20. ចូរយកឈាមទៅលាបលើស្នែងទាំងបួននៃអាសនៈ និងលាបផ្នែកកណ្ដាលទាំងបួនជ្រុង ព្រមទាំងលាបគែមដែលនៅជុំវិញ។ ធ្វើដូច្នេះ មានន័យថា អ្នកធ្វើឲ្យអាសនៈបានបរិសុទ្ធ និងសក្ការៈ។
21. បន្ទាប់មក ចូរយកគោបាសម្រាប់ធ្វើយញ្ញបូជា ទៅឲ្យគេដុតនៅកន្លែងបម្រុងទុក ខាងក្រៅទីសក្ការៈនៃព្រះដំណាក់។
22. នៅថ្ងៃទីពីរ អ្នកត្រូវយកពពែឈ្មោលដ៏ល្អឥតខ្ចោះមួយ មកថ្វាយជាតង្វាយរំដោះបាប ដើម្បីដកបាបចេញពីអាសនៈ ដូចបានថ្វាយគោបា ដើម្បីដកបាបដែរ។
23. កាលអ្នកធ្វើពិធីយញ្ញបូជារំដោះបាបរួចហើយ ចូរនាំគោស្ទាវឈ្មោលមួយ និងចៀមឈ្មោលមួយដ៏ល្អឥតខ្ចោះពីហ្វូងសត្វ
24. យកមកថ្វាយព្រះអម្ចាស់ ពួកបូជាចារ្យត្រូវបាចអំបិលលើសត្វទាំងពីរ ហើយថ្វាយជាតង្វាយដុតទាំងមូលដល់ព្រះអម្ចាស់។
25. ក្នុងអំឡុងពេលប្រាំពីរថ្ងៃ អ្នកត្រូវយកពពែឈ្មោលមួយ គោស្ទាវឈ្មោលមួយ និងចៀមឈ្មោលមួយមកថ្វាយរៀងរាល់ថ្ងៃ ជាតង្វាយរំដោះបាប សត្វទាំងនោះត្រូវតែល្អឥតខ្ចោះ។
26. ក្នុងអំឡុងពេលប្រាំពីរថ្ងៃ ត្រូវធ្វើពិធីជម្រះអាសនៈឲ្យបានបរិសុទ្ធ និងសក្ការៈ។
27. លុះថ្ងៃកំណត់នោះបានចប់សព្វគ្រប់ហើយ ចាប់ពីថ្ងៃទីប្រាំបីតទៅ ពួកបូជាចារ្យត្រូវថ្វាយតង្វាយដុតទាំងមូល និងយញ្ញបូជាមេត្រីភាពនៅលើអាសនៈ។ ធ្វើដូច្នេះ ទើបយើងគាប់ចិត្តនឹងអ្នករាល់គ្នា» - នេះជាព្រះបន្ទូលរបស់ព្រះជាអម្ចាស់។