16. កន្លែងដុតនេះមានបណ្ដោយដប់ពីរហត្ថ ទទឹងដប់ពីរហត្ថ គឺមានរាងបួនជ្រុងស្មើ។
17. រីឯផ្នែកកណ្ដាលមានបណ្ដោយដប់បួនហត្ថ និងទទឹងដប់បួនហត្ថ គែមដែលព័ទ្ធជុំវិញ មានកំរាស់កន្លះហត្ថ ចង្អូរទាំងបួនជ្រុងមានកំពស់មួយហត្ថ។ ជណ្ដើររបស់អាសនៈបែរទៅរកទិសខាងកើត។
18. ព្រះជាអម្ចាស់មានព្រះបន្ទូលមកខ្ញុំថា៖ «កូនមនុស្សអើយ ចូរកត់ត្រាទុកនូវក្បួនតម្រាដែលត្រូវអនុវត្ត នៅថ្ងៃគេកសាងអាសនៈ សម្រាប់ធ្វើយញ្ញបូជា និងពិធីច្រួចឈាម។
19. ចូរប្រគល់គោបាមួយឲ្យពួកបូជាចារ្យលេវី ជាកូនចៅរបស់លោកសាដុក ដែលមានមុខងារចូលមកបម្រើយើង ដើម្បីឲ្យគេធ្វើយញ្ញបូជារំដោះបាប -នេះជាព្រះបន្ទូលរបស់ព្រះជាអម្ចាស់។
20. ចូរយកឈាមទៅលាបលើស្នែងទាំងបួននៃអាសនៈ និងលាបផ្នែកកណ្ដាលទាំងបួនជ្រុង ព្រមទាំងលាបគែមដែលនៅជុំវិញ។ ធ្វើដូច្នេះ មានន័យថា អ្នកធ្វើឲ្យអាសនៈបានបរិសុទ្ធ និងសក្ការៈ។
21. បន្ទាប់មក ចូរយកគោបាសម្រាប់ធ្វើយញ្ញបូជា ទៅឲ្យគេដុតនៅកន្លែងបម្រុងទុក ខាងក្រៅទីសក្ការៈនៃព្រះដំណាក់។
22. នៅថ្ងៃទីពីរ អ្នកត្រូវយកពពែឈ្មោលដ៏ល្អឥតខ្ចោះមួយ មកថ្វាយជាតង្វាយរំដោះបាប ដើម្បីដកបាបចេញពីអាសនៈ ដូចបានថ្វាយគោបា ដើម្បីដកបាបដែរ។
23. កាលអ្នកធ្វើពិធីយញ្ញបូជារំដោះបាបរួចហើយ ចូរនាំគោស្ទាវឈ្មោលមួយ និងចៀមឈ្មោលមួយដ៏ល្អឥតខ្ចោះពីហ្វូងសត្វ