26. ជណ្ដើរដែលឡើងទៅខ្លោងទ្វារមានប្រាំពីរកាំ ហើយបន្ទប់ល្វែងស្ថិតនៅពីមុខកាំជណ្ដើរនោះ។ នៅសងខាងមានឆ្លាក់ក្បាច់ដើមចាកលើសសរ។
27. ទីលានខាងក្នុងមានទ្វារមួយនៅខាងត្បូង។ លោកវាស់ពីខ្លោងទ្វារមួយទៅខ្លោងទ្វារមួយទៀត នៅខាងត្បូងមានប្រវែងមួយរយហត្ថ។
28. បន្ទាប់មក លោកនាំខ្ញុំចូលទៅទីលានខាងក្នុង តាមទ្វារខាងត្បូង។ លោកវាស់ទ្វារខាងត្បូងមានទំហំដូចទ្វារឯទៀតៗ។
29. បន្ទប់តូចៗ ជញ្ជាំង និងបន្ទប់ល្វែង ក៏មានទំហំដូចគ្នាដែរ។ ខ្លោងទ្វារ និងបន្ទប់ល្វែងនេះមានបង្អួចជុំវិញ ហើយមានបណ្ដោយហាសិបហត្ថ ទទឹងម្ភៃប្រាំហត្ថ។
30. ជុំវិញបន្ទប់ល្វែង មានបណ្ដោយម្ភៃប្រាំហត្ថ និងទទឹងប្រាំហត្ថ។
31. បន្ទប់ល្វែងទាំងនោះនៅជាប់នឹងទីលានខាងក្រៅ។ លើជញ្ជាំងមានឆ្លាក់ក្បាច់ដើមចាក ហើយជណ្ដើរដែលឡើងទៅខ្លោងទ្វារមានប្រាំបីកាំ។
32. លោកបាននាំខ្ញុំចូលទៅទីលានខាងក្នុង តាមខ្លោងទ្វារខាងកើត។ លោកវាស់ខ្លោងទ្វារមានទំហំដូចគ្នា។
33. បន្ទប់តូចៗ ជញ្ជាំង និងបន្ទប់ល្វែង ក៏មានទំហំដូចគ្នាដែរ។ ខ្លោងទ្វារ និងបន្ទប់ល្វែងនេះ មានបង្អួចជុំវិញ ហើយមានបណ្ដោយហាសិបហត្ថ ទទឹងម្ភៃប្រាំហត្ថ។
34. បន្ទប់ល្វែងទាំងនោះនៅជាប់នឹងទីលានខាងក្រៅ។ នៅសងខាង មានឆ្លាក់ក្បាច់ដើមចាកលើជញ្ជាំង ហើយជណ្ដើរដែលឡើងទៅខ្លោងទ្វារ មានប្រាំបីកាំ។
35. លោកនាំខ្ញុំទៅខ្លោងទ្វារខាងជើង ហើយវាស់ខ្លោងទ្វារឃើញមានទំហំដូចគ្នា
36. រីឯបន្ទប់តូចៗ ជញ្ជាំង និងបន្ទប់ល្វែង ក៏មានទំហំដូចគ្នា។ មានបង្អួចជុំវិញ ហើយមានបណ្ដោយហាសិបហត្ថ ទទឹងម្ភៃប្រាំហត្ថ។
37. ជញ្ជាំងនៅជាប់នឹងទីលានខាងក្រៅ។ នៅសងខាង មានឆ្លាក់ក្បាច់ដើមចាកលើជញ្ជាំង ហើយជណ្ដើរដែលឡើងទៅខ្លោងទ្វារ មានប្រាំបីកាំ។
38. នៅក្បែរជញ្ជាំងទាំងនោះមានបន្ទប់មួយ ជាកន្លែងដែលគេលាងតង្វាយដុត។
39. ក្នុងបន្ទប់ល្វែងនៃខ្លោងទ្វារ មានតុពីរនៅម្ខាង និងតុពីរនៅម្ខាងទៀត។ គេអារ-កសត្វនៅលើតុទាំងនោះ សម្រាប់ថ្វាយជាតង្វាយដុតយញ្ញបូជាសុំឲ្យរួចពីបាប និងយញ្ញបូជាសុំលើកលែងទោស។
40. ត្រង់កន្លែងមួយ ដែលស្ថិតនៅខាងក្រៅនៃច្រកចូលតាមខ្លោងទ្វារខាងជើង មានតុពីរ ហើយនៅម្ខាងទៀត គឺនៅក្បែរបន្ទប់ល្វែង ក៏មានតុពីរដែរ។