15. រីឯក្រុមបូជាចារ្យលេវី ជាកូនចៅរបស់លោកសាដុកវិញ ក្នុងពេលដែលជនជាតិអ៊ីស្រាអែលវង្វេងចេញឆ្ងាយពីយើងនោះ ពួកគេនៅតែបម្រើយើងក្នុងទីសក្ការៈ។ ដូច្នេះ ពួកគេនឹងចូលមកបម្រើយើង ពួកគេនឹងស្ថិតនៅក្បែរយើង ដើម្បីថ្វាយខ្លាញ់ និងឈាម -នេះជាព្រះបន្ទូលរបស់ព្រះជាអម្ចាស់។
16. អ្នកទាំងនោះនឹងចូលមកក្នុងទីសក្ការៈរបស់យើង ពួកគេចូលមកក្បែរតុរបស់យើង ដើម្បីបម្រើយើង និងធ្វើតាមសេចក្ដីដែលយើងបង្គាប់។
17. ពេលចូលមកដល់ខ្លោងទ្វារនៃទីលានខាងក្នុង ពួកគេត្រូវស្លៀកសម្លៀកបំពាក់ធ្វើពីក្រណាត់ទេសឯក។ ពេលពួកគេបំពេញមុខងារនៅខ្លោងទ្វារនៃទីលានខាងក្នុង មិនត្រូវស្លៀកពាក់សម្លៀកបំពាក់ធ្វើពីរោមចៀមទេ។
18. ពួកគេត្រូវពាក់ឆ្នួតធ្វើពីក្រណាត់ទេសឯកនៅលើក្បាល ហើយស្លៀកខោខ្លី តែមិនត្រូវយកអ្វីមកក្រវាត់ចង្កេះ នាំឲ្យបែកញើសឡើយ។
19. ពេលពួកគេចេញទៅរកប្រជាជននៅទីលានខាងក្រៅ ត្រូវផ្លាស់សម្លៀកបំពាក់សម្រាប់បំពេញមុខងារចេញ រួចទុកសម្លៀកបំពាក់នោះនៅក្នុងបន្ទប់នៃទីសក្ការៈ។ ពួកគេត្រូវស្លៀកសម្លៀកបំពាក់ផ្សេងទៀត ដើម្បីកុំឲ្យប្រជាជនប៉ះពាល់សម្លៀកបំពាក់ដ៏សក្ការៈនោះ។
20. មិនត្រូវឲ្យបូជាចារ្យទាំងនោះកោរសក់ ឬក៏ទុកឲ្យសក់ដុះវែងពេកឡើយ គឺត្រូវកាត់សក់យ៉ាងសមរម្យ។
21. ពេលចូលទៅទីលានខាងក្នុង បូជាចារ្យមិនត្រូវសេពសុរាឡើយ។
22. បូជាចារ្យមិនត្រូវរៀបការជាមួយស្ត្រីមេម៉ាយ ឬស្ត្រីប្ដីលែងទេ គឺរៀបការបានតែជាមួយស្ត្រីក្រមុំព្រហ្មចារីក្នុងវង្សត្រកូលនៃកូនចៅអ៊ីស្រាអែល ឬស្ត្រីមេម៉ាយពីបូជាចារ្យម្នាក់ទៀត។
23. បូជាចារ្យទាំងនោះត្រូវអប់រំប្រជាជនរបស់យើង ឲ្យស្គាល់ការខុសគ្នារវាងអ្វីដែលសក្ការៈ និងអ្វីដែលមិនសក្ការៈ ព្រមទាំងការខុសគ្នារវាងអ្វីដែលមិនបរិសុទ្ធ និងអ្វីដែលបរិសុទ្ធ។
24. ពួកគេធ្វើជាចៅក្រមកាត់ក្ដី នៅពេលប្រជាជនមានរឿងរ៉ាវនឹងគ្នា ហើយវិនិច្ឆ័យទោស ស្របតាមវិន័យរបស់យើង។ ពួកគេចាត់ចែងធ្វើពិធីបុណ្យផ្សេងៗ តាមក្រឹត្យវិន័យ និងច្បាប់ដែលយើងបានបង្គាប់ទុក ព្រមទាំងញែកថ្ងៃសប្ប័ទទុកជាថ្ងៃដ៏វិសុទ្ធ។
25. បូជាចារ្យមិនត្រូវចូលទៅជិតសាកសព ដែលបណ្ដាលឲ្យខ្លួនទៅជាសៅហ្មងឡើយ លើកលែងតែសពឪពុកម្ដាយ កូនប្រុសកូនស្រី បងប្អូនប្រុស និងបងប្អូនស្រីដែលពុំទាន់រៀបការ។
26. ក្នុងករណីនេះ ក្រោយធ្វើពិធីជម្រះកាយឲ្យបានបរិសុទ្ធ*រួចហើយ គេត្រូវនៅរង់ចាំប្រាំពីរថ្ងៃ មុននឹងបំពេញមុខងារសាជាថ្មី។
27. នៅថ្ងៃគេចូលទៅទីលានខាងក្នុង ដើម្បីបំពេញមុខងារក្នុងទីសក្ការៈ*ឡើងវិញ គេត្រូវថ្វាយយញ្ញបូជារំដោះបាប - នេះជាព្រះបន្ទូលរបស់ព្រះជាអម្ចាស់។
28. ចំណែកឯកេរមត៌កដែលពួកបូជាចារ្យត្រូវទទួលនោះ គឺយើងផ្ទាល់។ មិនបាច់ចែកទឹកដីក្នុងស្រុកអ៊ីស្រាអែលជាមត៌កឲ្យពួកគេទេ ដ្បិតយើងផ្ទាល់ជាមត៌ករបស់ពួកគេ។
29. ពួកគេបរិភោគសាច់ ដែលជាតង្វាយ និងយញ្ញបូជារំដោះបាប ឬយញ្ញបូជាសុំលើកលែងទោសដែលប្រជាជនយើងយកមកថ្វាយ។ អ្វីៗដែលជនជាតិអ៊ីស្រាអែលទុកសម្រាប់យើង ពួកបូជាចារ្យអាចយកបាន។
30. ផលដំបូងបង្អស់នៃដំណាំទាំងឡាយ និងអ្វីៗគ្រប់យ៉ាងដែលអ្នករាល់គ្នាញែកទុកដោយឡែកនោះ ជាចំណែករបស់ពួកបូជាចារ្យ។ ត្រូវយកម្សៅដំបូងបង្អស់មកជូនពួកបូជាចារ្យ ដើម្បីឲ្យផ្ទះរបស់អ្នកបានទទួលពរ។