14. ពេលណាពួកបូជាចារ្យចូលទៅហើយ គេពុំអាចចេញមកទីលានខាងក្រៅបានភ្លាមៗទេ គឺត្រូវទុកសម្លៀកបំពាក់ដែលគេស្លៀកពាក់ សម្រាប់បំពេញមុខងារនោះ ក្នុងបន្ទប់ដ៏សក្ការៈជាមុនសិន ដ្បិតសម្លៀកបំពាក់នោះក៏សក្ការៈដែរ។ ដើម្បីចូលទៅជិតប្រជាជន គេមានសម្លៀកបំពាក់ផ្សេងទៀត»។
15. ពេលលោកវាស់ព្រះដំណាក់ខាងក្នុងរួចរាល់ហើយ លោកនាំខ្ញុំចេញទៅក្រៅតាមខ្លោងទ្វារខាងកើត ហើយលោកវាស់បរិវេណដែលនៅជុំវិញ។
16. លោកយកឈើរង្វាស់ វាស់ជ្រុងខាងកើត ឃើញមានប្រវែងប្រាំរយឈើរង្វាស់។
17. លោកវាស់ជ្រុងខាងជើង ឃើញមានប្រវែងប្រាំរយឈើរង្វាស់។
18. លោកវាស់ជ្រុងខាងត្បូង ឃើញមានប្រវែងប្រាំរយឈើរង្វាស់។
19. លោកបែរទៅជ្រុងខាងលិច ហើយវាស់ ឃើញមានប្រវែងប្រាំរយឈើរង្វាស់។
20. លោកវាស់ជញ្ជាំងទាំងបួនជ្រុង មួយជ្រុងៗមានប្រវែងប្រាំរយឈើរង្វាស់។ ជញ្ជាំងនោះខណ្ឌអ្វីៗដែលសក្ការៈ ឲ្យនៅដាច់ពីអ្វីៗដែលមិនសក្ការៈ។