30. ជុំវិញបន្ទប់ល្វែង មានបណ្ដោយម្ភៃប្រាំហត្ថ និងទទឹងប្រាំហត្ថ។
31. បន្ទប់ល្វែងទាំងនោះនៅជាប់នឹងទីលានខាងក្រៅ។ លើជញ្ជាំងមានឆ្លាក់ក្បាច់ដើមចាក ហើយជណ្ដើរដែលឡើងទៅខ្លោងទ្វារមានប្រាំបីកាំ។
32. លោកបាននាំខ្ញុំចូលទៅទីលានខាងក្នុង តាមខ្លោងទ្វារខាងកើត។ លោកវាស់ខ្លោងទ្វារមានទំហំដូចគ្នា។
33. បន្ទប់តូចៗ ជញ្ជាំង និងបន្ទប់ល្វែង ក៏មានទំហំដូចគ្នាដែរ។ ខ្លោងទ្វារ និងបន្ទប់ល្វែងនេះ មានបង្អួចជុំវិញ ហើយមានបណ្ដោយហាសិបហត្ថ ទទឹងម្ភៃប្រាំហត្ថ។
34. បន្ទប់ល្វែងទាំងនោះនៅជាប់នឹងទីលានខាងក្រៅ។ នៅសងខាង មានឆ្លាក់ក្បាច់ដើមចាកលើជញ្ជាំង ហើយជណ្ដើរដែលឡើងទៅខ្លោងទ្វារ មានប្រាំបីកាំ។
35. លោកនាំខ្ញុំទៅខ្លោងទ្វារខាងជើង ហើយវាស់ខ្លោងទ្វារឃើញមានទំហំដូចគ្នា
36. រីឯបន្ទប់តូចៗ ជញ្ជាំង និងបន្ទប់ល្វែង ក៏មានទំហំដូចគ្នា។ មានបង្អួចជុំវិញ ហើយមានបណ្ដោយហាសិបហត្ថ ទទឹងម្ភៃប្រាំហត្ថ។
37. ជញ្ជាំងនៅជាប់នឹងទីលានខាងក្រៅ។ នៅសងខាង មានឆ្លាក់ក្បាច់ដើមចាកលើជញ្ជាំង ហើយជណ្ដើរដែលឡើងទៅខ្លោងទ្វារ មានប្រាំបីកាំ។
38. នៅក្បែរជញ្ជាំងទាំងនោះមានបន្ទប់មួយ ជាកន្លែងដែលគេលាងតង្វាយដុត។
39. ក្នុងបន្ទប់ល្វែងនៃខ្លោងទ្វារ មានតុពីរនៅម្ខាង និងតុពីរនៅម្ខាងទៀត។ គេអារ-កសត្វនៅលើតុទាំងនោះ សម្រាប់ថ្វាយជាតង្វាយដុតយញ្ញបូជាសុំឲ្យរួចពីបាប និងយញ្ញបូជាសុំលើកលែងទោស។
40. ត្រង់កន្លែងមួយ ដែលស្ថិតនៅខាងក្រៅនៃច្រកចូលតាមខ្លោងទ្វារខាងជើង មានតុពីរ ហើយនៅម្ខាងទៀត គឺនៅក្បែរបន្ទប់ល្វែង ក៏មានតុពីរដែរ។
41. នៅត្រង់បន្ទប់ល្វែង មានតុប្រាំបី គឺម្ខាងបួនៗ ដែលគេអារ-កសត្វពីលើ។
42. មានតុបួនទៀតដែលធ្វើពីផ្ទាំងថ្ម សម្រាប់ធ្វើពិធីយញ្ញបូជា។ តុនីមួយៗមានបណ្ដោយមួយហត្ថកន្លះ ទទឹងមួយហត្ថកន្លះ និងកំពស់មួយហត្ថ។ គេដាក់ឧបករណ៍សម្រាប់អារ-កសត្វថ្វាយតង្វាយដុត និងថ្វាយយញ្ញបូជាផ្សេងៗទៀតនៅលើតុនោះ។