1. បន្ទាប់មក លោកនាំខ្ញុំត្រឡប់ទៅខ្លោងទ្វារខាងក្រៅទីសក្ការៈវិញ គឺទ្វារដែលបែរមុខទៅទិសខាងកើត។ ទ្វារនោះនៅបិទ។
2. ព្រះអម្ចាស់មានព្រះបន្ទូលមកខ្ញុំថា៖ «ទ្វារនេះនឹងនៅបិទជិត គឺមិនត្រូវបើកឡើយ ហើយក៏គ្មាននរណាចេញចូលតាមនេះដែរ ដ្បិតយើងជាព្រះអម្ចាស់ ជាព្រះនៃជនជាតិអ៊ីស្រាអែល យើងបានចូលមកតាមទ្វារនេះ ដូច្នេះ ទ្វារនេះត្រូវបិទរហូត!
3. ចំណែកឯមេដឹកនាំវិញ ក្នុងឋានៈជាអ្នកគ្រប់គ្រង គេអាចអង្គុយបរិភោគពិធីជប់លៀងនៅចំពោះមុខយើងបាន។ គេចូលមកតាមបន្ទប់ល្វែងនៃខ្លោងទ្វារ ហើយចេញទៅវិញតាមច្រកដដែល»។
4. បន្ទាប់មក លោកនាំខ្ញុំទៅខ្លោងទ្វារខាងជើង គឺខាងមុខព្រះដំណាក់។ ខ្ញុំក្រឡេកមើលទៅឃើញសិរីរុងរឿងរបស់ព្រះអម្ចាស់ នៅពាសពេញក្នុងព្រះដំណាក់របស់ព្រះអង្គ ខ្ញុំក៏ក្រាបចុះ អោនមុខដល់ដី។
5. ព្រះអម្ចាស់មានព្រះបន្ទូលមកខ្ញុំថា៖ «កូនមនុស្សអើយ ចូរយកចិត្តទុកដាក់មើល និងផ្ទៀងត្រចៀកស្ដាប់សេចក្ដីដែលយើងប្រាប់អ្នកស្ដីអំពីច្បាប់ និងក្បួនតម្រាទាំងប៉ុន្មាន ដែលត្រូវអនុវត្តនៅក្នុងព្រះដំណាក់នេះ។ ចូរពិនិត្យមើលច្រកចូលទៅក្នុងព្រះដំណាក់ និងទ្វារទាំងប៉ុន្មានរបស់ទីសក្ការៈ។