6. បន្ទប់អមជុំវិញទាំងនោះមានបីជាន់ ក្នុងមួយជាន់មានសាមសិបបន្ទប់។ បន្ទប់នីមួយៗស្ថិតនៅតាមជញ្ជាំងខាងក្រៅដែលព័ទ្ធជុំវិញព្រះដំណាក់ គឺមិននៅតាមជញ្ជាំងទីសក្ការៈទេ។
7. បន្ទប់ជាន់ខាងលើទូលាយជាងបន្ទប់នៅជាន់ក្រោម ព្រោះផ្នែកខាងលើ កំរាស់ជញ្ជាំងដែលព័ទ្ធជុំវិញព្រះវិហារតូចជាងកំរាស់ផ្នែកខាងក្រោម។ ហេតុនេះហើយបានជាកាលណាគេឡើងទៅខាងលើកាន់តែខ្ពស់ នោះកាន់តែមានកន្លែងទូលាយជាង។ គេអាចឡើងពីជាន់ក្រោមទៅជាន់កណ្ដាល រួចទៅជាន់ខាងលើ។
8. ខ្ញុំសង្កេតមើលជុំវិញព្រះដំណាក់ ឃើញថាបន្ទប់ដែលនៅអមតាមជញ្ជាំងមានកំពស់ពេញមួយឈើរង្វាស់ គឺប្រាំមួយហត្ថ។
9. ជញ្ជាំងដែលនៅខាងក្រៅបន្ទប់អមមានកំរាស់ប្រាំហត្ថ។ រីឯធ្លានៅចន្លោះបន្ទប់អម ដែលនៅជាប់នឹងជញ្ជាំង
10. និងបន្ទប់ដែលនៅជុំវិញទីសក្ការៈ មានប្រវែងម្ភៃហត្ថ។
11. បន្ទប់អមទាំងនោះមានច្រកចេញចូលតាមធ្លា ច្រកមួយនៅខាងជើង ច្រកមួយទៀតនៅខាងត្បូង។ ធ្លានោះមានជ្រុងនីមួយៗប្រវែងប្រាំហត្ថ។
12. នៅខាងលិច មានអាគារមួយនៅជាប់នឹងធ្លាធំ មានទទឹងចិតសិបហត្ថ បណ្ដោយកៅសិបហត្ថ រីឯជញ្ជាំងមានកំរាស់ប្រាំហត្ថ។
13. បុរសនោះវាស់ព្រះដំណាក់ ឃើញមានបណ្ដោយមួយរយហត្ថ។ ចំណែកឯធ្លាធំ អាគារ និងជញ្ជាំង ក៏មានបណ្ដោយមួយរយហត្ថដែរ។
14. ជញ្ជាំងខាងមុខព្រះដំណាក់ និងធ្លាធំដែលនៅខាងកើត មានប្រវែងមួយរយហត្ថ។
15. បុរសនោះបានវាស់បណ្ដោយរបស់អាគារ ដែលស្ថិតនៅខាងក្រោយព្រះដំណាក់ រួមទាំងថែវនៅសងខាងផង ឃើញមានប្រវែងមួយរយហត្ថ។ ទីសក្ការៈ បន្ទប់ល្វែងនៅទីលានខាងក្នុង
16. ក្របទ្វារ បង្អួចចម្រឹងដែក ថែវតាមជាន់ទាំងបីនៅទល់មុខនឹងក្របទ្វារ សុទ្ធតែមានបន្ទះឈើពាសជុំវិញ គឺចាប់ពីក្រោមរហូតដល់បង្អួច ហើយបង្អួចក៏មានពាសឈើដែរ។
17. ចាប់ពីលើទ្វាររហូតដល់ក្នុងទីសក្ការៈ* មានក្បាច់លំអទាំងខាងក្រៅ ទាំងខាងក្នុង
18. គឺក្បាច់ចេរូប៊ីន និងក្បាច់ដើមចាក។ រូបដើមចាកមួយ រូបចេរូប៊ីន*ពីរ នៅឆ្លាស់គ្នា។
19. ចេរូប៊ីននីមួយៗមានមុខពីរ មុខមនុស្សបែរទៅរកដើមចាកម្ខាង មុខសិង្ហបែរទៅរកដើមចាកម្ខាងទៀត ជាបន្តបន្ទាប់គ្នាព័ទ្ធជុំវិញព្រះដំណាក់។
20. ក្បាច់ចេរូប៊ីន និងដើមចាកនេះ មានឆ្លាក់ពាសពេញជញ្ជាំងព្រះវិហារ ចាប់តាំងពីក្រោមរហូតដល់ខាងលើទ្វារ។
21. ប្រអប់ទ្វារព្រះវិហារមានរាងបួនជ្រុង។ នៅខាងមុខទីសក្ការៈបំផុត
22. មានអាសនៈធ្វើអំពីឈើ កំពស់បីហត្ថ និងបណ្ដោយពីរហត្ថ ជ្រុង និងគែម ក៏ធ្វើពីឈើដែរ។ បុរសនោះពោលមកខ្ញុំថា៖ «នេះជាតុតម្កល់នៅចំពោះព្រះភ័ក្ត្រព្រះអម្ចាស់»។
23. ទីសក្ការៈ និងទីសក្ការៈបំផុត មានច្រកចូលពីរ។
24. ច្រកនីមួយៗមានសន្លឹកទ្វារពីរ ដែលអាចបិទបើកបាន។
25. នៅលើទ្វារទីសក្ការៈមានឆ្លាក់ក្បាច់ចេរូប៊ីន និងដើមចាក ដូចនៅតាមជញ្ជាំងដែរ។ នៅខាងមុខបន្ទប់ល្វែងដែលនៅខាងក្រៅ មានបាំងសាចធ្វើពីឈើ។
26. នៅតាមបន្ទប់ល្វែង និងបន្ទប់អមជញ្ជាំងព្រះដំណាក់ ព្រមទាំងបាំងសាច មានបង្អួចចម្រឹងដែក និងក្បាច់ដើមចាកទាំងសងខាង។