12. រីឯក្រឹត្យវិន័យដ៏សំខាន់របស់ព្រះដំណាក់ដែលគេត្រូវគោរពនោះ គឺកំពូលភ្នំ និងបរិវេណជុំវិញ ត្រូវញែកទុកជាទីសក្ការៈបំផុត»។
13. ទំហំរបស់អាសនៈគិតជាហត្ថ ហើយខ្នាតមួយហត្ថនេះវែងជាងខ្នាតមួយហត្ថធម្មតាមួយទះ។ ចង្អូរនៅជុំវិញអាសនៈមានជម្រៅមួយហត្ថ ទទឹងមួយហត្ថ រីឯគែមព័ទ្ធជុំវិញមានកំរាស់មួយតឹក។
14. ពីចង្អូរដែលនៅផ្ទាល់នឹងដី ឡើងទៅដល់គន្លាក់ខាងក្រោម មានកំពស់ពីរហត្ថ ទទឹងមួយហត្ថ។ ពីគន្លាក់តូចរហូតដល់គន្លាក់ធំ មានកំពស់បួនហត្ថ ទទឹងមួយហត្ថ។
15. នៅផ្នែកខាងលើជាកន្លែងដុតយញ្ញបូជា មានកំពស់បួនហត្ថ ហើយមានស្នែងបួនឡើងទៅលើ។
16. កន្លែងដុតនេះមានបណ្ដោយដប់ពីរហត្ថ ទទឹងដប់ពីរហត្ថ គឺមានរាងបួនជ្រុងស្មើ។
17. រីឯផ្នែកកណ្ដាលមានបណ្ដោយដប់បួនហត្ថ និងទទឹងដប់បួនហត្ថ គែមដែលព័ទ្ធជុំវិញ មានកំរាស់កន្លះហត្ថ ចង្អូរទាំងបួនជ្រុងមានកំពស់មួយហត្ថ។ ជណ្ដើររបស់អាសនៈបែរទៅរកទិសខាងកើត។
18. ព្រះជាអម្ចាស់មានព្រះបន្ទូលមកខ្ញុំថា៖ «កូនមនុស្សអើយ ចូរកត់ត្រាទុកនូវក្បួនតម្រាដែលត្រូវអនុវត្ត នៅថ្ងៃគេកសាងអាសនៈ សម្រាប់ធ្វើយញ្ញបូជា និងពិធីច្រួចឈាម។
19. ចូរប្រគល់គោបាមួយឲ្យពួកបូជាចារ្យលេវី ជាកូនចៅរបស់លោកសាដុក ដែលមានមុខងារចូលមកបម្រើយើង ដើម្បីឲ្យគេធ្វើយញ្ញបូជារំដោះបាប -នេះជាព្រះបន្ទូលរបស់ព្រះជាអម្ចាស់។
20. ចូរយកឈាមទៅលាបលើស្នែងទាំងបួននៃអាសនៈ និងលាបផ្នែកកណ្ដាលទាំងបួនជ្រុង ព្រមទាំងលាបគែមដែលនៅជុំវិញ។ ធ្វើដូច្នេះ មានន័យថា អ្នកធ្វើឲ្យអាសនៈបានបរិសុទ្ធ និងសក្ការៈ។
21. បន្ទាប់មក ចូរយកគោបាសម្រាប់ធ្វើយញ្ញបូជា ទៅឲ្យគេដុតនៅកន្លែងបម្រុងទុក ខាងក្រៅទីសក្ការៈនៃព្រះដំណាក់។
22. នៅថ្ងៃទីពីរ អ្នកត្រូវយកពពែឈ្មោលដ៏ល្អឥតខ្ចោះមួយ មកថ្វាយជាតង្វាយរំដោះបាប ដើម្បីដកបាបចេញពីអាសនៈ ដូចបានថ្វាយគោបា ដើម្បីដកបាបដែរ។
23. កាលអ្នកធ្វើពិធីយញ្ញបូជារំដោះបាបរួចហើយ ចូរនាំគោស្ទាវឈ្មោលមួយ និងចៀមឈ្មោលមួយដ៏ល្អឥតខ្ចោះពីហ្វូងសត្វ
24. យកមកថ្វាយព្រះអម្ចាស់ ពួកបូជាចារ្យត្រូវបាចអំបិលលើសត្វទាំងពីរ ហើយថ្វាយជាតង្វាយដុតទាំងមូលដល់ព្រះអម្ចាស់។
25. ក្នុងអំឡុងពេលប្រាំពីរថ្ងៃ អ្នកត្រូវយកពពែឈ្មោលមួយ គោស្ទាវឈ្មោលមួយ និងចៀមឈ្មោលមួយមកថ្វាយរៀងរាល់ថ្ងៃ ជាតង្វាយរំដោះបាប សត្វទាំងនោះត្រូវតែល្អឥតខ្ចោះ។