11. នៅមុខបន្ទប់ទាំងនោះ មានច្រកមួយដូចនៅមុខបន្ទប់ជួរខាងជើង គឺមានបណ្ដោយ មានទទឹងដូចគ្នា ហើយមានផ្លូវចេញចូល មានទ្រង់ទ្រាយ និងមានទ្វារដូចគ្នា
12. រីឯទ្វារនៃបន្ទប់នៅជួរខាងត្បូងក៏ដូចគ្នាដែរ។ នៅច្រកចូលតាមជញ្ជាំងខណ្ឌខាងកើត មានទ្វារមួយសម្រាប់ចេញចូល។
13. បុរសនោះប្រាប់ខ្ញុំថា៖ «បន្ទប់ជួរខាងជើង និងបន្ទប់ជួរខាងត្បូង ដែលនៅទល់មុខនឹងធ្លាធំ ជាបន្ទប់ដ៏សក្ការៈ ជាកន្លែងដែលពួកបូជាចារ្យចូលទៅថ្វាយបង្គំព្រះអម្ចាស់ ពួកគេបរិភោគអាហារដ៏សក្ការៈបំផុត។ ក្នុងបន្ទប់ទាំងនោះ មានដាក់ឧបករណ៍ដ៏សក្ការៈ តង្វាយផ្សេងៗ សត្វសម្រាប់ថ្វាយជាយញ្ញបូជាសុំឲ្យរួចពីបាប និងយញ្ញបូជាសុំលើកលែងទោស ដ្បិតកន្លែងនោះជាកន្លែងសក្ការៈ។
14. ពេលណាពួកបូជាចារ្យចូលទៅហើយ គេពុំអាចចេញមកទីលានខាងក្រៅបានភ្លាមៗទេ គឺត្រូវទុកសម្លៀកបំពាក់ដែលគេស្លៀកពាក់ សម្រាប់បំពេញមុខងារនោះ ក្នុងបន្ទប់ដ៏សក្ការៈជាមុនសិន ដ្បិតសម្លៀកបំពាក់នោះក៏សក្ការៈដែរ។ ដើម្បីចូលទៅជិតប្រជាជន គេមានសម្លៀកបំពាក់ផ្សេងទៀត»។
15. ពេលលោកវាស់ព្រះដំណាក់ខាងក្នុងរួចរាល់ហើយ លោកនាំខ្ញុំចេញទៅក្រៅតាមខ្លោងទ្វារខាងកើត ហើយលោកវាស់បរិវេណដែលនៅជុំវិញ។
16. លោកយកឈើរង្វាស់ វាស់ជ្រុងខាងកើត ឃើញមានប្រវែងប្រាំរយឈើរង្វាស់។
17. លោកវាស់ជ្រុងខាងជើង ឃើញមានប្រវែងប្រាំរយឈើរង្វាស់។
18. លោកវាស់ជ្រុងខាងត្បូង ឃើញមានប្រវែងប្រាំរយឈើរង្វាស់។
19. លោកបែរទៅជ្រុងខាងលិច ហើយវាស់ ឃើញមានប្រវែងប្រាំរយឈើរង្វាស់។
20. លោកវាស់ជញ្ជាំងទាំងបួនជ្រុង មួយជ្រុងៗមានប្រវែងប្រាំរយឈើរង្វាស់។ ជញ្ជាំងនោះខណ្ឌអ្វីៗដែលសក្ការៈ ឲ្យនៅដាច់ពីអ្វីៗដែលមិនសក្ការៈ។