8. ពីមុនពួកគេបានសង់ទ្វាររបស់គេនៅជាប់នឹងទ្វាររបស់យើង ក្របទ្វាររបស់គេនៅជាប់នឹងក្របទ្វាររបស់យើង គឺមានតែជញ្ជាំងមួយគត់ដែលខណ្ឌគេពីយើង។ ពួកគេបានធ្វើឲ្យនាមរបស់យើងទៅជាសៅហ្មង ដោយសារអំពើគួរស្អប់ខ្ពើមដែលពួកគេប្រព្រឹត្ត។ ហេតុនេះហើយបានជាយើងបំផ្លាញពួកគេឲ្យវិនាស តាមកំហឹងរបស់យើង។
9. ឥឡូវនេះ ពួកគេលែងប្រព្រឹត្តអំពើផិតក្បត់ ពួកគេយកសពស្ដេចរបស់ខ្លួនចេញឆ្ងាយពីយើង។ យើងនឹងនៅក្នុងចំណោមពួកគេរហូតតទៅ។
10. ចំណែកឯអ្នកវិញ កូនមនុស្សអើយ ចូររៀបរាប់អំពីព្រះដំណាក់នេះប្រាប់កូនចៅអ៊ីស្រាអែល ដើម្បីឲ្យពួកគេពិនិត្យមើលគម្រោងរបស់ព្រះដំណាក់ ហើយឲ្យពួកគេនឹកខ្មាស ដោយបានប្រព្រឹត្តខុស។
11. ប្រសិនបើពួកគេនឹកខ្មាស ព្រោះតែអំពើអាក្រក់ដែលខ្លួនបានប្រព្រឹត្ត នោះចូរប្រាប់ពួកគេឲ្យដឹងពីគំរូរបស់ព្រះដំណាក់ ទ្រង់ទ្រាយ ច្រកចេញចូល របៀបតុបតែង ព្រមទាំងរបៀបចាត់ចែង និងក្បួនតម្រាសព្វបែបយ៉ាង។ ចូរកត់ត្រាទុកដើម្បីឲ្យពួកគេឃើញ និងធ្វើតាម។
12. រីឯក្រឹត្យវិន័យដ៏សំខាន់របស់ព្រះដំណាក់ដែលគេត្រូវគោរពនោះ គឺកំពូលភ្នំ និងបរិវេណជុំវិញ ត្រូវញែកទុកជាទីសក្ការៈបំផុត»។
13. ទំហំរបស់អាសនៈគិតជាហត្ថ ហើយខ្នាតមួយហត្ថនេះវែងជាងខ្នាតមួយហត្ថធម្មតាមួយទះ។ ចង្អូរនៅជុំវិញអាសនៈមានជម្រៅមួយហត្ថ ទទឹងមួយហត្ថ រីឯគែមព័ទ្ធជុំវិញមានកំរាស់មួយតឹក។
14. ពីចង្អូរដែលនៅផ្ទាល់នឹងដី ឡើងទៅដល់គន្លាក់ខាងក្រោម មានកំពស់ពីរហត្ថ ទទឹងមួយហត្ថ។ ពីគន្លាក់តូចរហូតដល់គន្លាក់ធំ មានកំពស់បួនហត្ថ ទទឹងមួយហត្ថ។
15. នៅផ្នែកខាងលើជាកន្លែងដុតយញ្ញបូជា មានកំពស់បួនហត្ថ ហើយមានស្នែងបួនឡើងទៅលើ។
16. កន្លែងដុតនេះមានបណ្ដោយដប់ពីរហត្ថ ទទឹងដប់ពីរហត្ថ គឺមានរាងបួនជ្រុងស្មើ។
17. រីឯផ្នែកកណ្ដាលមានបណ្ដោយដប់បួនហត្ថ និងទទឹងដប់បួនហត្ថ គែមដែលព័ទ្ធជុំវិញ មានកំរាស់កន្លះហត្ថ ចង្អូរទាំងបួនជ្រុងមានកំពស់មួយហត្ថ។ ជណ្ដើររបស់អាសនៈបែរទៅរកទិសខាងកើត។
18. ព្រះជាអម្ចាស់មានព្រះបន្ទូលមកខ្ញុំថា៖ «កូនមនុស្សអើយ ចូរកត់ត្រាទុកនូវក្បួនតម្រាដែលត្រូវអនុវត្ត នៅថ្ងៃគេកសាងអាសនៈ សម្រាប់ធ្វើយញ្ញបូជា និងពិធីច្រួចឈាម។
19. ចូរប្រគល់គោបាមួយឲ្យពួកបូជាចារ្យលេវី ជាកូនចៅរបស់លោកសាដុក ដែលមានមុខងារចូលមកបម្រើយើង ដើម្បីឲ្យគេធ្វើយញ្ញបូជារំដោះបាប -នេះជាព្រះបន្ទូលរបស់ព្រះជាអម្ចាស់។