6. បន្ទាប់មក ចូរប្រាប់កូនចៅអ៊ីស្រាអែល ជាអ្នកបះបោរថា ព្រះជាអម្ចាស់មានព្រះបន្ទូលដូចតទៅ: កូនចៅអ៊ីស្រាអែលអើយ អ្នករាល់គ្នាប្រព្រឹត្តអំពើគួរឲ្យស្អប់ខ្ពើមច្រើនពេកហើយ!
7. ពេលអ្នករាល់គ្នាយកអាហារ គឺខ្លាញ់ និងឈាម មកថ្វាយយើង អ្នករាល់គ្នានាំជនបរទេសដែលជាសាសន៍មិនកាត់ស្បែក និងជាសាសន៍មិនគោរពយើងចូលមក ធ្វើឲ្យដំណាក់របស់យើងទៅជាសៅហ្មង។ អ្នករាល់គ្នាផ្ដាច់សម្ពន្ធមេត្រីជាមួយយើង ដោយប្រព្រឹត្តអំពើគួរឲ្យស្អប់ខ្ពើមគ្រប់យ៉ាង។
8. អ្នករាល់គ្នាពុំបានយកចិត្តទុកដាក់បំពេញការងារបម្រើយើង ដោយខ្លួនឯងផ្ទាល់ទេ គឺអ្នករាល់គ្នាបានឲ្យសាសន៍ដទៃមកបំពេញការងារក្នុងទីសក្ការៈ ជំនួសអ្នករាល់គ្នាទៅវិញ»។
9. ព្រះជាអម្ចាស់មានព្រះបន្ទូលទៀតថា៖ «មិនត្រូវឲ្យជនបរទេស ដែលជាសាសន៍មិនកាត់ស្បែក និងជាសាសន៍មិនគោរពយើង ចូលមកក្នុងទីសក្ការៈរបស់យើងឡើយ ទោះបីអ្នកនោះរស់នៅក្នុងចំណោមជនជាតិអ៊ីស្រាអែលក៏ដោយ។
10. ក្នុងគ្រាដែលជនជាតិអ៊ីស្រាអែលវង្វេងចេញឆ្ងាយពីយើង ទៅតាមព្រះក្លែងក្លាយ ពួកលេវីក៏បានបោះបង់ចោលយើងដែរ ហេតុនេះ ពួកគេនឹងទទួលផលវិបាក ព្រោះតែកំហុសរបស់ខ្លួន។
11. ដូច្នេះ ពួកគេគ្រាន់តែមានមុខងារជាអ្នកជំនួយការក្នុងព្រះដំណាក់ គឺត្រូវប្រើគេឲ្យយាមខ្លោងទ្វារបម្រើប្រជាជន ដោយសម្លាប់សត្វដែលត្រូវថ្វាយជាតង្វាយដុតទាំងមូល និងយញ្ញបូជាផ្សេងៗ។
12. ដោយពួកគេបានជួយជ្រោមជ្រែងប្រជាជន ក្នុងការគោរពបម្រើព្រះក្លែងក្លាយ និងនាំប្រជាជនឲ្យប្រព្រឹត្តអំពើបាប យើងសុំប្រកាសយ៉ាងម៉ឺងម៉ាត់ថា ពួកគេនឹងទទួលផលវិបាក ព្រោះតែកំហុសរបស់ខ្លួនមិនខាន - នេះជាព្រះបន្ទូលរបស់ព្រះជាអម្ចាស់។
13. ពួកគេពុំអាចចូលមកជិតយើង ដើម្បីបំពេញមុខងារជាបូជាចារ្យបានទេ ពួកគេក៏មិនអាចចូលមកក្នុងទីសក្ការៈ ឬទីសក្ការៈបំផុតរបស់យើងបានដែរ។ ពួកគេត្រូវទទួលផលវិបាក ព្រោះតែអំពើដ៏អាម៉ាស់ និងអំពើគួរស្អប់ខ្ពើមដែលខ្លួនបានប្រព្រឹត្ត។