3. ព្រះអង្គនាំខ្ញុំទៅទីនោះ ឃើញមនុស្សម្នាក់មានភាពដូចលង្ហិន ឈរនៅក្បែរខ្លោងទ្វារទាំងកាន់ខ្សែវេញពីធ្មៃ និងឈើរង្វាស់មួយ។
4. បុរសនោះពោលមកខ្ញុំថា៖ «កូនមនុស្សអើយ ចូរខំប្រឹងមើល ចូរប្រុងត្រចៀកស្ដាប់ ចូរយកចិត្តទុកដាក់ចំពោះហេតុការណ៍ដែលខ្ញុំបង្ហាញឲ្យអ្នកឃើញ ដ្បិតព្រះអម្ចាស់នាំអ្នកមកទីនេះ ដើម្បីឲ្យអ្នកឃើញ។ បន្ទាប់មក ចូរយកហេតុការណ៍ទាំងអស់ដែលអ្នកឃើញ ទៅពន្យល់ប្រាប់កូនចៅអ៊ីស្រាអែល»។
5. ខ្ញុំមើលទៅឃើញមានកំពែងព័ទ្ធជុំវិញព្រះដំណាក់។ បុរសនោះកាន់ឈើរង្វាស់ ដែលមានបណ្ដោយប្រាំមួយហត្ថ (ក្នុងមួយហត្ថៗមានប្រវែងលើសពីខ្នាតធម្មតាមួយទះ) ទៅវាស់កំពែងនោះឃើញមានបណ្ដោយមួយឈើរង្វាស់ និងទទឹងមួយឈើរង្វាស់។
6. បន្ទាប់មក បុរសនោះទៅខ្លោងទ្វារដែលបែរមុខទៅទិសខាងកើត ហើយឡើងតាមជណ្ដើរ។ លោកវាស់ក្របខ្លោងទ្វារ ឃើញមានកំរាស់មួយឈើរង្វាស់។
7. បន្ទប់តូចៗមានបណ្ដោយមួយឈើរង្វាស់ ទទឹងមួយឈើរង្វាស់។ ពីបន្ទប់មួយទៅបន្ទប់មួយ មានចន្លោះប្រាំហត្ថ។ ក្របទ្វារដែលនៅក្បែរច្រកខ្លោងទ្វារខាងក្នុង ក៏មានកំរាស់មួយឈើរង្វាស់ដែរ។
8. លោកវាស់បន្ទប់ល្វែង ដែលនៅជាប់នឹងខ្លោងទ្វារខាងក្នុងឃើញមានទទឹងមួយឈើរង្វាស់។
9. រីឯបណ្ដោយបន្ទប់ល្វែងនោះ លោកវាស់ទៅឃើញមានប្រវែងប្រាំបីហត្ថ ហើយសសរនីមួយៗមានកំរាស់ពីរហត្ថ។ បន្ទប់ល្វែងនៃខ្លោងទ្វារនោះស្ថិតនៅខាងក្នុង។
10. ចំនួនបន្ទប់តូចៗនៅខ្លោងទ្វារខាងកើតមានម្ខាងបី និងមានទំហំដូចៗគ្នា រីឯសសរដែលនៅសងខាងក៏មានទំហំដូចគ្នាដែរ។
11. លោកវាស់ទទឹងខ្លោងទ្វារ ឃើញមានប្រវែងដប់ហត្ថ ហើយបណ្ដោយមានដប់បីហត្ថ។
12. នៅពីមុខបន្ទប់តូចៗមានប្រឡោះមួយ ដែលជ្រុងនីមួយៗមានប្រវែងមួយហត្ថ។ រីឯជ្រុងនីមួយៗរបស់បន្ទប់តូចៗមានប្រវែងប្រាំមួយហត្ថ។
13. លោកវាស់ចុងជញ្ជាំងម្ខាងនៃបន្ទប់ រហូតដល់ចុងជញ្ជាំងម្ខាងនៃបន្ទប់មួយទៀតដែលនៅទល់មុខគ្នា ឃើញមានប្រវែងម្ភៃប្រាំហត្ថ។
14. លោកវាស់បន្ទប់ឃើញមានបណ្ដោយម្ភៃហត្ថ។ មានទីលាននៅជុំវិញបន្ទប់នោះ។
15. ពីខ្លោងទ្វារចូលរហូតដល់បន្ទប់ល្វែងនៅជាប់នឹងខ្លោងទ្វារខាងក្នុង មានប្រវែងហាសិបហត្ថ។
16. នៅតាមបន្ទប់តូចៗមានបង្អួចព័ទ្ធជុំវិញ បង្អួចនោះធ្វើពីចម្រឹងដែក ហើយក៏មានសសរព័ទ្ធជុំវិញដែរ។ នៅតាមបន្ទប់ល្វែងខាងក្នុង ក៏មានបង្អួចធ្វើពីចម្រឹងដែកព័ទ្ធជុំវិញដែរ។ នៅលើជញ្ជាំងមានឆ្លាក់ក្បាច់ដើមចាកជាលំអផង។
17. លោកបាននាំខ្ញុំទៅទីលានខាងក្រៅ ដែលមានក្រាលថ្មនៅជុំវិញទីលាននោះ មានបន្ទប់សាមសិប។
18. កំរាលថ្មស្ថិតនៅជាប់ខ្លោងទ្វារ ហើយមានបណ្ដោយស្មើនឹងបណ្ដោយរបស់ខ្លោងទ្វារ។ កំរាលថ្មនោះជាកំរាលថ្មខាងក្រោម។
19. លោកវាស់ពីមុខខ្លោងទ្វារខាងក្រោមរហូតដល់ទីលានខាងក្នុង គឺពីទិសខាងកើត រហូតដល់ទិសខាងជើង មានប្រវែងមួយរយហត្ថ។