14. លោកវាស់បន្ទប់ឃើញមានបណ្ដោយម្ភៃហត្ថ។ មានទីលាននៅជុំវិញបន្ទប់នោះ។
15. ពីខ្លោងទ្វារចូលរហូតដល់បន្ទប់ល្វែងនៅជាប់នឹងខ្លោងទ្វារខាងក្នុង មានប្រវែងហាសិបហត្ថ។
16. នៅតាមបន្ទប់តូចៗមានបង្អួចព័ទ្ធជុំវិញ បង្អួចនោះធ្វើពីចម្រឹងដែក ហើយក៏មានសសរព័ទ្ធជុំវិញដែរ។ នៅតាមបន្ទប់ល្វែងខាងក្នុង ក៏មានបង្អួចធ្វើពីចម្រឹងដែកព័ទ្ធជុំវិញដែរ។ នៅលើជញ្ជាំងមានឆ្លាក់ក្បាច់ដើមចាកជាលំអផង។
17. លោកបាននាំខ្ញុំទៅទីលានខាងក្រៅ ដែលមានក្រាលថ្មនៅជុំវិញទីលាននោះ មានបន្ទប់សាមសិប។
18. កំរាលថ្មស្ថិតនៅជាប់ខ្លោងទ្វារ ហើយមានបណ្ដោយស្មើនឹងបណ្ដោយរបស់ខ្លោងទ្វារ។ កំរាលថ្មនោះជាកំរាលថ្មខាងក្រោម។
19. លោកវាស់ពីមុខខ្លោងទ្វារខាងក្រោមរហូតដល់ទីលានខាងក្នុង គឺពីទិសខាងកើត រហូតដល់ទិសខាងជើង មានប្រវែងមួយរយហត្ថ។
20. លោកវាស់បណ្ដោយ និងទទឹងរបស់ខ្លោងទ្វារដែលបែរមុខទៅរកទីលានខាងក្រៅ គឺនៅខាងជើងទីលាន។
21. ខ្លោងទ្វារនោះមានបន្ទប់តូចៗម្ខាងបីៗ រីឯជញ្ជាំង និងបន្ទប់ល្វែង ក៏មានទំហំដូចខ្លោងទ្វារទីមួយដែរ គឺបណ្ដោយហាសិបហត្ថ និងទទឹងម្ភៃប្រាំហត្ថ។
22. រីឯបង្អួច បន្ទប់ល្វែង និងក្បាច់ដើមចាក មានទំហំដូចខ្លោងទ្វារដែលបែរមុខទៅទិសខាងកើតដែរ។ ជណ្ដើរដែលឡើងទៅខ្លោងទ្វារមានប្រាំពីរកាំ ហើយបន្ទប់ល្វែងស្ថិតនៅពីមុខកាំជណ្ដើរនោះ។
23. នៅទីលានខាងក្នុងមានខ្លោងទ្វារមួយទៀត ដែលនៅទល់មុខខ្លោងទ្វារខាងជើង និងខ្លោងទ្វារខាងកើត។ លោកវាស់ពីខ្លោងទ្វារមួយទៅខ្លោងទ្វារមួយទៀត ឃើញមានប្រវែងមួយរយហត្ថ។
24. បន្ទាប់មក លោកនាំខ្ញុំទៅទិសខាងត្បូង ដែលមានខ្លោងទ្វារមួយបែរទៅខាងត្បូង លោកវាស់ជញ្ជាំង និងបន្ទប់ល្វែង ឃើញមានទំហំដូចគ្នា។
25. នៅជុំវិញខ្លោងទ្វារនេះ ព្រមទាំងបន្ទប់ល្វែង មានបង្អួច ដូចបង្អួចឯទៀតៗ។ ខ្លោងទ្វារ និងបន្ទប់ល្វែងនេះមានបណ្ដោយហាសិបហត្ថ និងទទឹងម្ភៃប្រាំហត្ថ។
26. ជណ្ដើរដែលឡើងទៅខ្លោងទ្វារមានប្រាំពីរកាំ ហើយបន្ទប់ល្វែងស្ថិតនៅពីមុខកាំជណ្ដើរនោះ។ នៅសងខាងមានឆ្លាក់ក្បាច់ដើមចាកលើសសរ។
27. ទីលានខាងក្នុងមានទ្វារមួយនៅខាងត្បូង។ លោកវាស់ពីខ្លោងទ្វារមួយទៅខ្លោងទ្វារមួយទៀត នៅខាងត្បូងមានប្រវែងមួយរយហត្ថ។
28. បន្ទាប់មក លោកនាំខ្ញុំចូលទៅទីលានខាងក្នុង តាមទ្វារខាងត្បូង។ លោកវាស់ទ្វារខាងត្បូងមានទំហំដូចទ្វារឯទៀតៗ។
29. បន្ទប់តូចៗ ជញ្ជាំង និងបន្ទប់ល្វែង ក៏មានទំហំដូចគ្នាដែរ។ ខ្លោងទ្វារ និងបន្ទប់ល្វែងនេះមានបង្អួចជុំវិញ ហើយមានបណ្ដោយហាសិបហត្ថ ទទឹងម្ភៃប្រាំហត្ថ។
30. ជុំវិញបន្ទប់ល្វែង មានបណ្ដោយម្ភៃប្រាំហត្ថ និងទទឹងប្រាំហត្ថ។