីនោះ ត្រូវមានកន្លែងសម្រាប់ទីសក្ការៈ ដែលមានទំហំប្រាំរយហត្ថបួនជ្រុង និងទីធ្លាព័ទ្ធជុំវិញដែលមានទទឹងប្រាំរយហត្ថ។
3. នៅលើផ្ទៃដីដែលមានបណ្ដោយពីរម៉ឺនប្រាំពាន់ហត្ថ និងទទឹងមួយម៉ឺនហត្ថនេះ អ្នកត្រូវវាស់កន្លែងមួយទុកជាទីសក្ការៈដ៏វិសុទ្ធបំផុត។
4. ដីនោះជាកន្លែងដ៏សក្ការៈនៅក្នុងស្រុក ជាកម្មសិទ្ធិរបស់ពួកបូជាចារ្យ ដែលបម្រើព្រះអម្ចាស់នៅក្នុងទីសក្ការៈ។ ពួកបូជាចារ្យនឹងសង់ផ្ទះនៅលើដីនោះ ហើយទីសក្ការៈក៏ស្ថិតនៅលើដីនោះដែរ។
5. ត្រូវទុកដីដែលមានបណ្ដោយពីរម៉ឺនប្រាំពាន់ហត្ថ និងទទឹងមួយម៉ឺនហត្ថទៀត សម្រាប់ឲ្យពួកលេវីដែលធ្វើការនៅក្នុងព្រះដំណាក់ សង់ក្រុងរស់នៅ។
6. ត្រូវវាស់ដីមួយចំណែកទៀត នៅទន្ទឹមគ្នានឹងដីសក្ការៈដែលមានទទឹងប្រាំពាន់ហត្ថ បណ្ដោយពីរម៉ឺនប្រាំពាន់ហត្ថ ទុកសម្រាប់ឲ្យកូនចៅអ៊ីស្រាអែលសង់ក្រុងរស់នៅ។
7. ត្រូវទុកដីដែលនៅសងខាងដីសក្ការៈ និងដីក្រុង គឺដីដែលនៅទន្ទឹមដីសក្ការៈ និងដីក្រុង ទាំងខាងលិច ទាំងខាងកើត ឲ្យមេដឹកនាំ។ ដីរបស់មេដឹកនាំមានទំហំស្មើនឹងចំណែកដីរបស់កុលសម្ព័ន្ធនីមួយៗ។
8. ដីនោះជាចំណែកមត៌ករបស់មេដឹកនាំ នៅក្នុងស្រុកអ៊ីស្រាអែល។ មេដឹកនាំដែលយើងតែងតាំង នឹងលែងកេងប្រវ័ញ្ចប្រជាជនរបស់យើងទៀតហើយ ពួកគេនឹងប្រគល់ទឹកដីឲ្យកូនចៅអ៊ីស្រាអែលតាមកុលសម្ព័ន្ធរបស់ខ្លួន»។
9. ព្រះជាអម្ចាស់មានព្រះបន្ទូលទៀតថា៖ «មេដឹកនាំអ៊ីស្រាអែលអើយ អ្នករាល់គ្នាប្រព្រឹត្តអំពើឃោរឃៅលួចប្លន់ប្រជារាស្ត្រជ្រុលពេកហើយ ល្មមឈប់ទៅ! ចូរនាំគ្នាប្រព្រឹត្តតាមសុចរិតយុត្តិធម៌ កុំរឹបអូសយកដីពីប្រជាជនរបស់យើងទៀត! - នេះជាព្រះបន្ទូលរបស់ព្រះជាអម្ចាស់។
10. កុំបំបាត់ភ្នែកជញ្ជីងឡើយ ចូរប្រើអេផា* ប្រើបាថ*ឲ្យបានត្រឹមត្រូវ។
11. អេផាសម្រាប់វាល់ស្រូវ និងបាថ សម្រាប់វាល់វត្ថុរាវ ត្រូវមានចំណុះដូចគ្នា គឺស្មើមួយភាគដប់នៃហូមែរ* ដែលជាមូលដ្ឋាននៃរង្វាល់។