អេសេ‌គាល 44:19-25 Khmer Standard Version (KHSV)

19. ពេល​ពួក​គេ​ចេញ​ទៅ​រក​ប្រជា‌ជន​នៅ​ទី‌លាន​ខាង​ក្រៅ ត្រូវ​ផ្លាស់​សម្លៀក‌បំពាក់​សម្រាប់​បំពេញ​មុខ‌ងារ​ចេញ រួច​ទុក​សម្លៀក‌បំពាក់​នោះ​នៅ​ក្នុង​បន្ទប់​នៃ​ទី‌សក្ការៈ។ ពួក​គេ​ត្រូវ​ស្លៀក​សម្លៀក‌បំពាក់​ផ្សេង​ទៀត ដើម្បី​កុំ​ឲ្យ​ប្រជា‌ជន​ប៉ះ‌ពាល់​សម្លៀក‌បំពាក់​ដ៏​សក្ការៈ​នោះ។

20. មិន​ត្រូវ​ឲ្យ​បូជា‌ចារ្យ​ទាំង​នោះ​កោរ​សក់ ឬ​ក៏​ទុក​ឲ្យ​សក់​ដុះ​វែង​ពេក​ឡើយ គឺ​ត្រូវ​កាត់​សក់​យ៉ាង​សមរម្យ។

21. ពេល​ចូល​ទៅ​ទី‌លាន​ខាង​ក្នុង បូជា‌ចារ្យ​មិន​ត្រូវ​សេព​សុរា​ឡើយ។

22. បូជា‌ចារ្យ​មិន​ត្រូវ​រៀប‌ការ​ជា​មួយ​ស្ត្រី​មេម៉ាយ ឬ​ស្ត្រី​ប្ដី​លែង​ទេ គឺ​រៀប‌ការ​បាន​តែ​ជា​មួយ​ស្ត្រី​ក្រមុំ​ព្រហ្មចារី​ក្នុង​វង្ស​ត្រកូល​នៃ​កូន​ចៅ​អ៊ីស្រា‌អែល ឬ​ស្ត្រី​មេម៉ាយ​ពី​បូជា‌ចារ្យ​ម្នាក់​ទៀត។

23. បូជា‌ចារ្យ​ទាំង​នោះ​ត្រូវ​អប់រំ​ប្រជា‌ជន​របស់​យើង ឲ្យ​ស្គាល់​ការ​ខុស​គ្នា​រវាង​អ្វី​ដែល​សក្ការៈ និង​អ្វី​ដែល​មិន​សក្ការៈ ព្រម​ទាំង​ការ​ខុស​គ្នា​រវាង​អ្វី​ដែល​មិន​បរិសុទ្ធ និង​អ្វី​ដែល​បរិសុទ្ធ។

24. ពួក​គេ​ធ្វើ​ជា​ចៅ‌ក្រម​កាត់​ក្ដី នៅ​ពេល​ប្រជា‌ជន​មាន​រឿង‌រ៉ាវ​នឹង​គ្នា ហើយ​វិនិច្ឆ័យ​ទោស ស្រប​តាម​វិន័យ​របស់​យើង។ ពួក​គេ​ចាត់​ចែង​ធ្វើ​ពិធី​បុណ្យ​ផ្សេងៗ តាម​ក្រឹត្យ‌វិន័យ និង​ច្បាប់​ដែល​យើង​បាន​បង្គាប់​ទុក ព្រម​ទាំង​ញែក​ថ្ងៃ​សប្ប័ទ​ទុក​ជា​ថ្ងៃ​ដ៏‌វិសុទ្ធ។

25. បូជា‌ចារ្យ​មិន​ត្រូវ​ចូល​ទៅ​ជិត​សាក‌សព ដែល​បណ្ដាល​ឲ្យ​ខ្លួន​ទៅ​ជា​សៅហ្មង​ឡើយ លើក‌លែង​តែ​សព​ឪពុក‌ម្ដាយ កូន​ប្រុស​កូន​ស្រី បង‌ប្អូន​ប្រុស និង​បង‌ប្អូន​ស្រី​ដែល​ពុំ​ទាន់​រៀប‌ការ។

អេសេ‌គាល 44